លិខិតមិត្តអ្នកអាន៖ «តំលៃនៃក្រុមឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយ កំពុងដាំក្បាលចុះ! »
ជារឿងគួរឲ្យកត់សម្គាល់ណាស់ដែលជាច្រើនទស្សវតរ៍មកនេះ នៅក្នុងប្រទេសកម្ពុជាយើង គេតែងតែលឺក្រុមដែលតាំងខ្លួនថាជាអ្នកឯករាជ្យ ឬ ប្រជាធិបតេយ្យ។ តាមការសង្កេតនិងវិភាគរបស់ខ្ញុំ (ដែលធ្លាប់បានចូលប្រឡូកបំរើការងារយ៉ាងសកម្មជិត២០ឆ្នាំ ក្នុងអង្គការសិទ្ធមនុស្ស) លើកំណត់ត្រានូវសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់របស់ពួកគេទាំងនោះ ខ្ញុំអាចសន្និដ្ធានបានយ៉ាងច្បាស់ថា តាមពិតពួកគេជាក្រុមឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយតែប៉ុណ្ណោះ។
ហេតុអ្វីបានជាខ្ញុំហ៊ានវាយតំលៃយ៉ាងដូច្នេះ?
ក្រុមនេះត្រូវបានគេរៀបចំឲ្យមានអង្គការចាត់តាំង និងខ្សែបណ្តាញយ៉ាងត្រឹមត្រូវដែលរួមមាន៖ អ្នកវិភាគឯករាជ្យ ~ អង្គការសង្គមស៊ីវិលឯករាជ្យ ~ សារព័ត៌មានឯករាជ្យ និង អ្នកនយោបាយប្រជាធិបតេយ្យ។ ពីដំបូងឡើយ ប្រជាពលរដ្ឋខ្មែរ រួមទាំងខ្លួនខ្ញុំផ្ទាល់មានការភាន់ច្រឡំហើយនាំគ្នាផ្តល់ទំនុកចិត្តទាំងស្រុងដល់ក្រុមទាំងនោះ ដោយសង្ឃឹមថា ពួកគេជាអ្នកប្រជាធិបតេយ្យនិងអ្នកឯករាជ្យ ពិតប្រាកដដើម្បីចូលរួមចំណែកក្នុងការរិះគន់ស្ថាបនាសង្គម ឬ ស្ថាបនាគោលនយោបាយជាតិ ដែលរដ្ឋាភិបាលដាក់ចេញ។ ប៉ុន្តែពេលវេលាជាង២០ឆ្នាំកន្លងមកនេះ បានផ្តល់នូវពន្លឺច្បាស់ដូចថ្ងៃថា ក្រុមនេះបានបង្ហាញចរិតលក្ខណៈដោយខ្លួនឯងបន្តិចម្តងៗថា ពួកគេគឺជាក្រុមពាក់ស្លាកឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយទេតើ។ តាមរយៈការស្តែងចេញដោយសកម្មភាពផ្ទាល់របស់ពួកគេ ក៏ដូចជាតាមរយៈការពិនិត្យ អង្កេត ស្វែងយល់បន្ថែម ខ្ញុំកាន់តែយល់ច្បាស់ថា ក្រុមឯករាជ្យនិងប្រជាធិបតេយ្យក្លែងក្លាយនេះមិនសាមញ្ញនោះទេ ពោលគឺពួកគេមានអង្គការចាត់តាំងជាខ្សែបណ្តាញយ៉ាងត្រឹមត្រូវ មានតាំងពីបណ្តាញក្នុងស្រុក និងបរទេស ហើយបានចែកទីតាំងគ្នាឈរជើងគ្រប់មជ្ឈដ្ឋាន ដើម្បីក្រឡុកក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន។
