ខ្មែរប៉ុស្ដិ៍ Close

វៀតណាម ផ្តល់ថវិកា១០លានដុល្លារ ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 32
វៀតណាម ផ្តល់ថវិកា១០លានដុល្លារ ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិកម្ពុជា វៀតណាម ផ្តល់ថវិកា១០លានដុល្លារ ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ​២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារជាតិប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្ដី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនេះ លោក ង៉ូ ស៊ុនលិច​ បានគោរពការអបអរសាទរ ជូនចំពោះលោកនាយករដ្ឋមន្រ្ដី ដែលបានទទួលជោគជ័យ ពីការបោះឆ្នោតនាពេលកន្លងមក និងជោគជ័យនៃសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលដទៃទៀត ដែលកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី។

លោក ង៉ូ ស៊ុនលិច​បានជម្រាបជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពីជំនួប​ និងកិច្ចព្រមព្រៀងជាមួយលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ​ ដែលនៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែលរួមមាន កិច្ចការពង្រឹងសមត្ថភាពកងទ័ព​ និងកងទ័ព សហប្រតិបត្តិការ ក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ ដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹងកិច្ចសហប្រតិបត្តិការផ្សេងទៀត។

លោក ង៉ូ ស៊ុនលិច ​ក៏បានបញ្ជាក់ឲ្យដឹងថា ប្រទេសវៀតណាម បានសម្រេចផ្តល់ថវិកាចំនួន១០លានដុល្លារ ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិរបស់កម្ពុជា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះកិច្ចពិភាក្សា និងការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរកម្ពុជា-វៀតណាម ហើយក៏បានលើកទឹកចិត្ត ឲ្យស្ថាប័នទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ហើយក៏បានផ្តល់អនុសាសន៍ ដល់លោក ង៉ូ ស៊ុនលិច ​ផងដែរ ថា ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយនោះ គួរគប្បីណាកំណត់ទីតាំងភូមិសាស្រ្តជាក់ស្តែង ថាទីតាំងណា ដែលអាចរងគ្រោះដោយសារទឹកជំនន់ និងទីតាំងណារងគ្រោះ ដោយសារភ្លើងឆេះព្រៃ និងទីតាំងណាដែលរងគ្រោះ ដោយសារជម្ងឺរាតត្បាត ដើម្បីងាយស្រួល ក្នុងការឆ្លើយតប ទៅនឹងគ្រោះមហន្តរាយ ដែលកើតឡើងទាំងនោះ ជាពិសេសអាចដោះស្រាយបានភ្លាមៗ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានជួយឧបត្ថម្ភថវិកា ជួយកសាងអគារទីស្តីការក្រសួងការពារជាតិកម្ពុជា៕

អត្ថបទទាក់ទង