ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគ៖ វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើទឹកដីប្រទេសចិន នាំកិត្តិយសនិងការអភិវឌ្ឍដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 22
អ្នកវិភាគ៖ វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើទឹកដីប្រទេសចិន នាំកិត្តិយសនិងការអភិវឌ្ឍដល់កម្ពុជា អ្នកវិភាគ៖ វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើទឹកដីប្រទេសចិន នាំកិត្តិយសនិងការអភិវឌ្ឍដល់កម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃនៅក្នុងប្រទេសចិន ដើម្បីចូលរួមវេទិកានៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត និងផ្លូវ» ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀតនៅលើពិភពលោក។

គឺជាកិច្ចប្រជុំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈពិសេស ពីព្រោះផ្តោតសំខាន់លើការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ជាមួយប្រទេសដៃគូដោយឈរលើ ស្មារតីគោរពគ្នាទៅវិញទៅមក។ កម្ពុជារំពឹងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទសដៃគូ និងនាំមកនូវគម្រោងអភិវឌ្ឍក៏ដូចជាជំនួយមួយចំនួន ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិ។ ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង «ខ្សែក្រវ៉ាត់និងផ្លូវ» ជាគោលនយោបាយមួយដែលនាំឱ្យមានការអភិវឌ្ឍ ហើយកម្ពុជាដែលជាប្រទេសមួយស្ថិតក្នុងបណ្តោយផ្លូវនៃការអនុវត្តគំនិតផ្តួចផ្តើមនេះបានទទួលផលយ៉ាងច្រើន និងបានធ្វើឱ្យមុខមាត់របស់កម្ពុជាមានការប្រែ ប្រួលនិងរីកចម្រើនគួរជាទីមោទនៈ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចាត់ទុកគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» នេះគឺជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍដោយចីរភាព។ ជាមេដឹកនាំដែល យកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ និងប្រជាជនពីក្រញ៉ាំដៃនៃរបបខ្មែរក្រហម លោក ហ៊ុន សែន រួមនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាជនខ្មែរកសាងប្រទេសពី គំនរផេះផង់ឈាម និងទឹកភ្នែករហូតទទួលបាននូវការរីកចម្រើនដូចសព្វថ្ងៃនេះ។

លោក ហ៊ុន សែន ជាស្ថាបនិកសន្តិភាពនៅកម្ពុជាតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ រំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម និងបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជិតបីទសវត្សរ៍។

វត្តមានលោក ហ៊ុន សែន នៅពេលនេះបាននាំមកនូវកិត្តិយសនិងផលប្រយោជន៍ជាច្រើនដល់ជាតិ និងប្រជាជនកម្ពុជា។ លោក ហ៊ុន សែន បាននាំកិត្តិយសជូនជាតិ និងប្រជាជនកម្ពុជាជា មួយនឹងការទទួលបានគោរមងារដ៏ខ្ពង់ខ្ពង់ជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ដែលជាគោរមងារកំពូលរបស់ ប្រទេសចិន។ គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់លោក ហ៊ុន សែន ដែលជាមេដឹកនាំដ៏មានទេពកោសល្យក្នុងការបញ្ចប់សង្គ្រាម និងជាអ្នកនយោបាយដ៏ឈ្លាសវៃ និងជាដៃគូចរចាដ៏ស្វិតស្វែងនិងវ័យឆ្លាត។

លោក ហ៊ុន សែន ត្រូវបានគេស្គាល់ថាជាអ្នកនយោបាយដែលមានដៃគូចរចាច្រើនជាងគេនៅអំឡុងដំណើរការស្វែងរកសន្តិភាពជូនជាតិកម្ពុជា។ ជាមួយនយោបាយទន់ភ្លន់ និងប្រកាន់នូវគោលជំហរច្បាស់លាស់ ព្រះរាជាណាចក្រកម្ពុជាបានប្រកាន់នយោបាយអព្យាក្រឹត្យ មិនចូល បក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយ ប្រទេសជិតខាងនិងប្រទេសផ្សេងទៀត។

ប្រទេសកម្ពុជានិងប្រទេសចិនគឺជាប្រទេសជិតខាងដែលមានភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង។ ភាព ស្និទ្ធស្នាលនេះបានបន្សល់ទុកចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅឆ្នាំ ១៩៥៥ ដែលរហូតមកទល់ពេលនេះចំណងមិត្តភាពគ្រប់ជ្រុងជ្រោយនេះមានអាយុជាង ៦០ ហើយ។ ប្រទេសចិនបាន ក្លាយជាប្រភពទុនវិនិយោគធំបំផុត និងជាដៃគូពាណិជ្ជកម្មធំទី១ របស់ព្រះរាជាណាចក្រកម្ពុជា។ ប្រទេស ចិនបានធ្វើទំនាក់ទំនងការទូតប្រកបដោយការគោរពចំពោះអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជភាពជាតិរបស់កម្ពុជា។ ចំណងការទូតរវាងកម្ពុជានិងចិន ដែលរឹងមាំដូចដែកថែមនៅពេលនេះគឺឈរលើគោលការណ៍ទំនាក់ទំនងការទូតដោយស្មើភាព និងស្មើសិទ្ធិ មិនដូចប្រទេសខ្លះដែលតាំងខ្លួនជាមេឪរបស់ ប្រទេសកម្ពុជា និងព្យាយាមឱ្យកម្ពុជាធ្វើអ្វីៗតាមខ្លួន។ កម្ពុជាជាប្រទេសមួយដែលមានសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ខ្លួន និងជារដ្ឋឯករាជ្យ អធិបតេយ្យមិនអាចស្ថិតក្រោមការបង្គាប់បញ្ជាណាមួយរបស់បរទេស ឡើយ ហើយក៏មិនយកប្រទេសណាមួយធ្វើជាសត្រូវដែរ ប៉ុន្តែកម្ពុជាចាត់ទុកប្រទេសទាំងអស់ជាមិត្ត និងជាដៃគូស្មើភាពនិងស្មើសិទ្ធិ។

ទំនាក់ទំនងរវាងកម្ពុជានិងចិនក្នុងរយៈពេលជាង ៦០ ឆ្នាំមកនេះបានធ្វើឱ្យប្រជាជាតិទាំងពីរកាន់ តែមានភាពស្និទ្ធស្នាល យល់ចិត្តគ្នា និងប្រកៀកស្មាគ្នាក្នុងនាមជា ប្រទេសជិតខាងល្អ ជាមិត្តល្អ។ ប្រទេសចិនបានជួយកម្ពុជាលើគ្រប់វិស័យ និងបានជួយកម្ពុជាឱ្យមានការរីកចម្រើន។ ដូច្នេះវត្តមានរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅប្រទេសចិនពេលនេះគឺនឹងធ្វើឱ្យចំណងមិត្តភាពនិង កិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជានិងចិនស្ថិតស្ថេរជាអមតៈ និងជួយគ្នាទៅវិញទៅមកក្នុង នាមជាមិត្ត និងជាបងប្អូន ហើយតាមរយៈការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» ដែលផ្តួចផ្តើមគំនិតដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើឱ្យប្រជាជាតិទាំងពីរ មានទំនុកចិត្តនយោបាយជាមួយគ្នាកាន់តែខ្លាំង ជួយឱ្យការអភិវឌ្ឍកម្ពុជារីកចម្រើនទៅមុខជានិច្ចជាមួយ នឹងការបោះទុនវិនិយោគយ៉ាងច្រើនមកកាន់កម្ពុជាទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