ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ ប្រាប់ទៅអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ ចាត់ទុកគណបក្សឆន្ទៈខ្មែរជាជម្រកថ្មី ព្រោះគណបក្សដែលត្រូវរំលាយហើយមិនអាចរស់វិញឡើយ (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 35
លោក គង់ គាំ ប្រាប់ទៅអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ ចាត់ទុកគណបក្សឆន្ទៈខ្មែរជាជម្រកថ្មី ព្រោះគណបក្សដែលត្រូវរំលាយហើយមិនអាចរស់វិញឡើយ (មានវីដេអូ) លោក គង់ គាំ ប្រាប់ទៅអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ ចាត់ទុកគណបក្សឆន្ទៈខ្មែរជាជម្រកថ្មី ព្រោះគណបក្សដែលត្រូវរំលាយហើយមិនអាចរស់វិញឡើយ (មានវីដេអូ)

បន្ទាប់ពីបង្ហាញជំហរដើរចេញពីអតីតគណបក្សសង្រ្គោះជាតិ ហើយគ្រោងនឹងទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរនោះ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់លោក សម រង្ស៉ី បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក អតីតគណបក្សសង្រ្គោះជាតិទាំងអស់ ឱ្យទុកគណបក្សឆន្ទៈខ្មែរ គឺជាជម្រកថ្មីរបស់ខ្លួន។

សម្រាប់លោក គង់ គាំ, អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកាត់ទោសរំលាយអំពីបទល្មើសក្បត់ជាតិនោះ នឹងមិនអាចរស់ឡើងវិញ ដូចការលើកឡើងរបស់ លោក សម រង្ស៉ី និងបក្ខពួកមួយចំនួនរបស់លោកនោះឡើយ ហើយបើនៅតែរង់ចាំតទៅទៀត នឹងបាត់បង់ឱកាស។

លោក គង់ គាំ បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជា Fresh News នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖ «ខ្ញុំច្បាស់ជា បន្ទាប់ពីទទួលបានសិទ្ធិនេះ ទៅជួយគណបក្សឆន្ទៈខ្មែរហើយ សូមឱ្យអតីតគណបក្សសង្រ្គោះជាតិ ទុកគណបក្សឆន្ទៈខ្មែរ ជាជម្រកថ្មី ជាឱកាសថ្មីរបស់ខ្លួន សូមប្រជាពលរដ្ឋដែលចង់ឱ្យមានការផ្លាស់ប្តូរហ្នឹង ជ្រើសរើសគណបក្សឆន្ទៈខ្មែរ»។

លោក គង់ គាំ បានប្រកាសជំហរទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីចុងឆ្នាំ២០១៨ គ្រាដែលច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន១) ត្រូវបានរៀបចំដោយរដ្ឋសភា និងមុនច្បាប់នេះចូលជាធរមានម្ល៉េះ។ លោកបានដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដើម្បីសុំសិទ្ធិធ្វើនយោបាយនេះ បន្ទាប់ពីត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ ជាមួយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១១៧នាក់ ផ្សេងទៀត។

លោក គង់ គាំ ធ្លាប់បានអះអាងថា លោកនឹងក្លាយទៅជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សបង្កើតឡើងដោយកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា។ ជាមួយគ្នានេះ លោកបញ្ជាក់ថា គណបក្សឆន្ទៈខ្មែរ នឹងរៀបចំពិធីទទួលលោកនៅពេលខាងមុខ ដោយអធឹកអធមផងដែរ។

លោកគង់ គាំ បានបញ្ជាក់ថា៖ «ខ្ញុំគាំទ្រដល់គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សដែលគ្រោងនឹងចុះឈ្មោះចូលរួមបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្តក្រុង នៅឆ្នាំ២០១៩ គឺនៅខែឧសភាខាងមុខនេះ ដើម្បីទាំងអស់គ្នា ទាំងអ្នកដែលចង់បានតំណែងជាប់ឆ្នោត ហើយរួមគ្នាបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ដើម្បីមានពហុបក្សចាប់ពីរាជធានី ខេត្តក្រុងស្រុកខណ្ឌ ហើយនៅឆ្នាំ២០២៣ តទៅ មានពហុបក្សទាំងនៅរដ្ឋសភា និងព្រឹទ្ធសភា»។

សូមបញ្ជាក់ថា បន្ទាប់ពីដាក់សំណើរទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ លោក គង់ គាំ និងលោក គង់ បូរ៉ា កូនប្រុសរបស់លោក ដែលជាអតីតតំណាងរាស្រ្ត អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះមហាក្សត្ស ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យលើកលែងទោស ដោយបានត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

 

ប្រភព៖ Fresh News

អត្ថបទទាក់ទង