ខ្មែរប៉ុស្ដិ៍ Close

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តទី៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ លោក អង្គវង្ស វឌ្ឍានា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង និងជាតំណាង លោកឧបនាយករដ្ឋមន្រ្ដី ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តទី៣ និងសំណេះសំណាលជាមួយអង្គបោះឆ្នោត ក្នុងខេត្តបាត់ដំបង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមការងារគណបក្សចុះជួយ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងសមាជិក សមាជិកា យុវជន ជាង៣,០០០ នាក់ បានអញ្ជើញចូលរួម ។

សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ រយៈពេល ៨ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះនៅទូទាំងប្រទេស ត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។

សូមបញ្ជាក់ថា គណបក្សនយោបាយនានា ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានចាប់ផ្តើមឃោសនាបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ចាប់ពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ តាមការរៀបចំរបស់ គ.ជ.ប។

សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនាកសំឡេងឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើង តាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះ គឺចាប់ពីម៉ោង៦:០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្នុងពិធីនេះផងដែរ លោក អង្គវង្ស វឌ្ឍានា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងខេត្តបាត់ដំបង។

បន្ទាប់ពីពិធីសំណេះសំណាលលោកគណៈអធិបតី ព្រមទាំសមាជិក សមាជិកា អញ្ជើញចូលរួម ក្នុងក្បួនដង្ហែឃោសនាបិទយុទ្ធនាការ នៅក្នុងបាត់ដំបង និងវិលត្រលប់ទៅតាមស្រុកគោលដៅនីមួយៗ៕

អត្ថបទទាក់ទង