ខ្មែរប៉ុស្ដិ៍ Close

​ទស្សនៈ​មិត្ត​អ្នក​អាន​៖ ទោះមាន EBA ក៏កម្ពុជាមិនក្លាយជាអ្នកមាន ហើយ​គ្មាន​ EBA ​​ក៏​​​​កម្ពុជា​មិន​ស្លាប់​ដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 31
​ទស្សនៈ​មិត្ត​អ្នក​អាន​៖ ទោះមាន EBA ក៏កម្ពុជាមិនក្លាយជាអ្នកមាន ហើយ​គ្មាន​ EBA ​​ក៏​​​​កម្ពុជា​មិន​ស្លាប់​ដែរ ​ទស្សនៈ​មិត្ត​អ្នក​អាន​៖ ទោះមាន EBA ក៏កម្ពុជាមិនក្លាយជាអ្នកមាន ហើយ​គ្មាន​ EBA ​​ក៏​​​​កម្ពុជា​មិន​ស្លាប់​ដែរ

ជារៀង​រាល់​លើក​​នៅពេល​ដែល​មាន​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ដែល​បង្ក​នូវ​ភាព​ចលាចល​ ញុះញង់​ឱ្យ​មាន​​ភាព​​អសន្តិសុខ​សង្គម​ ​ក្រុម​មនុស្ស​ដែល​មាន​មុខ​ដដែលៗ​​តាំង​ខ្លួន​ឯង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​​​នោះ​ តែង​​តែ​​​​ខំបំប៉ោង​បញ្ហា ​​និង​បំភ្លៃ​ពី​រឿង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​​ទៅ​​​ជារឿង​ពាក់​ព័ន្ធ​និង​ការ​រិត​ត្បិត​លើ​សិទ្ធិ​មនុស្ស ​ឬប្រជាធិបតេយ្យ​ ហើយ​ខិត​ខំ​បំភ្លៃ​ដល់​បញ្ហា​​​​សេដ្ឋ​កិច្ច និង​​ពាណិជ្ជ​​កម្ម​​​ទៅ​​វិញ​​​។​ បន្ថែម​លើ​នេះ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វិទ្យុ​ប្រតិកិរិយា​របស់​បរទេស​ឈ្មោះ​អាស៊ីសេរី​ ​​​ក៏​បាន​​និង​កំពុង​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌​មានដែល​មាន​ចរិត​ញុះញង់​ មួល​បង្កាច់​​គ្មាន​លក្ខណៈ​ជា​វិទ្យុ​ឯក​រាជ្យនិងប្រកបដោយវិជ្ជាជីវៈ​ទាល់​តែសោះ​។​ អ្វី​ដែល​ក្រុម​នេះ​តែង​សហការ​គ្នាធ្វើ​នោះ​ គឺ​ការបំភ្លៃ​នូវ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​​ថាជា​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​ទៅលើ​សកម្មជន​សង្គម និង​មន្ត្រី​អតីតបក្ស​ប្រឆាំង​តាម​​មូលដ្ឋានដោយ​យក​លេស​នៃ​ពាក្យ​ពីរ​ម៉ាត់​គឺ​ «សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​» ​ដែល​ជា​​ការ​​គំរាម​កំហែង​​ធ្ងន់ធ្ងរ​​ទៅ​លើ​​ការ​​រក្សា​​ប្រព័ន្ធ​​អនុ​គ្រោះ​​ពន្ធ​ EBA ទៅវិញ​​។​

