ខ្មែរប៉ុស្ដិ៍ Close

ឆ្នាំទេសចរណ៍ និងវប្ប​ធម៌ដំបូង នឹងទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគិនចិនមកទស្សនា និងវិនិយោគបន្ថែមនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
ឆ្នាំទេសចរណ៍ និងវប្ប​ធម៌ដំបូង នឹងទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគិនចិនមកទស្សនា និងវិនិយោគបន្ថែមនៅកម្ពុជា ឆ្នាំទេសចរណ៍ និងវប្ប​ធម៌ដំបូង នឹងទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគិនចិនមកទស្សនា និងវិនិយោគបន្ថែមនៅកម្ពុជា

កម្ពុជា-ចិនបានរៀបចំទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ដំបូង» នៅសាលមហោស្រពចតុម្មុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន។

ទិវានេះ ក៏មានវត្តមានចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជននៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។

នៅក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឡើងអានសារលិខិតអបអរសាទរការប្រារព្ធទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌រវាងកម្ពុជា និងចិនដំបូង» របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនគណៈអធិបតី និងភ្ញៀងកិត្តិយសឱ្យបានជ្រាប។ តាមរយៈសារលិខិតនេះ លោក ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ដំបូង» នៅឆ្នាំ២០១៩នេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងបណ្ដាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា។

ចំណែកឯលោក ឡ ស៊ូកាង ក៏បានឡើងអានសារលិខិតរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនផងដែរ ដោយលោកបានបង្ហាញការរំពឹងទុកថា ប្រទេសទាំងពីរ កម្ពុជា-ចិន នឹងយកឆ្នាំទេសចរណ៍-វប្បធម៌រវាងកម្ពុជា និងចិននេះ ជាឱកាសល្អក្នុងការបង្កើនការផ្លាស់ប្ដូរវិស័យវប្បធម៌ ពង្រីកការផ្លាស់ប្ដូរមនុស្ស និងមនុស្សរវាងប្រទេសទាំងពីរ ជំរុញការយោគយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ខាងផ្នែកអរិយធម៌ និងការផ្សារភ្ជាប់ដួងចិត្តប្រជាជនប្រទេសទាំងពីរ រក្សាពូនជ្រុំឫសគល់មនោសញ្ចេតនាមេត្រីភាពប្រជាជន និងសង្គមកាន់តែជ្រៅជ្រះ និងរឹងមាំ ដើម្បីបង្កើតសមាគមរួមដែលមានវាសនាតែមួយ។

ក្រោយពីគណៈអធិបតីឡើងថ្លែងសន្ទរកថា និងអានសារលិខិតរបស់នាយករដ្ឋមន្ត្រី នៃប្រទេសជាមិត្តទាំងពីរហើយនោះ គេសង្កេតឃើញមានការសម្ដែងសិល្បៈរួមគ្នា រវាងក្រុមសិល្បករ-សិល្បការិនីកម្ពុជា-ចិនផងដែរ ក្នុងនោះរួមមាន៖ របាំចិន «ពោធិសាត់ព្រះហស្ថមួយពាន់» ចម្រៀងខ្មែរ «អារ៉ាប់ពីយ៉ា» ចម្រៀងចិន «អ្នកម្ដាយ» បទចម្រៀងខ្មែរ «រាត្រីជួបភក្ត្រ» របាំចិន «ទេពនិករការពារសត្វលោក» ការប្រគំឧបករណ៍ខ្លុយឫស្សីរបស់ចិន «ចម្រៀងថ្មីរបស់គង្វាល» របាំបុរាណខ្មែរ «អប្សរា» របាំងចិន «Magnolia Blossom» ការសម្ដែងក្បាច់កាយសម្ពន្ធរបស់កម្ពុជា របាំចិន «សម្រស់ស្រវឹង» ចម្រៀងចិន «ផ្កាម្លិះ» និងចម្រៀងរួមគ្នារវាងក្រុមសិល្បករ-សិល្បការិនីកម្ពុជា-ចិន «Auld Lang Syne» ដែលមើលទៅហាក់បង្ហាញពីភាពជិតស្និទ្ធយ៉ាងស្អិតល្មួតរវាងវប្បធម៌ប្រទេសទាំងពីរ៕

អត្ថបទទាក់ទង