ខ្មែរប៉ុស្ដិ៍ Close

ឯករាជ្យរបស់កម្ពុជាមិនត្រូវបានបាត់បង់ឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 29
ឯករាជ្យរបស់កម្ពុជាមិនត្រូវបានបាត់បង់ឡើយ ឯករាជ្យរបស់កម្ពុជាមិនត្រូវបានបាត់បង់ឡើយ

នៅថ្ងៃទី២៣ ខែកក្កដាកន្លងទៅថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមក្រៅច្បាប់ ហើយដែលកំពុងតាំងខ្លួនឯងជាប្រធាន​ស្ដីទី​គណបក្ស​ខ្មោច បាន​ចេញ​សារ​អំពាវនាវ​ឱ្យ​មានការ​ដណ្តើម​យក​ឯករាជ្យ​របស់​កម្ពុជាពី​ប្រទេស​ចិន មក​ឱ្យខ្មែរ​គ្រប់គ្រង​វិញ ហើយទណ្ឌិតរូបនេះបានលើកឡើងថា កម្ពុជា​មិន​ត្រូវ​ចូល​ដៃ​បម្រើ​នយោបាយ​ឈ្លានពាន​របស់​ចិន​នោះ​ទេ។ សាររបស់ទណ្ឌិតរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌​មាន The Wall Street Journal របស់សហរដ្ឋអាមេរិក បានផ្សាយនូវព័ត៌មានក្លែងក្លាយមួយ ដែលមានចេតនាទុច្ចរិត និងអាក្រក់បំផុត ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយបានធ្វើការចោទប្រកាន់ថា ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ តើឯករាជ្យរបស់កម្ពុជា ពិតជាត្រូវបានបាត់បង់ទៅប្រទេសចិន ហើយត្រូវទាមទារពីប្រទេសចិនវិញ តាមរយៈការចោទប្រកាន់របស់សាព័ត៌មាន The Wall Street Journal ថា មានកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយចិន?

កម្ពុជា គឺ ជារដ្ឋឯករាជ្យ អធិបតេយ្យ មិនចំណុះ ឬ រណបបរទេសណាមួយឡើយ។ ភាពឆ្គួតលីលារបស់ទណ្ឌិតរូបនេះ បានដាក់ខ្លួនធ្វើជាល្ងើពកថ្ងាស់ ចេញសារប្រកូកប្រកាសបោកប្រាស់ដ៏ល្ងងខ្លៅបំផុតអំពីការបាត់បង់ឯករាជ្យកម្ពុជាទៅប្រទេសចិន ដែលខ្លួនបានបន្ទរតាមរយៈព័ត៌មានក្លែងក្លាយ បំពុល មួលបង្កាច់ និងបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ដែលត្រូវបានផ្សាយដោយសារព័ត៌មានធំទី៣របស់អាមេរិកឈ្មោះថា The Wall Street Journal នេះ។ វាជារឿងគួរឱ្យសោកស្តាយបំផុតដែរ ហើយរិតតែអាក្រក់បំផុតផងដែរនោះ គឺទណ្ឌិតរូបនេះ បានប្រើប្រាស់ព័ត៌មានក្លែងក្លាយ ធ្វើជាសារនយោបាយបំពុល បំផុសកំហឹងមហាជនទាមទារដណ្តើមយកមកវិញ នូវឯករាជ្យរបស់កម្ពុជាពីប្រទេសចិនឱ្យខ្មែរគ្រប់គ្រងវិញ ដែលមហាជនទូទៅភាគច្រើនបានមើលឃើញថា ទណ្ឌិតរូបនេះ ពិតជាកំពុងកេងចំណេញខាងនយោបាយរបស់ខ្លួនលើព័ត៌មានក្លែងក្លាយមួយនេះ ហើយក៏កំពុងបំរើផលប្រយោជន៍នយោបាយឱ្យមហាអំណាចមួយយ៉ាងល្ងង់ខ្លៅបំផុតផងដែរ។

រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ គឺជាច្បាប់កំពូល បានកំណត់នូវគោលការណ៍ជាមូលដ្ឋានគ្រឹះ ក្នុងបន្ទាត់នយោបាយការបរទេសកម្ពុជា គឺ អព្យាក្រិត្យអចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ចមាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយ និង គ្មានកិច្ចព្រមព្រៀងយោធា ឬ សម្ព័ន្ធមិត្តយោធានៅលើទឹកដីរបស់ខ្លួនឡើយ។ បរិបទនៃនយោបាយការបទេសប្រកបដោយប្រុងប្រយ័ត្នរបស់កម្ពុជាបច្ចុប្បន្នត្រូវដើរតួនាទីសំខាន់បំផុត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ថែរក្សាសុខសន្តិភាព សន្តិសុខទាំងនៅក្នុងប្រទេស និងក្នុងតំបន់ ពិសេស លើកកម្ពស់តួនាទីរបស់កម្ពុជាជាសំខាន់ ក្នុងសហគមន៍អន្តរជាតិ ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិ និងមុខមាត់កម្ពុជា ក្នុងភាពស្មើសិទ្ធិ សមភាព លើឆាកអន្តរជាតិ និងក៏ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ជាការពិត សម្រាប់កម្ពុជាមិនចាំបាច់ចូលក្នុងបក្សសម្ព័ន្ធយោធាជាមួយចិន ឬ ជាមួយបរទេសណាមួយឡើយ ក៏ប៉ុន្តែកម្ពុជាត្រូវតែការពារនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាចាំបាច់ ដោយ​ឈរលើមូលដ្ឋានអធិបតេយ្យភាពជាតិរបស់ខ្លួនដ៏រឹងមាំ និងក្នុងស្មារតីឯករាជ្យម្ចាស់ការ ហើយក៏ចាំបាច់ត្រូវប្រែក្លាយបរិយាកាសអន្តរជាតិ និងតំបន់ឱ្យក្លាយទៅជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យបានលូតលាស់រឹងមាំ គឺ ជាអាទិភាពនៃនយោបាយការបរទេសកម្ពុជាទាំងស្រុង។ ក្នុងបរិបទបច្ចុប្បន្ននៃនយោបាយការបរទេសកម្ពុជា គឺ កម្ពុជា ពិតជាមិត្តភក្តិរបស់ចិន ក៏ប៉ុន្តែ ក​ម្ពុជាក៏ចង់ក្លាយជាមិត្តភក្តិជិតស្និទ្ធរបស់អាមេរិកផងដែរ។ ប្រទេសកម្ពុជា ជាការពិតក៏ជាប្រជាជាតិមួយមានវប្បធម៌ និងអរិយធម៌ចំណាស់រាប់ពាន់ឆ្នាំហើយ មិនដែលយកប្រទេសណាមួយជាសត្រូវឡើយ។ ដូច្នេះ នយោបាយការបរទេសកម្ពុជា គឺ ឯករាជ្យ មិនលម្អៀងទៅមហាអំណាចចិន ឬ សហរដ្ឋអាមេរិកឡើយ ហើយដែលក្នុងន័យនេះ កម្ពុជាមិនបានបាត់បង់ឯករាជ្យរបស់ខ្លួន ដោយសារតែកម្ពុជាធ្វើជាមិត្តដ៏ល្អជាមួយចិននោះទេ។

ការផ្សាយព័ត៌មានក្លែងក្លាយរបស់សារព័ត៌មាន The Wall Street Journal ហើយដែលត្រូវបានមេឧទ្ទាមក្រៅច្បាប់ ប្រើប្រាស់ជាឧបករណ៍នយោបាញុះញង់ ដុតកំហឹងប្រជាជនឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល នាពេលនេះ គឺពិតជាចេតនាទុច្ចរិតទាំងស្រុងរបស់មហាអំណាចមួយ ដើម្បីជួយដល់ក្រុមប្រឆាំងស្របតាមផែនការបដិវត្តន៍ពណ៌មួយ ដែលបានប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ជារួម រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអនុវត្តនូវបន្ទាត់នយោបាយការបរទេសមួយយ៉ាងត្រឹមត្រូវ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ហើយគោលនយោបាយការបរទេសកម្ពុជាបច្ចុប្បន្នត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណឈរលើឧត្តមប្រយោជន៍ជាតិ និងសមត្ថភាពរបស់កម្ពុជា ក្នុងការការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិយ៉ាងពេញលេញ ហើយក៏ជាអាទិភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនរុងរឿងផងដែរ។ ដូច្នេះ ឯករាជ្យកម្ពុជាមិនត្រូវបានបាត់បង់ឡើយ ហើយកម្ពុជាបានបន្តរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបរទេសទាំងអស់ក្នុងសកលលោក ដោយកម្ពុជាចាត់ទុកបណ្តាមិត្តទាំងអស់ក្នុងសកលលោកជាខែលការពារសន្តិសុខ ឯករាជ្យ និង អធិបតេយ្យរបស់កម្ពុជា ខណៈពេលដែលសភាពការណ៍អន្តរជាតិ និងក្នុងតំបន់កំពុងប្រែក្លាយជាកន្លែងប្រកួតប្រជែងនៃឥទ្ធិពលពួកមហាអំណាច៕

ដោយ ឡុង បូរិតា

អត្ថបទទាក់ទង