យុទ្ធសាស្ត្រស៊ីជម្រៅរបស់បណ្តាញដែលមានការរៀបចំ យ៉ាងល្អិតល្អន់នេះដែលខ្ញុំធ្លាប់ចូលរួមប្រឡូកនោះ គឺពួកគេប្រើយុទ្ធសាស្ត្រផ្ការីក មានន័យថា ពួកគេចែកទីតាំងគ្នាឈរជើងនៅក្នុងស្ថាប័នដែលគេចាត់ទុកថា មានឥទ្ធិពលក្នុងសង្គម មានដូចជា អ្នកខ្លះឈរជើងក្នុងឆាក នយោបាយ អ្នកខ្លះទៀតក្នុងសង្គមស៊ីវិល និងអ្នកខ្លះទៀតក្នុងស្ថាប័នសារព័ត៌មាន រីឯអ្នកខ្លះទៀតឈរជាបុគ្គលឯករាជ្យ។ នៅក្នុងអង្គការសង្គមស៊ីវិល និងសារព័ត៌មាន ពួកគេក៏មានការគាំទ្រដោយបណ្តាញរបស់ខ្លួនដែលជាអង្គការសង្គមស៊ីវិលបរទេស និងសារព័ត៌មានបរទេសថែម ទៀតផងដើម្បីបន្ថែមទម្ងន់ទៅ លើសកម្មភាពនិងសំលេងរបស់ ពួកគេ។ នៅក្នុងការអនុវត្តជាក់ស្តែង ក្រុមដែលតាំងខ្លួនជាអ្នកឯករាជ្យនិង អ្នកប្រជាធិបតេយ្យទាំងនោះ បានធ្វើសកម្មភាពព្រមៗគ្នា។ មុនដំបូង គឺក្រុមអ្នកនយោបាយពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយជាអ្នកវាយលុក គឺវាយលុកគ្រប់បញ្ហាជាពិសេសបញ្ហា រសើបៗដើម្បីបង្កជាសំឡេងដែលប្រៀបបាននឹងអ្នកទូងស្គរ។ បន្ទាប់មក ក្រុមសារព័ត៌មាន អ្នកវិភាគ និងសង្គមស៊ីវិលដែលពាក់ ស្លាកឯករាជ្យក្លែងក្លាយ ក៏ផ្តើមនាំគ្នារាំតាមសង្វាក់ស្គរដែលច្រៀងដោយអ្នកនយោបាយ «ប្រជាធិបតេយ្យក្លែងក្លាយ» ដោយ ស្រែកបន្ទរឲ្យលឺសំឡេងកាន់តែកងរំពងឡើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបង្កបរិយាកាសអាប់អួរក្នុងសង្គម។ ភាពអាប់អួរ ឬឈានដល់ហិង្សា វឹកវរ គឺជាបរិយាកាសដែលពួក គេចង់បានបំផុតដើម្បីរុញនិងដុតរោលសភាពការណ៍។
ហេតុអ្វីបានជាខ្ញុំអាចនិយាយថា អ្នកនយោបាយទាំងនោះ ពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយ? ចម្លើយងាយបំផុតគឺ៖
- ទី១៖ ចរិតលក្ខណៈរបស់ក្រុម នយោបាយនេះមានលក្ខណៈ ជ្រុលនិយមដោយមិនទទួលយកសំឡេងជំទាស់ក្រៅពីសំឡេងហៃអើ។ អ្នកណាហ៊ាននិយាយជំទាស់នឹងត្រូវគេលាបពណ៌ជាស្វ័យប្រវត្តិថាជាអាយ៉ង យួន~ចិន ។ល។ បើនៅក្នុង ហ្វេសប៊ុកវិញ បើហ៊ាននិយាយរិះគន់បន្តិចនឹងត្រូវគេប្លុកចោលភ្លាម។
- ទី២៖ ពួកគេមានជំនាញខាងជេរប្រមាថ ញុះញង់ អុជអាលប្រឌិត និងមួលបំភ្លៃដើម្បីបង្កកំហឹង ដុតកំហឹងនិងជម្លោះធ្វើយ៉ាងណាឲ្យមានការបំផ្លិចបំផ្លាញតាមគ្រប់រូបភាព។
- ទី៣៖ ការដឹកនាំផ្ទៃក្នុងបក្សនិងអង្គការចាត់តាំងផ្សេងៗរបស់ពួកគេមានលក្ខណៈគ្រួសារ បក្ខពួកនិយម និងតួឯកនិយម។
- ទី៤៖ គ្មានគោលការណ៍និងគោលនយោបាយដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពប្រជាជនទេ ពោលគឺចាំតែស្តីបន្ទោសរដ្ឋាភិបាលជាពិសេសអ្នកដឹកនាំដូចជាលោក ហ៊ុន សែនជាដើម។ ចំណែកឯក្រុមអ្នកវិភាគសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ វិញ ពួកគេក៏ជាក្រុមឯករាជ្យក្លែងក្លាយដែរ។ ដើម្បីសម្គាល់ថាជាក្រុមឯករាជ្យក្លែងក្លាយ៖
