ខ្មែរប៉ុស្ដិ៍ Close

នៅសល់តែ ១៧ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម រង្ស៊ី នឹងមកដល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 59
នៅសល់តែ ១៧ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម រង្ស៊ី នឹងមកដល់ នៅសល់តែ ១៧ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម រង្ស៊ី នឹងមកដល់

យើងនៅចងចាំយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា បបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, លោកនាយករដ្ឋមន្ត្រី នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេនោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»។

នៅក្នុងករណីភ្នាល់នេះ សូមរំលឹកទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់ថា បើគិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសល់រយៈពេលតែ ១៧ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលកំណត់នៃការភ្នាល់ពោលគឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះទណ្ឌិត សម រង្ស៊ី គួររៀបចំកក់សំបុត្រយន្តហោះ និងសម្ភារមួយចំនួន ត្រឡប់មកកាន់មាតុភូមិដ៏កំសត់មួយនេះ ដើម្បីត្រៀមដេកគុកតាមកិច្ចសន្យាភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី នេះបើតាមសម្តីរបស់អ្នកវិភាគ។

សូមបញ្ជាក់ថា នាពេលថ្មីៗលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរកំណាព្យចំនួន ៤ឃ្លា បង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងបង្កការងឿងឆ្ងល់យ៉ាងខ្លាំងដល់មិត្តអ្នកអានផងដែរ។
កំណាព្យ ៤ឃ្លា ដែលលោកបានបង្ហោះនៅលើ Facebook ថ្ងៃនេះ មានខ្លឹមសារយ៉ាងដូច្នេះ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង) សង្សារបងអើយដល់ពេលហើយ ឬនៅ?។ ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង) ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។
កំណាព្យ ៤ឃ្លា របស់ប្រមុខរាជរដ្ឋាភិបាលដែលជាអ្នកចូលចិត្តតែងនិពន្ធមួយរូបដែរនោះ បានបង្កការងឿងឆ្ងល់ជាខ្លាំងចំពោះអត្ថន័យដ៏ជ្រាលជ្រៅបង្កប់នៅក្នុងកំណាព្យនេះ។

មានពាក្យមួយឃ្លាគេតែងតែលើកឡើងថា គ្រប់សកម្មភាព គ្រប់ទង្វើរបស់អ្នកនយោបាយ គ្មានសកម្មភាពណាមួយ ឬទង្វើណាមួយដែលមិនភ្ជាប់ជាមួយបញ្ហានយោបាយនោះឡើយ។ សម្រាប់កំណាព្យខាងលើរបស់លោកនាយករដ្ឋមន្រ្តី ក៏ត្រូវបានគេសន្និដ្ឋានមានអត្ថន័យផ្សារភ្ជាប់ទៅបញ្ហានយោបាយផងដែរ។

អ្នកតាមដានបញ្ហានយោបាយបានសន្និដ្ឋាន កំណាព្យនេះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានចេតនាយ៉ាងពិតប្រាកដផ្ញើទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី គ្រាដែលការភ្នាល់រវាងលោកនាយករដ្ឋមន្រ្តី និងទណ្ឌិតរូបនេះជិតដល់ឱសានវាទ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។
អ្នកតាមដានបញ្ហានយោបាយ បានសាកល្បងបកស្រាយឃ្លាកំណាព្យខាងលើនេះយ៉ាងដូច្នេះ។
ឃ្លាទី១ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ»។ លោកនាយករដ្ឋមន្រ្តី ចង់បញ្ជាក់ថា ទោះបីទណ្ឌិត សម រង្ស៉ី ប្រឹងប្រែងធ្វើសកម្មភាពគ្រប់បែបយ៉ាងឲ្យលោកតបត និងឆ្លើយតប តែលោកនៅតែរក្សាភាពស្ងាត់ស្ងៀមគ្មានការតបតអ្វីទាំងអស់។
ឃ្លាទី២ «សង្សារបងអើយដល់ពេលហើយឬនៅ?»។ ឃ្លានេះ លោកធ្វើជាសួរឌឺទៅទណ្ឌិត សម រង្ស៉ី តែតាមការពិតលោកចង់រំលឹកថា ការភ្នាល់រវាងលោក និងទណ្ឌិត សម រង្ស៉ី ជិតដល់ពេលហើយ។
ឃ្លាទី៣ «ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ»។ ឃ្លានេះ លោកបានបញ្ជាក់ថា លោកគ្មានការស្នើសុំការលើកលែងទោសដល់ទណ្ឌិត សម រង្ស៉ី ទៀតនោះទេ ដោយលោកចាត់ទុកទណ្ឌិតរូបនេះជាមនុស្សចិត្តខ្មៅ។ ចិត្តខ្មៅ ក៏ព្រោះតែលោកធ្លាប់បានសូមព្រះរាជទានលើកលែងទោសពីរដងរួចមកហើយ តែទណ្ឌិតនេះមិនត្រឹមតែមិនដឹងគុណនោះទេ ថែមទាំងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរថែមទៀតដល់រូបលោក និងក្រុមគ្រួសារ។
ឃ្លាទី៤ «ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។ ឃ្លានេះ លោកចង់គូសបង្ហាញថា មានឧបសគ្គជាច្រើននៅចំពោះមុខទណ្ឌិត សម រង្ស៉ី ធ្វើម្តេចនឹងអនុញ្ញាតឲ្យទណ្ឌិតរូបនេះអាចវិលត្រឡប់ចូលស្រុក ដូចអ្វីដែលខ្លួនបានសន្យាជាមួយអ្នកគាំទ្រនោះ។

នេះគ្រាន់តែជាការសាកល្បងបកស្រាយពីអត្ថន័យនៃកំណាព្យរបស់លោកនាយករដ្ឋមន្រ្តី ពីសំណាក់អ្នកតាមដានបញ្ហានយោបាយតែប៉ុណ្ណោះ។ តែអត្ថន័យពិតនៃកំណាព្យនេះ គឺមានតែរូបជាម្ចាស់កំណាព្យប៉ុណ្ណោះទើបអាចបញ្ជាក់បាន៕

អត្ថបទទាក់ទង