ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាព ការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាព ការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាព ការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (ខ ភ​ ម) នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅអនុវត្តការងារបន្តសំរាប់ឆ្នាំ២០១៩ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ  ដែលពិធីបើកកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ អស់លោកជាថ្ឋាក់ដឹកនាំជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពទាំងបីប្រភេទ មេបញ្ជាការ មេបញ្ជាការរង គ្រប់យោធភូមិភាគ កងពលតូច កងពលធំ កងការពារព្រំដែន និងស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីការថ្លែងបើកកម្មវិធីដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន រួចមក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ ខ ភ ម ឆ្នាំ២០១៨នេះថា នៅគ្រប់កងឯកភាពកងទ័ពទាំងបីប្រភេទ គ្រប់បណ្តាអង្គភាពយោធភូមិភាគទាំង៦ កងពលតូច កងពលធំ វរសេនាតូច វរសេនាធំ និងគ្រប់កងការពារព្រំដែន ព្រមទាំងបណ្តាទ័ពជំនាញពាក់ព័ន្ធទាំងអស់ចំណុះឲ្យកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ល្អរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃ ខ ភ ម ពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលមួយឆ្នាំ ឆ្នាំ២០១៨ កន្លងមកនេះ នាយ​ ពលទាហាននៅគ្រប់កងឯកភាពបានខិតខំយកអស់ពីកម្លាំងកាយចិត្តបំពេញការងារយ៉ាងល្អបំផុតសំរាប់ជាតិនិងមាតុភូមិ។

លោកបានបន្តថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ នៅទូទាំងកងយោធពលខេមរភូមិន្ទ នាយ ពលទាហាន នៅគ្រប់កងឯកភាពចំណុះឲ្យអគ្គមេបញ្ជាការ បានខិតខំយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើការងារហ្វឹកហ្វឺនកម្លាំងលើគ្រប់ជំនាញ ក្នុងការបង្កើនសមត្ថភាពឲ្យនាយ ពលទាហាន របស់យើងកាន់តែមានឆន្ទៈស្នេហាជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តានិងអភិវឌ្ឍន៍ប្រទេសជាតិ រួមគ្នាការពារជាតិ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំ។

លើសពីនោះទៅទៀត លោកក៏បានលើកឡើងផងដែរ អំពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗដែលពាក់ព័ន្ធដល់បញ្ហាវិបត្តិនយោបាយ គ្រោះមហន្តរាយធម្មជាតិ អំពើភារវកម្ម បទល្មើសគ្រឿងញៀនឆ្លងដែន បទល្មើសព្រៃឈើ ដែលកើតមានឡើងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីឲ្យអង្គប្រជុំធ្វើការពិចារណាពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រិៈរកនូវគន្លឹះល្អៗដើម្បីធ្វើយ៉ាងណាទប់ស្កាត់នឹងបង្ក្រាបឲ្យបានទាន់ពេលវេលា រាល់ភាពអសកម្មទាំងឡាយដែលកើតមានឡើងក្នុងភូមិសាស្ត្រដែលគ្រប់អង្គភាពរបស់​កងយោធពលខេមរភូមិន្ទ​ទទួលខុសត្រូវ ជាពិសេសបានផ្តោតយ៉ាងសំខាន់ទៅលើបញ្ហាសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា ដែលជាប់ជាមួយប្រទេសជិតខាង ដោយធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងសហការ និងទប់ស្កាត់ឲ្យខាងតែបាន ចំពោះការចេញចូលឆ្លងដែនរកស៊ីខុសច្បាប់ របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេសជិតខាង ដែលជាបញ្ហាប្រឈមនាំឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋយើង។

ជាមួយគ្នានោះដែរ​ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការល្អរបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាពចំណុះឲ្យអគ្គមេបញ្ជាការនៃ ខ ភ ម ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្តបំពេញការងារបំរើជាតិ ប្រជាជន ការពារជាតិ ទឹកដី និងប្រជាជនបានយ៉ាងរឹងមាំ និងសុខសាន្ត៕

អត្ថបទទាក់ទង