មេអង្គរក្សជាអ្នកទី១ ធ្វើជាគំរូដល់នាយទាហានផ្សេងទៀតក្រោយពីប្រមុខរាជរដ្ឋាភិបាល បានប្រកាសធ្វើកំណែរទម្រង់លើក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស ៤ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន ស្ម័គ្ររចិត្តទម្លាក់ពីផ្កាយ៤ មកត្រឹមឧត្តមសេនីយ៍ឯកផ្កាយមាស៣ ក្រោយពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសធ្វើកំណែរទម្រង់លើក្រសួងការពារជាតិ។
តាមប្រភពព័ត៌មានដែលទទួលបាននៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ឯកឧត្តម ហ៊ីង ប៊ុនហៀង កំពុងប្រជុំសុខៗ ពាក់ផ្កាយ ៤ លោកក៏ដើរចូលទៅក្នុងបន្ទប់ មួយសន្ទុះក្រោយមក គាត់ចេញមកជាមួយនិងផ្កាយ ៣លើស្មា ធ្វើឲ្យមន្ត្រីទាំងអស់ឆ្ងល់ស្រឡាំងកាំង មិនបានដឹងមុនពីផែនការ នៃដំណើរការកំណែទំរង់ កងទ័ពកំពូលរបស់ជាតិ។
ដោយឡែក យោងការផ្សព្វផ្សាយនៅលើហ្វេសប៊ុកនាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី២៧ មេសានេះ ក៏បានលើកឡើងដូច្នេះដែរ។
ក្នុងហ្វេសប៊ុកដដែល បានស្រង់ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកសរសេរថា សម្ដេចបានស្នើឲ្យនាយឧត្តមសេនីយ៍ផ្កាយ៤ ស្ម័គ្រចិត្តទម្លាក់ពីឋានន្តរសក្តិផ្កាយ៤ មកផ្កាយ៣វិញ ហើយទុកតែនាយឧត្តមសេនីយ៍ផ្កាយ៤ តែ២រូបប៉ុណ្ណោះ នៅក្នុងក្របខណ្ឌក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ផ្កាយ៤ តែ២រូបនោះ គឺមានតែសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ នេះបើតាមរូបភាពដែលបានបង្ហោះនៅលើហ្វេសប៊ុកនាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន។
ទាក់ទងនឹងព័ត៌មាននេះ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា សម្ដេច ហ៊ុន សែន ពិតជាបានលើកឡើងបែបនេះមែន ប៉ុន្តែមិនទាន់មានការសម្រេចជាផ្លូវការឡើយ ពោលគឺវាគ្រាន់តែជាទិសដៅកំណែទម្រង់របស់រដ្ឋាភិបាលនាពេលអនាគតប៉ុណ្ណោះ៕