ខ្មែរប៉ុស្ដិ៍ Close

លោក លឹម គានហោ ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារត្រួតពិនិត្យប្រព័ន្ធទឹកសម្រាប់បង្កបង្កើនផល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 19
លោក លឹម គានហោ ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារត្រួតពិនិត្យប្រព័ន្ធទឹកសម្រាប់បង្កបង្កើនផល លោក លឹម គានហោ ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារត្រួតពិនិត្យប្រព័ន្ធទឹកសម្រាប់បង្កបង្កើនផល

នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានជួបប្រជុំសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង មន្រ្តីថ្នាក់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត។ ក្រៅពីនេះ ថ្នាក់ដឹកនាំ និងមន្រ្តីថ្នាក់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ។

នៅក្នុងមតិស្វាគមន៍ និងសំណេះសំណាល លោករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប បានជម្រាបជូនអំពីសភាពការណ៍វិវត្តន៍ជារួមក្នុងក្របខ័ណ្ឌសកល និងតំបន់ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាព និងភាពរីកចម្រើនប្រកបដោយចីរភាពរបស់កម្ពុជា។ ក្នុងក្របខ័ណ្ឌការងារស្ថាប័ន លោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផលចម្បងសំខាន់ៗ ក្នុងវិស័យធនធានទឹក និងឧតុនិយម ក៏ដូចជាការងារសម្រាប់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលសម្រេចបានរហូតមកដល់ពេលនេះ បានចូលរួមចំណែកទ្រទ្រង់ដល់កំណើននៃការរីកលូតលាស់សេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នាពេលកន្លងមក និងបច្ចុប្បន្ន ដែលធ្វើឲ្យកិច្ចការជាអាទិភាពសម្រេចបានជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។

ក្នុងឱកាសនេះផងដែរ លោករដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិជាអាទិភាពចំពោះមុខ និងដោយឡែកសម្រាប់វិស័យធនធានទឹក និងឧតុនិយម ដែលត្រូវបន្តរួមគ្នាខិតខំអនុវត្តឲ្យទទួលបានលទ្ធផលជាផ្លែផ្លា ដើម្បីវឌ្ឍនភាពឆ្ពោះទៅមុខ កាន់តែល្អប្រសើរថែមទៀត សម្រាប់ភាពរីកចម្រើន និងសម្បូររុងរឿងនៃកម្ពុជាយើងជាបន្តទៅទៀត ។ បន្ថែមពីលើនោះ លោករដ្ឋមន្រ្តី ក៏បានជម្រាបអំពីសា្ថនភាពអាកាសធាតុដែលកំពុងតែកើតមាននៅកម្ពុជា និងត្រូវតាមដាន និងក្តាប់ឲ្យបាននូវការវិវត្តន៍ ដើម្បីមានវិធានការជាក់ស្តែងបានទាន់ពេលវេលា។ លើបញ្ហានេះលោករដ្ឋមន្រ្តី បានស្នើឲ្យប្រធានមុខព្រួញទទួលបន្ទុកតាមខេត្តនីមួយៗ ក៏ដូចជាប្រធានមន្ទីរគ្រប់រាជធានី-ខេត្ត ត្រូវបង្កើនការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការងារត្រួតពិនិត្យទឹក ដោះស្រាយទឹកសម្រាប់បង្កបង្កើនផល អន្តរាគមន៍គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម៕

អត្ថបទទាក់ទង