លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់មន្ត្រីរាជការទាំងអស់ ឱ្យខិតខំទ្វេដងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់មន្ត្រីរាជការទាំងអស់ឱ្យខិតខំទ្វេដង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ ឆ្លើយតបនឹងជំនឿចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតដល់ទទួលបានអាសនៈ១២៥ លើ១២៥។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។
ពាក់ព័ន្ធនឹងការបោះឆ្នោតគាំទ្រនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺនៅក្នុងការបោះឆ្នោតអាណត្តិទី៦កន្លងទៅនេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន៕