ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៨ ថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកការបំពុលផ្សែងអ័ព្ទឆ្លងដែននៃប្រទេសអនុតំបន់មេគង្គ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៨ ថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកការបំពុលផ្សែងអ័ព្ទឆ្លងដែននៃប្រទេសអនុតំបន់មេគង្គ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៨ ថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកការបំពុលផ្សែងអ័ព្ទឆ្លងដែននៃប្រទេសអនុតំបន់មេគង្គ

កិច្ចប្រជុំលើកទី៨ ថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកការបំពុលផ្សែងអ័ព្ទឆ្លងដែន នៃប្រទេសអនុតំបន់មេគង្គ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងអស់លោក លោកស្រីជាសមាជិកនៃប្រទេសអនុតំបន់មេគង្គ រួមមាន ប្រទេសថៃ សហភាពមីយ៉ាម៉ា ឡាវ វៀតណាម និងកម្ពុជាដែលជាម្ចាស់ផ្ទះ។

នៅក្នុងកិច្ចប្រជុំនេះលោក សាយ សំអាល់ បានឱ្យដឹងថា ប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ និងចូលជាធរមាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ។ លោកបានបន្តថា ប្រទេសសមាជិកអាស៊ាន បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីទប់ស្កាត់បញ្ហាឆ្លងដែន ទប់ស្កាត់ និងកាត់បន្ថយភ្លើងឆេះព្រៃ ព្រមទាំងបានផ្លាស់ប្តូរព័ត៌មាន និងបច្ចេកវិទ្យា និងការផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកទៀតផង ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំផងដែរ អំពីសមិទ្ធផលសំខាន់ៗដែលកម្ពុជាបានសម្រេចកន្លងមក រួមមានការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រង និងការការពារព្រៃឈើ ការអនុវត្តវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និង ការរៀបចំផែនការយុទ្ធសាស្រ្តតំបន់ការពារធម្មជាតិ ព្រមទាំងការបង្កើនទំហំតំបន់ការពាររហូតដល់ប្រមាណ ៧,៥ លានហិកតា និង ការរៀបចំក្រុមបរិស្ថាន និងធនធានធម្មជាតិ ការរៀបចំផែនការយុទ្ធសាស្រ្ត និង ផែនការសកម្មភាពបរិស្ថានជាតិ ការរៀបចំផែនការយុទ្ធសាស្រ្តរេដបូកជាតិ និង ការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដើម្បីសម្របសម្រួលជាមួយក្រសួងស្ថាប័ន និង ភាគីពាក់ព័ន្ធ ក្នុងការដាក់បញ្ចូលកិច្ចគាំពារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍជាតិ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំលើកទី៨នៅថ្ងៃនេះ ក៏ជាឱកាសសម្រាប់ប្រទេសនៅក្នុងអនុតំបន់មេគង្គ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារទប់ស្កាត់ការបំពុលផ្សែងអ័ព្ទឆ្លងដែន និង បន្តជម្រុញការអនុវត្តកិច្ចព្រមព្រៀងក្នុងក្របខណ្ឌប្រទេសសមាជិកនីមួយៗ ក៏ដូចជានៅក្នុងអនុតំបន់មេគង្គ ។ ទន្ទឹមនឹងនេះ និន្នាការនៃការអភិវឌ្ឍបូករួមនឹងបញ្ហាប្រែប្រួលអាកាសធាតុ បានធ្វើឱ្យតំបន់អាស៊ានទទួលភាពរងគ្រោះ ដោយសារគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន ជីវិតមនុស្ស និងការប្រកបរបរចិញ្ចឹមជីវិតជាដើម ។ កិច្ចសហប្រតិបត្តិការរបស់ប្រទេសសមាជិកអាស៊ាន មានសារៈសំខាន់ ក្នុងការបន្តធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះផងដែរ ៕

អត្ថបទទាក់ទង