ខ្មែរប៉ុស្ដិ៍ Close

លិខិតប្រជាជន៖ ខ្មោចបក្សប្រឆាំងអស់តម្លៃហើយ ខណៈកម្ពុជាខិតខំយកពេលវេលាពង្រឹងភាពជាដៃគូជាមួយប្រទេសក្នុងតំបន់ និងមហាអំណាច ដើម្បីការរីកចម្រើនពិតប្រាកដរបស់ជាតិ និងប្រជាជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 60
លិខិតប្រជាជន៖ ខ្មោចបក្សប្រឆាំងអស់តម្លៃហើយ ខណៈកម្ពុជាខិតខំយកពេលវេលាពង្រឹងភាពជាដៃគូជាមួយប្រទេសក្នុងតំបន់ និងមហាអំណាច ដើម្បីការរីកចម្រើនពិតប្រាកដរបស់ជាតិ និងប្រជាជន លិខិតប្រជាជន៖ ខ្មោចបក្សប្រឆាំងអស់តម្លៃហើយ ខណៈកម្ពុជាខិតខំយកពេលវេលាពង្រឹងភាពជាដៃគូជាមួយប្រទេសក្នុងតំបន់ និងមហាអំណាច ដើម្បីការរីកចម្រើនពិតប្រាកដរបស់ជាតិ និងប្រជាជន

ក្នុងនាមជាប្រជាជនខ្មែរដែលយល់ពីប្រវត្តិសាស្ត្ររបស់ជាតិយើង, បានឆ្លងកាត់ជាច្រើនដំណាក់កាលរបស់ប្រទេសជាតិយើង និងបានយល់ដឹងពីផ្នត់គំនិតរបស់ប្រជាជនកម្ពុជាយើង គឺយើងពិតជាមានការឈឺចាប់ ដែលឃើញមានខ្មែរខ្លះ បន្តបម្រើមនោគមន៍វិជ្ជាបរទេស បំផ្លិចបំផ្លាញ បំបែកបំបាក់ ប្រមាថ និងបង្អាប់បង្អោនជាតិសាសន៍ឯង។ អ្នកនយោបាយខ្មែរដែលនៅមានចរិតបែបនេះ ក៏ល្មមចេះខ្មាស់ខ្លួនឯង ហើយបោះបង់ចោលចរិតប្រមាថជាតិឯងនោះដែរ។

និយាយឲ្យចំ អ្នកប្រមាថជាតិឯងគឺមាននៅសល់តែ សម រង្ស៊ី និងគូកនមួយក្តាប់តូចប៉ុណ្ណោះ។ បើរាប់គិតចាប់ពីត្រឹមឆ្នាំ១៩៩៥ ដែល សម រង្ស៊ី ត្រូវបានបណ្តេញចេញពីបក្សហ្វ៊ុនស៊ីនប៉ិច សមិទ្ធផលគួរកត់សំគាល់តែ១គត់ដែល សម រង្ស៊ី ធ្វើនយោបាយប្រឆាំងជាតិឯងរយៈពេល២៤ឆ្នាំមកនេះ គឺមានតែការបណ្តុះសមាជិកខ្លួនឲ្យហ៊ាន ព្រហ៊ើនកោងកាច ជម្លើយ ជេរប្រមាថជាតិសាសន៍ឯងដោយគ្មានកោតក្រែងតែប៉ុណ្ណោះ។

តើអ្វីដែល សម រង្ស៊ី ធ្វើដើរតាមគន្លង«ប្រជាធិបតេយ្យ»? មិនទេ! គឺគ្រាន់តែជាការលួចយកពាក្យពីបរទេសមកប្រើ ដើម្បីបោកបញ្ឆោតសមាជិកខ្លួនប៉ុណ្ណោះ ពីព្រោះ ប្រជាធិបតេយ្យអី បើ សម រង្ស៊ី មិនដែលស្តាប់យោបល់ផ្ទៃក្នុងបក្ស មិនស្តាប់សម្លេងភាគច្រើន ហើយចាញ់ឆ្នោតរាល់អាណត្តិ ឡាំប៉ាតាមបែបបាតផ្សារនោះ!។
តើ សម រង្ស៊ី ជាមនុស្សហិង្សា? ១០០% សម រង្ស៊ី គឺមិនខុសពី ប៉ុល ពត ទេ។ សម រង្ស៊ី មានសារជាតិជា «ជំពូកមនុស្សខ្ពើមមនុស្ស» រើសអើងវណ្ណៈសង្គម បណ្តុះការចងគុំនុំ គុំគួន សងសឹក នៅក្នុងសង្គមកម្ពុជា។ ការបង្រួមបង្រួម ឬការអត់ឱន គឺគ្មាននៅក្នុងខួរក្បាល សម រង្ស៊ី នោះទេ។