ជា​ការ​​ពិត​​  យន្តការ​​នៃ​ការ​​អនុវត្ត​​ច្បាប់​ គឺ​ជា​​អ្វី​​ដែល​​រដ្ឋ​​ត្រូ​វ​តែ​​ធ្វើ​​ដើម្បី​​ធានា​ឱ្យ​​បាន​​នូវ​​សន្តិសុខ​​សណ្ដាប់​​ធ្នាប់​​សង្គម​​។ មតិ​ភាគ​ច្រើន​នៅ​តែ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ រាជ​​រដ្ឋា​ភិ​បាល​បាន​​ប្រកាន់​​ខ្ជាប់​​ជា​និច្ច​​​នូវ​​គោលការណ៍​​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ តាម​រយៈ​​ការ​អនុវត្ត​​ច្បាប់​​ទប់​ស្កាត់​​ភាព​​ចលា​ចល​​ក្នុង​​សង្គម​។ ម្យ៉ាងទៀត លក្ខខណ្ឌ​នៃ​ការ​ផ្តល់​​ EBA​ ក៏​​​មិន​​បាន​ដាក់​​លក្ខខណ្ឌ​​ឱ្យ​​រាជ​រដ្ឋា​​ភិ​​បាល​​​​ត្រូវ​​​​តែ​​​​​បោះបង់​​ចោល​​​នូវ​​​​យន្ត​ការ​​​អនុវត្ត​​​ច្បាប់​​​របស់​​​រដ្ឋ​​​អធិបតេយ្យ​ ដើម្បី​​ធានា​​នូវ​​គោលការណ៍​​នីតិរដ្ឋ​ និង​​ប្រជាធិបតេយ្យ​​នោះ​​ដែរ​។​ ដូច្នេះ​ ការ​ធ្វើ​សកម្មភាព​ដែល​ផ្ទុយ​ពី​ច្បាប់​ ដូច​ជា​ការធ្វើ​សកម្ម​ភាព​​​ដោយ​​​ប្រើ​​ប្រាស់​​​ឈ្មោះ​​ជា​អតី​ត​​សកម្មជន​មូល​ដ្ឋាន​​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ការ​ធ្វើ​សកម្មភាព​ឱ្យ​មាន​​ការ​​ប្រមូល​ផ្តុំ​​មនុស្ស​ក្នុង​លេស​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​ កែម ឡី​ ​ដើម្បី​​ជួប​ជុំ​ប្រមូល​ផ្តុំ​​​ផ្សព្វ​ផ្សាយ​​នូវ​​សារ​ញុះញង់​​ ឬ​សារ​​នយោបាយ​​​ក្នុង​ពេល​​ជួប​ជុំ​គ្នា​​ហូប​​នំ​​បញ្ចុក​ និង​​ថ្លែង​​សារ​​គាំទ្រ​គម្រោង​​វិល​​ត្រឡប់​​មក​​កម្ពុជា​​​វិញ​​របស់​​​អ្នកមានទោសដែលរត់ពីគុក ជាដើម​​នោះ​ គឺ​ពិត​ជា​ចូល​ទៅ​ក្នុង​បទ​ល្មើស​ ​ញុះញង់​ឱ្យ​មាន​​ការ​​​ប្រព្រឹត្តិ​​​បទ​​ឧក្រិដ្ឋ​​​ជាអាទិ៍​​​ ដែល​​ប្រឈម​​នឹង​​ការ​​ជាប់​​ពន្ធនាគារ​​​ យ៉ាង​ប្រាកដ​​។

