ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗតាមព្រំដែន បានជាង ៥០០០លើក ក្នុងឆ្នាំ២០១៨កន្លងទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 21
ក្រសួងការពារជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗតាមព្រំដែន បានជាង ៥០០០លើក ក្នុងឆ្នាំ២០១៨កន្លងទៅ ក្រសួងការពារជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗតាមព្រំដែន បានជាង ៥០០០លើក ក្នុងឆ្នាំ២០១៨កន្លងទៅ

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ឆ្នាំ២០១៨កន្លងទៅនេះ កងទ័ពជើងគោកបានសហការ និងម្ចាស់ការល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ សរុបបានចំនួន ៥,១៩៣លើក។

ការអះអាងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងស្របពេលដែលក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់តាមបណ្តាញសង្គម Facebook របស់លោកយ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៨កន្លងទៅនេះ កងទ័ពជើងគោក បានសហការ និងម្ចាស់ការល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ សរុបបានចំនួន ៥,១៩៣លើក (ព្រំដែនកម្ពុជា-ថៃ២,៤៩៧លើក កម្ពុជា-វៀតណាម១,២៥០លើក កម្ពុជា-ឡាវ១,៤៤៦លើក)»។

លោកបន្តថា សម្រាប់ឆ្នាំ២០១៨ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ប្រមូលផ្តុំ អនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ របស់រាជរដ្ឋាភិបាល កម្មវិធីផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។

ការអនុវត្តភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានពង្រឹងប្រៀបការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រ ទទួលខុសត្រូវ និងចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានដោយសន្តិវិធីប្រែក្លាយតំបន់ព្រំដែន ដែលប្រកបដោយសុខសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការផងដែរ៕

អត្ថបទទាក់ទង