សរុបឲ្យខ្លី ជីវិតនយោបាយ សម រង្ស៊ី គឺចប់ហើយ។ នយោបាយខ្យល់ព្យុះ នយោបាយឆក់កណ្តៀត ហិចហើរពីប្រទេសមួយ ទៅបោកប្រាស់នៅប្រទេសមួយទៀត ដូចករណីបាតុកម្មនៅប្រទេសកូរ៉េថ្មីៗនេះ គឺដើម្បីបង្កើតលេសប្រមូលលុយ ហើយគ្មានឥទ្ធិពលអ្វីបន្តិចទេ លើនយោបាយក្នុងស្រុកនៅប្រទេសកម្ពុជា។ ធ្វើនយោបាយកំសាកជើងមេឃរបៀបនេះ ទើបបក្សសង្គ្រោះជាតិរលត់រលាយជាផេះ និងមិនអាចចូលគ្នាបាន។ មនុស្សនៅជិត សម រង្ស៊ី បើមិនឆ្កួតល្បែង ក៏ឆ្កួតចិត្ត ដូច អេង ឆៃអ៊ាង និង មួរ សុខហ៊ួរ ជាដើម។ ក្រៅពីនោះបានដកខ្លួន ខ្លះទៅបង្កើតបក្សថ្មីហើយ។ បក្សប្រឆាំងលម្អរប្រជាធិបតេយ្យ ឬយ៉ាងណា គឺបក្សប្រឆាំងខ្លួនឯងជាអ្នកសម្តែង។

ដូច្នេះ រឿងច្បាស់មួយដែល សម រង្ស៊ី ត្រូវតែចងចាំគឺ៖ «១ជីវិតនេះ គំនិតទុច្ចរិតចង់យកឈ្នះ លោក ហ៊ុន សែន គឺទៅមិនរួចទេ។ បារមីនិងវាសនាអ្នកទៅមិនដល់ទេ។ មនុស្សជំនាន់ក្រោយរបស់ គណបក្សប្រជាជនកម្ពុជា ក៏ឆ្លាតវៃ រឹងមាំ និងមានលទ្ធភាពជាងអ្នករាប់រយដង។ អ្នកគ្មានឱកាសនៅសល់ទេ»។ ទីបំផុតនៃវាសនា សម រង្ស៊ី គឺចោលឆ្អឹងនៅស្រុកគេ។ នេះជាការពិត!។ អ្នកប្រឆាំងជំនាន់ថ្មី មិនត្រូវដើរតាមផ្លូវបរាជ័យរបស់ សម រង្ស៊ី និងផ្លូវបំផ្លាញជាតិឯងនោះឡើយ។

ដំណើរជាតិកម្ពុជា បានខិតខំដើរទៅមុខចាប់តាំងពីឆ្នាំសូន្យ រហូតងើបឈរឡើងជារដ្ឋអធិបតេយ្យពេញលេញ គឺគ្មានចំណែកនៃបាតដៃរបស់អ្នកប្រឆាំងទេ។ ផ្លូវយើងក៏នៅវែងឆ្ងាយទៅទៀតក្នុងក្តីសង្ឃឹមនៃអនាគតរុងរឿង ហើយក៏ប្រហែលជាមិនរង់ចាំអ្នកទេ។ ម្យ៉ាងទៀត បើគ្មានពួកអ្នក កម្ពុជា ដើរទៅមុខកាន់តែលឿន។ ឥឡូវនេះ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ឋានៈនៃប្រទេសកម្ពុជា គឺបានពេញមុខពេញមាត់គ្រប់វេទិកាតំបន់ និងអន្តរជាតិ ទាំងលើវិស័យទំនាក់ទំនងការបរទេស នយោបាយ វប្បធម៌ កីឡា សិល្បះ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការរួមចំណែករក្សាសន្តិភាពនៅពិភពលោក។

