ខ្មែរប៉ុស្ដិ៍ Close

សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​ បាន​ទទួលពាក្យ​បណ្តឺង​របស់អគ្គស្នងការដ្ឋាននគរបាលជាតិរួចហើយ ដែលប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «ក្បត់ជាតិ»

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 86
សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​ បាន​ទទួលពាក្យ​បណ្តឺង​របស់អគ្គស្នងការដ្ឋាននគរបាលជាតិរួចហើយ ដែលប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «ក្បត់ជាតិ» សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​ បាន​ទទួលពាក្យ​បណ្តឺង​រួចហើយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ«ក្បត់ជាតិ»

ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីវីដេអូអំពីកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និងលោក កុក សរ មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពី៥ឆ្នាំមុន ត្រូវបានបណ្តាញទំនាក់ទំនង Facebook ឈ្មោះ Rithy Erng អនិកជន​ខ្មែរនៅ​សហរដ្ឋ​អាមេរិក​ ដែលជាសកម្មជនអតីតបក្សប្រឆាំង ទម្លាយឱ្យ​ដឹង​ជា​សាធារណៈកាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨កន្លង​ទៅ​។

នៅក្នុងវីដេអូនោះ លោក សម រង្ស៊ី  ដែល​កាល​ណោះ​គាត់​ក្នុង​ឋានៈជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នាថ្មីៗនេះ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន នៅសហរដ្ឋអាមេរិក។

នៅ​ព្រលប់​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨នេះ​ដែរ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ដែល​ជា​អង្គភាព​មួយ​ធ្លាប់​បាន​ផលិត​ឯកសារ​វីដេអូជា​ច្រើន រួម​ទាំង​ការ​បំ​ភ្លឺដ៏មុត​ស្រួច​ពី​បញ្ហា​នយោបាយ​ ក៏បាន​បង្ហោះ​ផ្សាយនូវ​វីដេអូថ្មី​មួយ​ទៀត​ផងដែរតាម​បណ្តាញ​ទូរទស្សន៍ក្នុង​ស្រុក និង​គេហទំ​ព័រជា​ច្រើន​ ក៏ដូចជា​ហ្វេសប៊ុក​ ដោយ​ដាក់​ចំ​ណង​ជើង​ថា ទង្វើ​ក្បត់​ជាតិ និង​ប្រជាជន​ខ្មែររបស់​ទណ្ឌិត សម រង្ស៊ី។ ក្នុង​វីដេអូ​នេះ ក៏បាន​បង្ហាញ​អំពី​ជីវប្រវត្តិ​ពិតរបស់​លោក កុក ស ដោយ​បញ្ជាក់ថា លោក កុក ស គឺជា​ជន​ជាតិវៀតណាម​រស់​នៅ​ភូមិភាគកណ្តាលនៃប្រទេសវៀតណាមក្នុងខេត្ត យ៉ាឡាយ Gia Lay ។

ឯកសារ​ក៏បាន​លាតត្រដាង​ទៀតថា​  លោក កុក សរ ធ្លាប់​បានចូលរួមក្នុងចលនាបំបែករដ្ធ FUlROដែលដឹកនាំដោយ ប៉ា គ័យ ~ KPA KOI នៅឆ្នាំ១៩៦៩។ លោក កុក សរ បានទទួលការបណ្តុះ​បណ្តាលផ្នែកយោធានៅឆ្នាំ១៩៧៤នៅសហរដ្ធអាមេរីក ។  នៅខែធ្នូឆ្នាំ១៩៧៤ មេដឹកនាំ FULRO គឺ ឧត្តមសេនីយ អ៊ី បាម អ៊ីណុល  Y Bham Enuol បានប្រកាសជាសាធារណះថា កុក សរ ជាឧត្តមសេនីយ៍ឯក ​ជាជំនួយការគាត់ផង និងជាតំណាងរបស់ខ្លួននៅសហរដ្ផអាមេរីកផងដែរ។ និង​នៅចុងឆ្នាំ ១៩៩៩ កុក សរ បានប្រកាសបង្កើត«រដ្ធដេហ្កាឯករាជ្យនីរទេសនៅ សហរដ្ឋអាមេរីក»។ រដ្ឋដេហ្កានេះ បានចាត់ទុកខេត្តចំនួន១៤ក្នុងប្រទេសវៀតណាម គឺពីខេត្តក្វាង ទ្រី (QUANG Tri) ដល់ខេត្ត ប៊ីន ធាន់ ( Binh Thuan) ជាទឹកដីរបស់ខ្លួន ដែល​ទង្វើ​នេះស្មើ​នឹងការបំ​បែក​រដ្ឋ​ ឬការ​បង្កើតរដ្ឋ​ក្នុង​រដ្ឋ ។

ងាក​មក​បណ្តឹងរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងទណ្ឌិត សម រង្ស៉ី និងឈ្មោះ កុក សរ មេដឹកនាំចលនាវៀតណាមជនជាតិភាគតិច Degar (ម៉ុងតាញ៉ា) កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិក​ បានបញ្ជាក់យ៉ាងច្បាស់៖ ត្រង់មាត្រា៣ គឺជនជាតិដើមភាគតិច Degar មានសិទ្ធិស្វ័យភាព គឺមានសិទ្ធិធ្វើ និងអនុវត្តសេចក្តីសម្រេចលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និងតំបន់របស់ពួគេរស់នៅក្នុងប្រទេសកម្ពុជា និងមាត្រា៥ ជនជាតិដើមភាគតិចទាំងនោះ​ មានសិទ្ធិពេញលេញ ប្រសិនបើពួកគេចូលរួមក្នុងជីវភាពនយោបាយ គឺក្នុងន័យថា បើគាំទ្រគណបក្សសង្រ្គោះជាតិ។ ម្យ៉ាងទៀត ក្នុងវិដេអូរបស់ទណ្ឌិត សម រង្ស៉ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលគណបក្សសង្រ្គោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ខ្លួននឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិវៀតណាមភាគតិចម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។

នាយកដ្ឋានប្រឆាំងភេរវកម្ម បានចាត់ទុកថា វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខា ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី គឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ អង្គភាពមានសមត្ថកិច្ចមួយនេះ ក៏បានស្នើឱ្យតំណាងអយ្យការ ទទួលចាត់ការចំពោះ អំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឱ្យជនបរទេសរវាងឈ្មោះ សម រង្ស៊ី និងបរទេសជាជន​ជាតិ​ភាគ​តិចវៀតណាម Degar ដែល​បាន​ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដើម្បីផ្តន្ទាទោសតាមផ្លូវ​ច្បាប់។

បើតាម លោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា រហូតដល់ពេលនេះ ស្ថាប័នរបស់លោក បានទទួលពាក្យបណ្តឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រួចហើយ។ លោកអះអាងថា «អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលសំណុំរឿង ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលពាក់ពន្ធ័នឹងអំពើក្បត់ជាតិ និងប៉ះពាល់ដល់អធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជាដោយការឃុបឃិតកាត់ទឹកដីឱ្យទៅជនបរទេស ហើយបាននិង​កំពុងរៀបចំសំណុំរឿងទៅតាមនីតិវិធី»៕

អត្ថបទទាក់ទង