- ទី១៖ ពួកគេជាអ្នកកាន់ជើងផ្កាប់ មុខដល់ក្រុមនយោបាយដែល ពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយដូចបានលើកឡើងខាងដើម។ ទោះបីជាក្រុមនយោបាយនោះប្រព្តឹត្តកំហុសប៉ុនភ្នំក៏ពួកគេមើលមិនឃើញដែរ និងមិនដែលស្តីបន្ទោសក្រុមនយោបាយនោះសូម្បីមួយម៉ាត់។ ផ្ទុយទៅវិញមានតែការពារក្រុមនយោបាយ ជ្រុលនិយមទាំងនោះជាដរាប។
- ទី២៖ ក្រុមនេះមិនដែលហ៊ាន ប្រឈមមុខនឹងការពិត ឬមិនដែលឈរលើហេតុផលសម្អាងផ្លូវច្បាប់ឡើយ។ ពួកគេបានត្រឹមច្បិចយកសាច់រឿងមួយចំណែក មកនិយាយនិងវិភាគដើម្បីឲ្យសាធារណៈជនយល់ច្រឡំថាជាកំហុសរបស់រដ្ឋាភិបាល។ ប៉ុន្តែតើរឿងពិតយ៉ាងណា ពួកគេមិនដែលស្វែងយល់ឡើយ។ ករណីចាប់ដីអនាធិបតេយ្យជាឧទាហរណ៍ជាក់ស្តែង។ មិនដែលឡើយក្រុមសង្គមស៊ីវិល ឬអ្នកវិភាគឯករាជ្យទាំងនោះអប់រំ ពលរដ្ឋឲ្យគោរពច្បាប់ កុំឲ្យដើរចាប់ដីធ្លីខុសច្បាប់ ប៉ុន្តែពួកគេមានតែចាំការពារទង្វើអនាធិបតេយ្យដើម្បីជួយកេងចំណេញ នយោបាយដល់ក្រុមអ្នកនយោបាយដែលជាបណ្តាញរបស់ខ្លួន។
- ទី៣៖ អង្គការសង្គមស៊ីវិល ឬសារព័ត៌មានដែលបំពេញការងារ តាមវិជ្ជាជីវៈនិងមានឯករាជ្យភាពពិតប្រាកដតែមិនស្ថិតនៅក្នុងបណ្តាញរបស់ខ្លួនមិនត្រូវបានក្រុមនេះចាត់ទុកថាឯករាជ្យឡើយ។
- ទី៤៖ នៅក្នុងវិស័យសារព័ត៌មាន វិញ ពួកគេបង្កភាពអនាធិបតេយ្យ ធ្វើសកម្មភាពដោយគ្មានអាជ្ញាប័ណ្ណ គ្មានច្បាប់ទម្លាប់ មិនបង់ពន្ធ ក្លែងបន្លំអត្តសញ្ញាណជាអ្នកនយោបាយចូលក្នុងពន្ធនាគារដោយខុសក្រមសីលធម៌វិជ្ជាជីវៈ តែដល់ពេលគេទាមទារឲ្យគោរពច្បាប់ នាំគ្នាបិទការិយាល័យ ដាក់មេផាយ ហើយស្រែកថា រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញសារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិលឯករាជ្យ។ ហើយនៅពេលផ្សាយព័ត៌មាន រឿងល្អវិជ្ជមាន៩០%មិនខ្ចីនិយាយ ហើយច្បុចយកតែរឿងអវិជ្ជមាន ១០% មកបំប៉ោងដើម្បីធ្វើឲ្យគេយល់ថា ជារឿងអាក្រក់ ១០០%។
