ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា កាន់តែរឹងមាំ និងមានមិត្តកាន់តែច្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 27
ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា កាន់តែរឹងមាំ និងមានមិត្តកាន់តែច្រើន ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា កាន់តែរឹងមាំ និងមានមិត្តកាន់តែច្រើន

ក្រោយការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ដែលត្រូវបានបណ្តាប្រទេសជាច្រើននៅលើសកលលោកទទួលស្គាល់ និងវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបានមក រាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងតែបន្តអភិវឌ្ឍប្រទេស និងពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តកាន់តែរឹងមាំថែមទៀត។ ក្នុងរយៈពេលប្រមាណមួយខែចុងក្រោយនេះ គេឃើញប្រមុខដឹកនាំរដ្ឋ ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បាននិងកំពុង មមាញឹកនៅក្នុងកិច្ចការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងរដ្ឋ គួរជាទីមោទនៈ។

ជាក់ស្តែង ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងលោកជំទាវ ដែលជាប្រទេសនិយមបច្ចឹមលោក បានអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤-១៦ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយនេះក៏ជាការបញ្ជាក់យ៉ាងច្បាស់ថាព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋអធិបតេយ្យ ស្មើមុខគ្នាពិតៗជាមួយបណ្តាប្រទេសនានាលើសកលលោក។ នៅក្នុងដំណើរទស្សនៈកិច្ចនោះ ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ បានចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីសម្តែងនូវគាវរៈកិច្ចជាមួយប្រមុខរដ្ឋស្របច្បាប់នៃប្រទេសមួយ ក្នុងន័យពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៃប្រទេសទាំងពីរថែមទៀត។ នៅក្នុងដំណើរទស្សនៈកិច្ចនោះ ប្រធានាធិបតីកូរ៉េ ក៏បានជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដូចជាពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ជាដើម។ល។

មកដល់ពេលនេះ ទំហ៊ំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េខាងត្បូង មានការកើនឡើងគួរឱ្យកត់សម្គាល់។ ការវិនិយោគរបស់កូរ៉េនៅកម្ពុជា មានចំនួន២១២គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន ៤.៥៦ ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨។ ចំណែកពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុប មានចំនួន៩៧៥លានដុល្លារ កើនឡើង១១% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ កំណើនទំហំវិនិយោគជាលំដាប់នេះ បង្ហាញថាវិនិយោគិនបរទេស មានទំនុកចិត្តកាន់តែខ្លាំងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ងាកមកមើលទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនវិញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅតែបន្តរឹតចំណងសាមគ្គីភាព និងធ្វើសហប្រតិបត្តិការជាមួយគ្នាកាន់តែល្អប្រសើរថែមទៀត ហើយភាគីជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកបច្ចេកទេស និងថវិកា ដដែល។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា និងលោក ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរួមគ្នាដាក់ឱ្យដំណើរការឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអររួចរាល់។ ស្ពានជ្រោយចង្វារទី១នេះ បានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ តាមរយៈជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ដោយសារតែភាពទ្រុឌទ្រោម រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំដល់មិត្តជប៉ុន ជួយជួសជុលឡើងវិញនៅឆ្នាំ២០១៧ អស់ទឹកប្រាក់ប្រមាណ ៣០លាន ដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់មិត្តជប៉ុន ហើយស្ពាននេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការឡើងវិញនៅមុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។

គួរកត់សម្គាល់ថា ប្រទេសជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយឥតសំណងធំជាងគេដល់កម្ពុជា តាំងពីឆ្នាំ១៩៩៣មក ហើយទំហ៊ំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ទំហ៊ំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ២០១៦ មានជាង១.៥ ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅជប៉ុនមានជាង ១.២ ពាន់លានដុល្លារ ខណៈការនាំចូលរបស់ជប៉ុនមកកម្ពុជា មានតែជាង ៣០០ លានដុល្លារប៉ុណ្ណោះ។ កម្ពុជា និងជប៉ុន បានសន្យាថានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ២ ពាន់លានដុល្លារនៅឆ្នាំខាងមុខ។ ការសន្យានេះធ្វើឡើងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ជប៉ុន ស៊ីនហ្សូ អាបេ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃទៅជប៉ុន កាលពីពេលកន្លងទៅនេះ។

