ខ្មែរប៉ុស្ដិ៍ Close

បងប្អូនខ្មែរមកទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងសប្បាយរីករាយ និងអន្ទះសារចំពោះវត្តមានរបស់លោកដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33
បងប្អូនខ្មែរមកទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងសប្បាយរីករាយ និងអន្ទះសារចំពោះវត្តមានរបស់លោកដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស បងប្អូនខ្មែរមកទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងសប្បាយរីករាយ និងអន្ទះសារចំពោះវត្តមានរបស់លោកដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស

នៅវេលាម៉ោង ៦ល្ងាច ម៉ោងនៅស្វីស ត្រូវនឹងម៉ោង ១១យប់ម៉ោងនៅកម្ពុជា ថ្ងៃអង្គារទី២ ខែកក្កដា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អ៊ឺរ៉ុបជាច្រើនបានមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយទឹកមុខសប្បាយរីករាយក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះគឺក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នតាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» ដោយមានគោលបំណងពិនិត្យមើលពីរបៀបដែលជំនួយពាណិជ្ជកម្មអាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ អាស្រ័យដោយសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកកិច្ចប្រជុំដែលក្នុងឱកាសនោះ លោកនឹងគូសបញ្ជាក់ពីបទពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការជំនះឧបសគ្គនានានិងនាំមកនូវកំណើនសេដ្ឋកិច្ចគួរឱ្យកោតសរសើរដល់ប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មរបស់កម្ពុជា ឆ្នាំ២០១៩-២០២៣ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកម្មវិធីសង្គម ដែលរៀបចំដោយ WTO ផងដែរ។ ក្រៅពីកិច្ចប្រជុំខាងលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា ជាតិ ដែលនឹងផ្តល់សារដ៏សំខាន់និងច្បាស់លាស់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារជាមួយឥស្សរជនជនសំខាន់ៗ វិនិយោគិន ព្រមទាំងជួបជាមួយសហគមន៍ខ្មែរនៅស្វីស និងអ៊ឺរ៉ុបផ្សេងទៀតផងដែរ។

លើសពីនេះទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងអញ្ជើញក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរដែលកំពុងរស់នៅនិងបន្តការសិក្សាក្នុងសហគមន៍អឺរ៉ុបផងដែរ៕

អត្ថបទទាក់ទង