ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកចរចាទាំងអស់នឹងមានឆន្ទៈនយោបាយរួមគ្នាដើម្បីបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង RCEP

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 56
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកចរចាទាំងអស់នឹងមានឆន្ទៈនយោបាយរួមគ្នាដើម្បីបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង RCEP លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកចរចាទាំងអស់នឹងមានឆន្ទៈនយោបាយរួមគ្នាដើម្បីបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង RCEP

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញសេចក្តីសង្ឃឹមថា ប្រទេសសមាជិកចរចាទាំងអស់ នឹងមានឆន្ទៈនយោបាយរួមគ្នាដើម្បីបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង អាសិប (RCEP) នេះ ក្នុងឆ្នាំ២០១៩ ដែលប្រទេសថៃនឹងត្រូវធ្វើជាប្រធានអាស៊ាន ស្របតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូល អាសិប លើកទី២ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ដើម្បីអាចឈានទៅរកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតក្នុងតំបន់។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបើកអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលពិធីនេះប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសសមាជិកនៃភាគីចរចាទាំងអស់ ទោះបីជាមានរបៀបវារៈសេដ្ឋកិច្ចផ្សេងៗគ្នា ត្រូវតែនាំគ្នាពិនិត្យកិច្ចព្រមព្រៀង អាសិប នេះ ដោយស្មារតីទទួលខុសត្រូវទៅលើទិដ្ឋភាពជារួម ដែលមានសក្តានុពល និងអត្ថប្រយោជន៍ ដើម្បីឱ្យដំណើរការនៃការចរចា អាចប្រព្រឹត្តទៅដោយរលូន ហើយជំនះបាននូវឧបសតដែលនៅសេសសល់ ដើម្បីបញ្ចប់កិច្ចចរចាឱ្យបានទាន់ពេលវេលា ដែលបានកំណត់ប្រកបដោយតម្លាភាព ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវប្រទេសសមាជិកចូលរួមចរចាកិច្ចព្រមព្រៀង អាសិប ទាំងអស់ត្រូវមានឆន្ទៈនយោបាយ ហើយសូមផ្តល់ការណែនាំដល់សមាជិកនៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនេះ ប្រកបដោយភាពទន់ភ្លន់ ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមគោលការណ៍ណែនាំដែលបានឯកភាពគ្នា កាលពីឆ្នាំ ២០១២នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញ៕

អត្ថបទទាក់ទង