ជាការពិត​ ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​EBA​​ គឺ​​ពិត​ជា​មាន​ភ្ជាប់​លក្ខខណ្ឌ​​មួយ​ចំនួន​ ដែល​ប្រទេស​នីមួយៗ​​ត្រូ​​វ​បំពេញ​​​ក៏​ពិត​មែន​​ ដូចជា​​​ការ​​គោរព​​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ និង​​ការ​​គោរព​​សិទ្ធិ​​ការ​ងារដូចដែលចែងនៅ​ក្នុង​គោល​ការណ៍​ជា​មូលដ្ឋាន​នៃ​អនុសញ្ញា​​ស្ដីពី​​សិទ្ធិ​​មនុស្ស និង​សិទ្ធិ​ការងារ​របស់​អង្គការ​សហប្រជាជាតិ និង​​អង្គ​ការ​​ពលកម្ម​​អន្តរជាតិ ក៏​ដោយ​​។ ក៏ប៉ុន្តែ​ ការ​អនុវត្ត​ជាក់​ស្តែង​របស់​បណ្តា​ប្រទេស​ដែល​ជាអ្នក​មាន និង​ជាអ្នក​​​ដាក់​​លក្ខ​ខណ្ឌ​​​ឱ្យ​ប្រទេស​ក្រីក្រ​​​ទាំង​នោះ​​គឺ​​ហាក់​​ដូច​​ជា​​មិន​​បាន​​ផ្អែក​​លើ​​គោល​ការណ៍​​ច្បាប់​​ដែល​​​​បាន​​ចែង​​នោះ​​ឡើយ​។ ពេល​ខ្លះ​ពួក​គេ​បាន​ធ្វើ​ហាក់​ដូច​ជា​មិន​យល់​អំពី​ច្បាប់​ និង​គោល​ការ​ណ៍​ចែង​ដោយ​ខ្លួន​ឯង​ នៅពេល​ដែល​ពួក​គេ​បាន​ចោទ​ប្រកាន់​មកលើ​កម្ពុជា​ថា​មិន​បាន​បំពេញ​លក្ខខណ្ឌ​នៃ​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​។ ឧទាហរណ៍​ជាក់​ស្តែង ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ រវាង​សហភាព​អឺរ៉ុប​ជាមួយវៀត​ណាម​ កាល​ពី​ថ្ងៃ​ទី៣០ ខែមិថុនា​ ឆ្នាំ​២០១៩ ថ្មីៗនេះ​ គឺ​ជារឿង​ដែល​ប្រជាជន​កម្ពុជាសែន​ហួស​ចិត្ត​។

ទាំង​សហគមន៍​អឺរ៉ុប ទាំង​សហរដ្ឋ​អាមេរិក​ សុទ្ធតែ​ដឹង​​​ថា​​​​​វៀតណាម​គឺ​ជា​​​​​ប្រទេស​ប្រកាន់​នូវ​លទ្ធិ​កុំ​ម្មុយនីស្ត​ ហើយ​ពួកគេ​តែង​រិៈគន់​​ជារឿយៗ​ថា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​គ្មាន​ប្រជា​ធិ​បតេ​យ្យ​​នោះ​​​ទេ​ ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​គេបែរ​ជាព្រម​ចុះកិច្ច​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយទៅវិញ​?​ ចម្លើយ​​​​​មិន​​​ពិបាក​យល់​នោះទេ​ ​គឺ​មាន​តែពាក្យ​ពីរ​ម៉ាត់​ប៉ុណ្ណោះ ដើម្បី «​ភូមិសាស្ត្រ​នយោបាយ​ និង​ផល​ប្រយោជន៍»។ ដូច្នេះ​ តើ​ឯណាទៅ​ពាក្យ​ថា​ ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ដែល​សហភាព​អឺរ៉ុប​អួត​ និង​គំរាម​ថា​ជាលក្ខខណ្ឌ​ចាំបាច់​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ដៃ​គូ​នោះ​?​​​ ​

ឧទាហរណ៍​ជាក់​ស្តែង​មួយទៀត​ដែល​អន្តរជាតិ​បាន​ដឹង​និង​មើល​ឃើញហើយ​មិន​ហ៊ាន​រិៈគន់​អំពី​បញ្ហា​​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​​នោះ​ គឺ​នៅ​ប្រទេស​ថៃ​ដែល​ដឹក​នាំ​ដោយ​របប​យោធាតាំង​ពី​​ការ​ធ្វើ​រដ្ឋ​ប្រហារ​ឆ្នាំ​២០១៤​ ទម្លាក់​នាយក​រដ្ឋ​មន្ត្រី​ស្រប​ច្បាប់​លោកស្រី​ យីង​ឡាក់​​ គឺ​គ្មាន​ការ​គំរាម​កំហែង និង​ដាក់​សំពាធ​​ពី​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ធ្វើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយប្រទេស​ថៃ​នោះ​ទេ​។

