ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប ទទួលពាក្យបណ្តឹងតវ៉ា១បណ្ដឹង ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងរបស់គណៈកម្មការរាជធានី-ខេត្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 82

រយៈពេល៤ថ្ងៃ គិតត្រឹមថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា ក្នុងដំណាក់កាលបិទផ្សាយបញ្ជី បោះឆ្នោតដំបូង គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ពុំបានទទួលពាក្យបណ្តឹងជំទាស់ឡើយ ប៉ុន្តែទទួលពាក្យបណ្តឹងតវ៉ា ១បណ្ដឹង។

បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឱ្យដឹងថា បណ្តឹងតវ៉ា ១បណ្តឹងនោះ គឺជាបណ្តឹងសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត ស្ថិតក្នុងឃុំតាប៉ុន ស្រកសង្កែ ខេត្តបាត់ដំបង ហើយ គធ.ខប កំពុងដោះស្រាយ។

គ.ជ.ប បានបន្ថែមថា ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងទៅនឹងបញ្ជីឆ្នោតដំបូង មានរយៈពេល១៩ថ្ងៃ (លើកលែងថ្ងៃបុណ្យផ្លូវការ ១ថ្ងៃ) ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

ដំណាក់កាលនីមួយៗ នៃបណ្ដឹងមានដូចខាងក្រោម៖
– ការប្តឹងទៅ គធ.ខប ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩
ការដោះស្រាយពាក្យបណ្តឹងដោយ គធ.ខប ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីថ្ងៃប្តឹង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩
ការប្ដឹងទៅ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពី គធ.ខប បដិសេធ (ឈប់បុណ្យ ១ថ្ងៃ) ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩
– ការដោះស្រាយពាក្យបណ្តឹងដោយ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីថ្ងៃប្តឹង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។
សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូងព្រមៗគ្នានៅទូទាំងប្រទេស តាមលេខាធិការដ្ឋានគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត និងនៅទីកន្លែងប្រជុំជនចំនួន៣ទីតាំងផ្សេងគ្នា ក្នុងរាជធានីខេត្តនីមួយៗ រួចរាល់ជាស្ថាពរហើយ ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

អត្ថបទទាក់ទង