ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ហុងគ្រី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំបន្ថែមទៀត

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
កម្ពុជា ហុងគ្រី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំបន្ថែមទៀត កម្ពុជា ហុងគ្រី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំបន្ថែមទៀត

នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោកយ៉ាណូសអាឌែរ(Janos Ader) ប្រធានាធិបតីនៃប្រទេសហុងគ្រី។ក្នុងជំនួបនោះលោកប្រធានាធិបតីហុងគ្រីបានស្វាគមន៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយលោកបានចាត់ទុកដំណើរទស្សនកិច្ចនាពេលនេះគឺជាការពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសហុងគ្រីនិងប្រទេសកម្ពុជា។លោកប្រធានាធិបតីហុងគ្រីក៏បានមានប្រសាសន៍អរគុណដែលប្រទេសយើងទាំងពីរមានចុះនូវកិច្ចព្រមព្រៀងលើឯកសារសំខាន់ជាមួយគ្នានេះ។

ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តីហ៊ុនសែនក៏បានអរគុណដែលលោកបានជួបជាមួយប្រធានាធិបតីហុងគ្រីនាពេលនេះ។លោកបានមានប្រសាសន៍ថាប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងគ្នាក៏ប៉ុន្តែត្រូវបានកាត់ផ្ដាច់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

តាមរយៈដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីនេះដែលពេលនេះលោកបានឃើញពីការរីកចម្រើនរបស់ប្រទេសហុងគ្រី។លោកបានគូសបញ្ជាក់ថាប្រទេសហុងគ្រីធ្លាប់បានជួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩ក្នុងគ្រាដែលកម្ពុជាការលំបាកដែលពេលនោះលោកនៅជារដ្ឋមន្ត្រីការបរទេសវ័យក្មេងក្នុងការស្វែងរកជំនួយគាំទ្រពីប្រទេសហុងគ្រី។ឥឡូវនេះពេលនេះយើងនឹងបង្កើតស្ថានទូតនៃប្រទេសទាំងពីរដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរជាពិសេសតាមរយៈការចុះហត្ថលេខាចំនួន៣នេះ។យើងបានឯកភាពនិងសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាវិស័យវប្បធម៌ទេសចរណ៍វិស័យអប់រំហើយកន្លងមកប្រទេសហុងគ្រីក៏ធ្លាប់បានជួយបង្កើតមណ្ឌលក្មេងកំព្រានៅប្រទេសកម្ពុជាផងដែរ។

លោកប្រធានាធិបតីហុងគ្រីបានមានប្រសាសន៍ថាប្រទេសហុងគ្រីបានគាំទ្រប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅពេលខាងមុខនោះ។មិនតែប៉ុណ្ណោះលោកក៏បានគាំទ្រកម្ពុជាពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធក្នុងគោលបំណងធ្វើយ៉ាងណាឲ្យសហភាពអឺរ៉ុបផ្តល់ភាពយុត្តិធម៌ចំពោះកម្ពុជា។លោកប្រធានាធិបតីហុងគ្រីក៏បានអរគុណលោកនាយករដ្ឋមន្រ្តីហ៊ុនសែនក្នុងដំណើរទស្សនកិច្ចនេះហើយក៏បានថ្វាយព្រះពរនិងផ្តាំសួរសុខទុក្ខតាមរយៈលោកហ៊ុនសែនដល់ព្រះមហាក្សត្រកម្ពុជាផងដែរ។

ក្នុងជំនួបនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីក៏បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំបន្ថែមទៀតជាពិសេសថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានយល់ស្របទៅនឹងការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាការបម្រែបម្រួលអាកាសធាតុជាពិសេសការគ្រប់គ្រងនៃធនធានធម្មជាតិដែលជាបញ្ហានៃប្រទេសទាំងអស់ត្រូវតែយកចិត្តទុកដាក់ដើម្បីការរស់នៅរបស់ប្រជាជន៕

អត្ថបទទាក់ទង