ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49

នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង បានរៀបចំប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ ) នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង។ ពិធីនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះវិសុទ្ធវង្ស អ៊ុក មុត រាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណមហានិកាយខេត្តបាត់ដំបង ព្រះធម្មត្ថេរ ឡុង សុងលី រាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និសិ្សត យុវជន បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃទី២០ ឧសភានេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ – ៧ មករា ១៩៧៩)។ គោលបំណង នៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។

គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការសម្រាប់ជាការរំឭកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕

អត្ថបទទាក់ទង