ខណៈដែលពិភពលោកស្ថិតក្នុងស្ថានភាពពហុប៉ូល និងដែលកំពុងប្រឈមជម្លោះពូជសាសន៍ សាសនា សង្គ្រាមស៊ីវិលនិងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមសេដ្ឋកិច្ច ផ្ទុយទៅវិញ កម្ពុជាកំពុងពង្រឹងឋានៈខ្លួនបានជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់៧%ជារៀងរាល់ឆ្នាំ និងជាប្រទេសមានសន្តិភាព ស្ថិរភាពពេញលេញរឹងមាំ។ ខណៈដែលពួកប្រឆាំងកម្ពុជាអស់តម្លៃ នោះបាវចនារបស់លោក ហ៊ុន សែន៖ «ការពង្កើតមិត្តខាងក្រៅ ក្រោមស្មារតីឯករាជ្យ» គឺកាន់តែមានតម្លៃក្នុងការអនុវត្តឲ្យកាន់តែទូលំទូលាយ។
ច្បាស់ណាស់ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ អាទិភាពមិនមែនពួកប្រឆាំងនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តចំណាយពេលវេលាច្រើនណាស់ធ្វើការជាមួយប្រជាជន កសិករ កម្មករ ពាណិជ្ជករ បញ្ញាវ័ន្ត គឺមានតម្លៃពិតប្រាកដក្នុងការអភិវឌ្ឍប្រទេសជាតិ, ការចំណាយពេលវេលាធ្វើការងារជាមួយបណ្តាមេដឹកនាំប្រទេសក្នុងតំបន់និងប្រទេសមហាអំណាច គឺមានតម្លៃពិតប្រាកដ ធ្វើឲ្យកម្ពុជាកាន់តែខ្ពង់ខ្ពស់ ត្រដែតឡើងដោយស្មើមុខ និងស្មើសិទ្ធិ។

មិត្តបរទេសខ្លះ បានមកចាប់ដៃសហការជាមួយកម្ពុជាយើង នៅមានកម្រិតយឺត ឬមានល្បឿនលឿន ទូលំទូលាយ គឺជាកត្តាសត្យានុម័ត្ត និងកត្តាអត្តនោម័ត ហើយលើភាពជាក់ស្តែង កម្ពុជានៅប្រកាន់គោលជំហរ កំណែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅជានិច្ច។ គ្មានប្រទេសណាមួយជាសត្រូវនឹងកម្ពុជានោះទេ។ នយោបាយនេះ គឺត្រឹមត្រូវបំផុត ដែលផ្តល់ឱកាសនិងផ្តល់កាលានុវត្តភាពថ្មីៗថែមទៀត សម្រាប់កម្ពុជា កាន់តែរីកចម្រើនលើគ្រប់វិស័យ។

ប្រជាជនកម្ពុជាបានស្រឡាញ់ ពេញចិត្ត គាំទ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើគោលនយោបាយផលប្រយោជន៍ជាតិនិយម និងការពង្រឹងពង្រីកមិត្តទៅខាងក្រៅនេះ។ ដំណើរទៅមុខដ៏ត្រឹមត្រូវរបស់ប្រទេសកម្ពុជាទាំងក្នុងបច្ចុប្បន្ន និងតទៅអនាគត គឺបន្តដើរតាមផ្លូវនៃការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះគឺផ្លូវការពារផលប្រយោជន៍ជាតិ ពង្រឹងឧត្តមគតិជាតិឲ្យខ្ពស់ បន្តដើរលើផ្លូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ «កម្ពុជា មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ គឺជាសំណាងរបស់ប្រជាជនកម្ពុជា»៕

ដោយ៖ ឧត្តម រូហ្សានា
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩

អត្ថបទទាក់ទង