- ទី៥៖ ពួកគេតែងជំរុញឲ្យអាជ្ញាធរគោរពច្បាប់ ធ្វើដូចជាចង់ឲ្យប្រទេសមានច្បាប់និងគោរពច្បាប់ឲ្យបានរឹងរ៉ឹង ប៉ុន្តែដល់ ពេលខ្លួនឯងចង់រស់នៅក្រៅច្បាប់ដោយចាត់ទុកច្បាប់ថាជាឧបករណ៍ធ្វើទុក្ខបុកម្នេញ។ ជារួមពួកគេបានប្រើ បណ្តាញ នេះដើម្បីក្រឡុកសភាពការណ៍ ប្រទេសជាតិឲ្យវក់វីអស់ជាច្រើនទសវត្សរ៍។ យ៉ាងណាក៏ដោយ ចុងក្រោយនេះ ក្រុមឯករាជ្យនិងប្រជាធិបតេយ្យក្លែងក្លាយទាំងនោះរលំហាងឆេងហើយដោយសារតែមុខមាត់ពិតរបស់ពួកគេ ត្រូវបានបកអាក្រាតជាបន្តបន្ទាប់តាមរយៈការអនុវត្តច្បាប់និងការយល់ដឹងរបស់ប្រជាពលរដ្ឋដែលកាន់តែមានការយល់ដឹងអំពីធាតុពិត និងមុខមាត់ពិតរបស់ក្រុមនេះ។
បច្ចុប្បន្ន ក្រុមអ្នកនយោបាយដែលពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយកាន់តែអស់ជម្រក និងបាត់បង់ទីតាំងឈរជើងរបស់ខ្លួនខណៈដែលក្រុមអ្នកវិភាគសង្គមស៊ីវិលនិងសារព័ត៌មានឯករាជ្យក្លែងក្លាយក៏ហាក់ដូចជាកាន់តែអស់ទីតាំងឈរជើងដែរមិនមែន ដោយសារអ្នកណាធ្វើទុក្ខបុកម្នេញនោះទេ ប៉ុន្តែបាត់បង់ដោយសារ ៖
- ទី១៖ ពួកគេចាញ់ឥទ្ធិពលនៃអំណាចច្បាប់ ហើយលែងអាចធ្វើឡប់ឡែដូចពីមុនបានទៀត នៅពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរឹត បន្តឹងការអនុវត្តច្បាប់។
- ទី២៖ ដោយសារតែមហាជន ទូទៅបានឃើញនិងបានស្គាល់ចរិតពិតរបស់ក្រុមដែលចូលចិត្តពាក់ស្លាកឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយជាពិសេសទង្វើរបស់ពួកគេមិនដូចទ្រឹស្តីដែលពួកគេតែងសូត្រនោះឡើយនិង
- ទី៣៖ គឺដោយសារប្រជាពលរដ្ឋខ្មែរត្រូវការសុខសន្តិភាព និងការអភិវឌ្ឍជីវភាពរបស់ខ្លួនជាសំខាន់ដោយមិនបណ្តោយខ្លួនងាយៗអោយចាញ់បោកក្រុមអ្នកបិទមុខ ហើយចង់ធ្វើឲ្យសភាពការណ៍វឹកវរនោះទៀតឡើយ។ ក្នុងស្ថានភាពបែបនេះ មានអ្នកវិភាគឯករាជ្យក្លែងក្លាយខ្លះកំពុងផ្អើលនឹងស្រមោលខ្លួនឯង ដោយសារតែអំពើរបស់ខ្លួនមិនអាចលាក់បាំងពីភ្នែកគេបានតទៅទៀត។
ខ្ញុំយល់ថាយកល្អគួរតែដោះស្រោមមុខឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយចេញហើយងាកមកធ្វើសកម្មភាពការងារតាមជំនាញឲ្យបានត្រឹមត្រូវពោលគឺ បើជាអ្នកកាសែតឲ្យច្បាស់ជាអ្នកកាសែតកុំបន្លំជាមួយអ្នកនយោបាយ។ បើជាសង្គមស៊ីវិលជំនាញអីគប្បីធ្វើកិច្ចការ នោះឲ្យច្បាស់លាស់កុំបម្រើនយោបាយ។ បើជាអ្នកវិភាគឯករាជ្យក៍ត្រូវធ្វើជាអ្នកឯករាជ្យពិតប្រាកដពោលគឺខុសថាខុស ត្រូវថាត្រូវ កុំម្ខាងខុសរហូត ម្ខាងត្រូវរហូត ហើយតាំង ខ្លួនជាអ្នកឯករាជ្យព្រោះតំលៃនៃការពាក់ស្រោមមុខក្លែងក្លាយជាអ្នកឯករាជ្យនិងប្រជាធិបតេយ្យបានដាំក្បាលធ្លាក់ចុះហើយ៕
ដោយ៖ អតីតមន្ត្រីសមាគមអាដហុក