ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 51
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន

នៅថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបញ្ជាក់ថា ការកសាងសារមន្ទីរធម្មជាតិនេះចាប់ផ្តើមនៅឆ្នាំ២០០៩ នៅលើផ្ទៃដីសរុប ១៧៧ ហិចតា ដោយប្រើប្រាស់ថវិកាដែលបានពីសប្បុរសជនទាំងអស់សរុបចំនួន ៧៥៣,៤២៧ ដុល្លារ ក្នុងគោលបំណងដើម្បីប្រមូលវត្ថុសិល្បៈទាំងអស់នៅក្នុងតំបន់នេះមកថែរក្សា ស្រាវជ្រាវចងក្រងអំពីប្រពៃណីវប្បធម៌ជនជាតិភាគតិចកួយនិងប្រមូលផ្តុំនូវប្រភេទសត្វ និងរុក្ខជាតិនៅក្នុងតំបន់មករក្សាទុកជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយសិក្សាស្រាវជ្រាវស្វែងយល់។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបន្តថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ក៏ជាឃ្លាំងនៃចំណេះដឹងទូទៅទាក់ទងនឹងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត តម្លៃបេតិកភណ្ឌ និងបរិស្ថានក្នុងគោលដៅបណ្តុះស្មារតីស្រឡាញ់ ការពារ អភិរក្ស និងផ្សព្វផ្សាយបន្តដល់ជំនាន់ក្រោយ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានគូសបញ្ជាក់ថា ទស្សនវិស័យរបស់ សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ នៅថ្ងៃអនាគតមានគោលដៅចម្បងចំនួនបីគឺ៖ ទី១- ជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ភាសា សិល្បៈ ជំនឿ សាសនា និងការរស់នៅប្រចាំថ្ងៃរបស់ជនជាតិកួយ និងជនជាតិភាគតិចផ្សេងៗទៀតសំដៅក្លាយជាសារមន្ទីរជាតិពន្ធុវិទ្យាតែមួយគត់សម្រាប់ប្រទេសកម្ពុជា ទី២- ជាមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វ និងរុក្ខជាតិ ព្រមទាំងប្រភេទថ្នាំបុរាណសម្រាប់បណ្តាប្រទេសតាមដងទន្លេមេគង្គ និង ទី៣-ជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវវប្បធម៌ និងទេសចរណ៍សម្រាប់ជំរុញខ្សែក្រវ៉ាត់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារពិសេសថ្នាក់ជាតិ អាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ប្រឹងប្រែង អត់ធ្មត់ជម្នះរាល់ការលំបាករហូតសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់នេះ។ លោកក៏បានថ្លែងអំណរគុណដល់ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ហៅកាត់ថា «អាយស៊ីស៊ី ព្រះវិហារ» ដែលមានប្រទេសចិន និងឥណ្ឌា ជាសហប្រធានរួមជាមួយប្រទេសប៊ែលហ្សិក បារាំង ជប៉ុន កូរ៉េ អាមេរិក និងថៃឡង់ដ៏ជាសមាជិកស្ថាបនិកដែលបានជួយអភិរក្សប្រាសាទព្រះវិហារ និងអភិវឌ្ឍនៅក្នុងតំបន់រមណីយដ្ឋានទាំងមូល។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានរំលឹកដល់វីរភាព សម្តេចវិបុលបញ្ញា សុខ អាន ដែលបានបូជាអស់កំលាំងកាយចិត្ត តស៊ូយ៉ាងស្វិតស្វាញក្នុងរាល់កិច្ចប្រជុំបេតិកភណ្ឌពិភពលោកដើម្បីសម្រេចបាននូវសមិទ្ធផលនេះជូនជាតិមាតុភូមិរបស់យើង៕

អត្ថបទទាក់ទង