ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ប្រកាសសង្គ្រាម បន្តអនុវត្តនូវវិធានការច្បាប់ចំពោះជនល្មើស គឺជារឿងត្រឹមត្រូវ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 41
ទស្សនៈមិត្តអ្នកអាន៖ ប្រកាសសង្គ្រាម បន្តអនុវត្តនូវវិធានការច្បាប់ចំពោះជនល្មើស  គឺជារឿងត្រឹមត្រូវ! ទស្សនៈមិត្តអ្នកអាន៖ ប្រកាសសង្គ្រាម បន្តអនុវត្តនូវវិធានការច្បាប់ចំពោះជនល្មើស គឺជារឿងត្រឹមត្រូវ!

ពីប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារប្រកាសជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តនូវវិធានការផ្លូវច្បាប់ចំពោះអតីតអ្នកនយោបាយដែលកំពុងជាប់បម្រាមក៏ដូចជាអ្នកដែលកំពុងជាប់ទោសទណ្ឌពីអំពើក្បត់ជាតិ ដោយគ្មានការលើកលែងណាមួយឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសទប់ទល់ជាមួយនឹងគំនិតដ៏ទុច្ចរិតរបស់ទណ្ឌិតរត់ចោលស្រុក ដែលមានផែនការ និងគម្រោងចូលមកចាប់ខ្លួននាយករដ្ឋមន្ត្រីកំពុងកាន់តំណែងស្របច្បាប់ផងដែរ។ តើការប្រកាសសង្គ្រាមប្រឆាំងទប់ទល់នឹងចលនាឧទ្ទាមខុសច្បាប់របស់លោកនាយករដ្ឋមន្ត្រី ជាការខុសឆ្គងឬ? តើការប្រឆាំងតទល់នឹងមេឧទ្ទាមក្រៅច្បាប់ដែលបង្កើតចលនាជ្រុលនិយមនៅក្រៅប្រទេសប្រឆាំងនឹងប្រជាជនខ្លួនឯង ប្រឆាំងនឹងការអភិវឌ្ឍ និងសុខសន្តិភាពជាការខុសឆ្គងឬ?

មានហេតុផលជាច្រើនដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចអត់ឱនឱ្យបានចំពោះទង្វើខុសច្បាប់របស់ក្រុមអតីតអ្នកនយោបាយប្រឆាំង និងទណ្ឌិតរត់ចោលស្រុក គេចវេសពីសំណាញ់ច្បាប់។

ទី១- អំពើក្បត់ជាតិឃុបឃឹតជាមួយបរទេសក្នុងបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតស្របច្បាប់ ដោយយកលំនាំតាមការធ្វើបដិវត្តពណ៌នៅប្រទេសស៊ើប៊ី និងប្រទេសយូហ្គោស្លាវី ហើយដែលផែនការនោះត្រូវបានសារភាពដោយសម្តីផ្ទាល់មាត់របស់អតីតមេបក្សប្រឆាំង ក្រោមការរៀបចំផែនការ និងហ្វឹកហាត់ដោយប្រទេសមហាអំណាចមួយនោះ។

ទី២- អំពើក្បត់ជាតិ ក្នុងការលបលួចចុះកិច្ចព្រមព្រៀងជាសម្ងាត់របស់ទណ្ឌិតរត់ចោលស្រុកក្នុងការកាត់ទឹកដីនៅភូមិភាគឥសាន្តឱ្យទៅអតីតមេដឹកនាំជនជាតិម៉ុងតាញ៉ាវៀតណាម ឈ្មោះ កុក ស ដែលមានភស្តុតាងជាឯកសារ និងវីដេអូ បង្ហាញពីការចុះហត្ថលេខារវាងទណ្ឌិតរូបនេះ និងមេខ្លោងចលនាប្រឆាំងជាតិវៀតណាម ដែលបានធ្វើនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅក្នុងក្រុង Greensboro រដ្ឋ North Carolina សហរដ្ឋអាមេរិក។ ទណ្ឌិតរត់ចោលស្រុកក្បត់ជាតិបានសន្យាជាមួយអតីតមេដឹកនាំចលនាបះបោរវៀតណាម ដេហ្គា ឈ្មោះ កុក ស នេះថា ពេលដែលខ្លួនបានជាប់ឆ្នោតធ្វើជារដ្ឋាភិបាលដឹកនាំប្រទេសកម្ពុជា ខ្លួននឺងប្រគល់អោយផ្ទះ ដីធ្លី ភ្នំ ទាំងឡាយ ក្នុងខេត្ត៤ នៅភាគឥសាន្តកម្ពុជានោះសម្រាប់ពួកគេរស់នៅ។

ទី៣- ដោយនៅតែគឃ្លើនមិនទទួលស្គាល់ទោសកំហុស ទណ្ឌិតរត់ចោលស្រុកបានបន្តប្រព្រឹត្តិអំពើខុសច្បាប់ជាច្រើនទៀត តាមរយៈការបង្កើតជាចលនាឧទ្ទាមខុសច្បាប់នៅក្រៅប្រទេស ដែលមានឈ្មោះថាចលនាសង្គ្រោះជាតិ ហើយក្រោយមកត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ដោយគ្មានការគាំទ្រពីអន្តរជាតិនិងសមាជិករបស់ខ្លួនក៏បង្ខំចិត្តប្លន់តំណែងក្នុងអតីតគណបក្សស្រមោល ដើម្បីធ្វើចលនាប្រឆាំងតទៅទៀតដោយឥតអៀនខ្មាស់ បើទោះបី ជាអតីតមន្ត្រីបក្សស្រមោលភាគច្រើនមិនគាំទ្រក្តី។