សរុប​មក​ សូម្បី​តែ​វិទ្យុ​អាស៊ីសេរី​ ដែល​ជាប្រព័ន្ធ​ឃោសនា​ញុះញង់​ និង​បំរើ​​ផល​ប្រយោជន៍​​ឱ្យ​ក្រុម​ប្រឆាំង​ក៏​ទទួល​ស្គាល់​ដែរ​ថា​ គឺ​មាន​តែ​ប្រទេស​ដែលមាន​ឱកាស​​អំណោយ​ផល​​​ទេ​ ដែលពួក​គេ​ចាត់​ទុក​ថា​ជាដៃ​គូ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ ដូច្នេះ​ ប្រការ​ដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ ​ប្រឹងលើក​ឡើង​ពី​ការ​​​​ចង់​ព្យួរ​ ឬ​កាត់​ផ្តាច់ GSP ឬ​ EBA ពីកម្ពុជា​នោះ​ គឺ​ជារឿង​ភូមិសាស្ត្រ​នយោបាយ​ និង​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​សុទ្ធសាធ​ ​ព្រោះ​ថា​ប្រទេស​ជិត​ខាង​កម្ពុជា​មិន​​បា​ន​​បង្ហាញ​​ពី​​សញ្ញា​​នៃ​​លទ្ធិ​​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ (វៀត​ណាម​)​ ឬការ​បោះ​ឆ្នោត​ជាលក្ខណៈ​តម្លាភាព​ដែល​សម្តែង​មតិជ្រើស​រើស​មេដឹកនាំ​ពី​ប្រជាពលរដ្ឋ​ដោយ​​ផ្ទាល់​ក៏ដោយ​ ក៏​ប្រទេស​អ្នក​មាន​ទាំង​នោះ​សុខ​ចិត្ត​បិទ​ភ្នែក​ធ្វើ​មិន​ដឹង​មិនឮ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ឬប្រជាធិបតេយ្យ​ជានិច្ច​។​

ទោះ​ជាយ៉ាងណា​​​បញ្ហា ​​EBA ​គឺ​ហាក់បី​​​ដូច​ជារឿង​ស្រមោល​តែ​ប៉ុណ្ណោះ​ ព្រោះ​ថា​ទោះបី​មាន​ ឬ​​គ្មាន​ EBA ​​ក៏​​ប្រជាជន​​កម្ពុជា​មិន​ស្លាប់​ដែរ​ ​ហើយ​មក​ដល់​ពេល​នេះ​ក៏​គ្មាន​ការ​ចាប់​អារម្មណ៍​​អ្វី​ខ្លាំង​​ពី​ប្រជា​ពលរដ្ឋ​នោះ​​ទេ​​​ ដរាប​​ណា​​មន្ត្រី​​រាជការ​ស៊ីវិល​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នៅ​​តែ​មាន​ប្រាក់​ខែ​បើក​យ៉ាង​ទៀង​​ទាត់​ ហើយ​កម្មករ​ កម្មការិនី​នៅ​តែ​មាន​ការ​ងារ​ធ្វើ​ និង​មាន​ការ​ឧបត្ថម្ភ​គាំ​ទ្រផ្នែក​សង្គមកិច្ច​​ពី​​រាជ​​រដ្ឋា​ភិបាល។ សំខាន់​បំផុត​នោះ​គឺ​កត្តា​សាមគ្គី​ភាព​ផ្ទៃ​​​ក្នុង​ជាកត្តា​កំណត់ និង​ភាព​ឈ្លាសវៃ​របស់​មេ​ដឹក​នាំ​​ដែល​មាន​ភាព​ប៉ិន​ប្រសព្វ​នៅក្នុង​ការ​គៀរគរ​ជំនួយ​ និង​វិនិយោគិន​ពី​ប្រទេស​នានា​ដោយ​មិន​ប្រកាន់​និន្នាការ​​​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​​ស្ថេរភាព​​និង​ការ​អភិវឌ្ឍប្រកប​ដោយ​សុខ​ដុម​រមនា​៕​​

ដោយ​៖ សួន ចំរើន​​​​​

អត្ថបទទាក់ទង