ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត៖ អ្នកនយោបាយខ្មែរមួយចំនួន គួរតែលើកកិត្តិយសជាតិនៅក្រៅប្រទេស ប្រសើរជាងបន្តុះបង្អាប់ជាតិឯង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 54
លោក ហ៊ុន ម៉ាណែត៖ អ្នកនយោបាយខ្មែរមួយចំនួន គួរតែលើកកិត្តិយសជាតិនៅក្រៅប្រទេស ប្រសើរជាងបន្តុះបង្អាប់ជាតិឯង លោក ហ៊ុន ម៉ាណែត៖ អ្នកនយោបាយខ្មែរមួយចំនួន គួរតែលើកកិត្តិយសជាតិនៅក្រៅប្រទេស ប្រសើរជាងបន្តុះបង្អាប់ជាតិឯង

លោក ហ៊ុន ម៉ាណែត តំណាងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានីហ៊ុនសែន ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តអង្គសិរីនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានលើកឡើងថា អ្នកនយោបាយខ្មែរមួយចំនួន គួរតែលើកកិត្តិយសជាតិនៅក្រៅប្រទេស ប្រសើរជាងបន្តុះបង្អាប់ជាតិឯង។

ក្នុងពិធីនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើខ្មែរមិនជួយលើកជាតិខ្មែរ គ្មាននរណាលើកយើងទេ ដូច្នេះរួមគ្នាធ្វើអំពើល្អ ព្រោះការធ្វើអំពើល្អ មានការគាំទ្រពីប្រជាពលរដ្ឋ។

លោកក៏បានផ្ដាំផ្ញើផងដែរថា ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព សេចក្តីសុខសុខសប្បាយ និងការរីកចម្រើនរបស់ប្រទេសជាតិ កុំធ្វើតាមការញុះញង់តាមកលល្បិចរបស់អ្នកនយោបាយមួយចំនួន ដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន ហើយសូមប្រជាពលរដ្ឋខិតខំធ្វើការ និងកសាងអនាគតកូនចៅយើងជំនាន់ក្រោយ។

លោក ហ៊ុន ម៉ាណែត អះអាងថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លោកហត់ណាស់ ប៉ុន្តែកម្លាំងចិត្តរបស់លោកនៅជាមួយប្រជាពលរដ្ឋជានិច្ច លោកបានខិតខំធ្វើការ ទាំងក្នុងប្រទេស និងក្រៅប្រទេស ខិតខំលើកកិត្តិយសជាតិគ្រប់ទីកន្លែង ខិតខំគៀងគរអ្នកវិនិយោគ មកវិនិយោគនៅក្នុងប្រទេស ដើម្បីបង្កើតឱកាសការងារ ឲ្យកូនចៅប្រជាពលរដ្ឋ ដោះស្រាយបម្រើប្រជាពលរដ្ឋ ហើយលោកតែងតែគិតគូរយកចិត្តទុកដាក់ និងមានកម្លាំងចិត្តបម្រើប្រជាពលរដ្ឋតទៅទៀត ដោយមិនរត់ចោលប្រជាពលរដ្ឋដូចអ្នកនយោបាយខ្លះនោះទេ។

លោកបានសង្កត់ធ្ងន់ថា ការប្ដេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺបម្រើប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តចុះអំពើល្អ នៅតែឈ្នះអស់មារសត្រូវ ហើយធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការរីកចម្រើនទៅមុខ។ ប្រជាពលរដ្ឋបន្តជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងការការពារប្រជាជន ការពារផលប្រយោជន៍ជាតិ ហើយយើងរួមគ្នាកសាងប្រទេសទៅមុខបន្តទៀត។

ក្នុងពិធីនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរសមិទ្ធផលនៅវត្តអង្គសិរី ដែលកើតឡើងដោយការខិតខំចលនា គៀងគរពីសំណាក់ព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយដែលបានរួមគ្នា កសាងសមិទ្ធផលជាច្រើន ដែលការរីកចម្រើននេះបាន ដោយសារប្រទេស មានសុខសន្តិភាព មានការរីកចម្រើនវិស័យសាសនា និងមានការចូលរួមចែករំលែកពីសំណាក់ពុទ្ធបរិស័ទ សប្បុរសជនដើម្បីកសាងសមិទ្ធផលនៅទីនេះ ក៏ដូចជាសមិទ្ធផលជាច្រើននៅទូទាំងប្រទេស៕

អត្ថបទទាក់ទង