ទី៤- ការរំលោភលើសាលដីការបស់តុលាការកំពូល ដែលបានរំលាយអតីតគណបក្សសង្គ្រោះជាតិបាត់ទៅហើយ ប៉ុន្តែទណ្ឌិតទុច្ចរិតនេះក្រៅពីគេចវេសពីសំណាញ់ច្បាប់គេនៅតែបន្តប្រើសង្គ្រាមចិត្តសាស្ត្រដើម្បីញុះញង់ប្រជាពលរដ្ឋឱ្យមានការបង្កើតចលនាឧទ្ទាមខុសច្បាប់ ទាំងនៅក្រៅប្រទេស និងក្នុងប្រទេស។

ទី៥- ជនក្បត់ជាតិរត់គេចពីសំណាញ់ច្បាប់គ្មានការអៀនខ្មាស់ក្នុងការទៅអុជអាលសហគមន៍អឺរ៉ុបឱ្យព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជាឡើយ ទោះបីដឹងថាទង្វើដ៏ឆ្កួតលីលានេះជាការប្រឆាំងនឹងផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជន ជាពិសេសផលប្រយោជន៍កម្មករ-កម្មការិនី និងកសិករក៏ដោយ។ ជនក្បត់ជាតិ និងជាទណ្ឌិតរុំព័ទ្ធដោយទោសរូបនេះមិនខ្វល់ខ្វាយអំពីការអំពាវនាវ និងការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ ទោះបីជាប្រជាពលរដ្ឋទាំងអស់ទាមទារកុំឱ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជាក៏ដោយ។

យោងតាមហេតុផលនៃការប្រព្រឹត្តិខុសច្បាប់ និងអំពើក្បត់ជាតិ ម្តងហើយម្តងទៀត និងទង្វើអុជអាលចំពោះសហគមន៍អឺរ៉ុប ដើម្បីកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចជាតិរបស់អតីតអ្នកនយោបាយប្រឆាំងទាំងនេះហើយដែលក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាស្ថាប័ននីតិប្រតិបត្តិគឺត្រូវតែចាត់វិធានការច្បាប់ដើម្បីគ្រប់គ្រង និងថែរក្សាសណ្តាប់ធ្នាប់សង្គមក្នុងន័យប្រឆាំងនឹងការញុះញង់ពីក្រុមឧទ្ទាមក្រៅប្រទេសតាមរយៈការធ្វើសង្គ្រាមចិត្តសាស្ត្រចង់ឱ្យប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ងើបឡើងបះបោរប្រឆាំងនិងរដ្ឋអំនាចស្របច្បាប់ ទម្លាក់នាយករដ្ឋមន្ត្រី តាមបែបមិនប្រជាធិបតេយ្យ។

ជារួម សារប្រកាសជំហរយ៉ាងម៉ឹងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអនុវត្តនូវវិធានការផ្លូវច្បាប់ចំពោះអតីតអ្នកនយោបាយដែលកំពុងជាប់បម្រាម ក៏ដូចជាអ្នកដែលកំពុងជាប់ទោសទណ្ឌពីអំពើក្បត់ជាតិ ដោយគ្មានការលើកលែងនាពេលថ្មីៗនេះ គឺពិតជាការបង្ហាញឱ្យឃើញនូវការពង្រឹងនីតិរដ្ឋនៅកម្ពុជាពិតៗ។ ក្នុងន័យនេះ ត្រូវបានឆ្លុះបញ្ចាំងដោយបទពិសោធន៍នៃការអនុវត្តនូវវិធានការច្បាប់ប្រកបដោយជោគជ័យ ពីការប៉ុនប៉ងធ្វើបដិវត្តពណ៌នៅកម្ពុជា តាមរយៈការបំពុលបរិយាកាសនយោបាយទាំងក្នុង និងក្រៅប្រទេស ការញុះញង់ឱ្យមានការបែកបាក់ជាតិ ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសពីការគោរពសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យសំដៅផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ និងឆន្ទៈគាំទ្ររបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់។

ក្នុងនាមប្រជាពលរដ្ឋភាគច្រើនលើសលប់ យើងខ្ញុំសូមគាំទ្រជំហរដ៏ម៉ឹងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី បន្តអនុវត្តនូវវិធានការច្បាប់ចំពោះជនល្មើសទាំងអស់ ដោយមិនត្រូវរាថយចំពោះការប៉ុនប៉ងលូកដៃចូលកកូរកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់បរទេសខ្លះជាដាច់ខាត។ ម្យ៉ាងទៀតក៏ដើម្បីរក្សាឱ្យបាននូវឯករាជ្យភាព អធិបតេយ្យភាព ដោយភាពថ្លៃថ្នូរក្នុងនាមជាប្រទេសនីតិរដ្ឋ ក្នុងការអនុវត្តច្បាប់ និងបន្តពង្រឹង និងពង្រីកនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សស្របតាមរដ្ឋធម្មនុញ្ញជាចំបង៕

ដោយ៖ សួន ចំរើន