បើទោះបីកម្ពុជា ពេលនេះត្រូវបានមនុស្សពីរនាក់ដែលជាតំណាងគណៈកម្មការអឺរ៉ុប បន្តគំរាមដាក់សម្ពាធមកលើបញ្ហាព្យួរ និងផ្តាច់ការអនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុប ហៅកាត់ថា EBA ក្តី ក៏នៅមានសមាជិកព្រឹទ្ធសភាអឺរ៉ុប និងសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួននៅតែមិនយល់ស្របជាមួយវិធានការនេះឡើយ ហើយពួកគេបានចាត់ទុកការដាក់សម្ពាធមកលើកម្ពុជានៅពេលនេះគឺជារបៀបវារៈខាងនយោបាយច្រើនជាងលេសចោទប្រកាន់ពីបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។

ក្នុងជំនួបរវាងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា កាលពីខែមុននៅទីស្តីការក្រសួង លោក ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ ( Francois Grosdidier) សមាជិកព្រឹទ្ធសភាបារាំងនិង ជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា បានអះអាងថា បើនិយាយពីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា គឺមានលក្ខណៈល្អប្រសើរ ជាងប្រទេសនៅអឺរ៉ុប និងនៅប្រទេស ប្រជាធិបតេយ្យមួយចំនួនទៅទៀត ដែលប្រទេសខ្លះ មានការឡើងកាន់អំណាចមិនមានការបោះឆ្នោតផង។ ទន្ទឹមនេះ សហភាពអឺរ៉ុប មកនិយាយតែពីកម្ពុជា ខណៈដែលកម្ពុជាមានការរៀបចំការបោះឆ្នោតគ្រប់អាណត្តិ និងមានគណបក្សនយោបាយជាច្រើន ចូលរួមប្រកួតប្រជែង ពិសេសការបោះឆ្នោត កាលពីឆ្នាំ២០១៨កន្លងមក ដែលមានគណបក្សនយោបាយ រហូតដល់ទៅ២០បានចូលរួម និងមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង ៨៣ភាគរយ។ សមាជិកព្រឹទ្ធសភាបារាំងរូបនេះ បានធ្វើការប្រៀបធៀបចំៗ ទៅនឹងប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិកអឺរ៉ុប ដែលមិនបានគោរព និងអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញនៅឡើយទេមកដល់ពេលនេះ តែបែរជាបណ្តាប្រទេសនៅក្នុងអឺរ៉ុបខ្លួនឯង និង សហរដ្ឋអាមេរិក ធ្វើមិនដឹង មិនឮទៅវិញ។ លោក ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ យល់ថា នៅក្នុងដំណើរទស្សនកិច្ចលើកទី២ របស់លោកនៅកម្ពុជានេះ លោកបានមើលឃើញច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជា ទាំងល្បឿននៃការអភិវឌ្ឍ ការរីកចម្រើនវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា គឺមានភាពធូរធារ ពិសេសបានឃើញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលផ្ទុយពីការលើកឡើង របស់បុគ្គលមួយចំនួនដែលថាគ្មានការគោរពសិទ្ធិមនុស្ស និងមិនមានលទ្ធិប្រជាធិបតេយ្យ។

ជារួម កម្ពុជាបច្ចុប្បន្ន គឺខុសពីទស្សវត្សឆ្នាំ៨០ ដែលត្រូវហ៊ុំព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ពីសំណាក់បរទេស។ សេដ្ឋកិច្ចកម្ពុជា ពេលនេះកាន់តែរឹងមាំជាលំដាប់ និងត្រូវទទួលស្គាល់ដោយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលពួកគេបានមកធ្វើការសិក្សាវាយតម្លៃ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា។ ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តក្នុងកំណើនរឹងមាំ ជាមធ្យមប្រមាណ ៦.៥% ទៅ ៧% ក្នុង១ឆ្នាំ សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ ហើយដែលការវាយតម្លៃនេះគឺស្របទៅនឹងស្ថានភាពល្អប្រសើរនៃលទ្ធផលអនុវត្ត ផ្នែកសារពើពន្ធ។

ដោយប្រកាន់យកនូវទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តទាំងអស់ ប្រជាជនកម្ពុជា រីករាយជាមួយនឹងចំណងមិត្តភាពគ្រប់បណ្តាប្រទេស និងខិតខំធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់នៅលើពិភពលោក មិនថាមិត្តក្នុងប្លុកសេរី ឬមិត្តក្នុងប្លុកកុម្មុយនីស្តឡើយ ហើយប្រជាជនកម្ពុជាក៏មិនត្រូវការឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនផងដែរ៕

ដោយ៖ សួន ចំរើន

អត្ថបទទាក់ទង