ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តសៀមរាបថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 105
អភិបាលខេត្តសៀមរាបថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ អភិបាលខេត្តសៀមរាបថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តសៀមរាបជាផ្លូវការ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ទៀ សីហា ឋានន្តរសកិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៣ អភិបាលរងខេត្ត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង អភិបាលខេត្តចាស់ ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។

ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តសៀមរាបថ្មីនេះដែរ លោក ឃឹម ប៊ុនសុង បានឡើងធ្វើរបាយការណ៍ ស្តីពីសមិទ្ធផលដែលបានកសាង និងអភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានលើកនូវបញ្ហាប្រឈម និងឧបសគ្គមួយចំនួន និងការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនូវសមិទ្ធផលដែលលោក ឃឹម ប៊ុនសុង ដឹកនាំកន្លងមក ធ្វើឲ្យខេត្តមានការប្រែមុខមាតថ្មី ហើយសមិទ្ធផលទាំងនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាសមិទ្ធផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។ ក្នុងនោះដែរលោកឧបនាយករដ្ឋមន្ត្រី បានលើកនូវចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ យកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និងស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និងធនធានផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និងគុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីច្បាប់មួយចំនួន ដែលក្រសួងបានរៀបចំ ដែលជាវិធានការបង្ក្រាប និង ឆ្លើយតបទៅនឹងបញ្ហាមួយចំនួន សំខាន់ទាក់ទងធនធានធម្មជាតិ ក្នុងគោលដៅដើមី្បធ្វើការអភិរក្សធនធានធម្មជាតិទាំងនោះ ។

ក្នុងនោះដែរលោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់លោកអភិបាលខេត្តថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពល រដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាលលើការដឹកនាំ គ្រប់គ្រងបណ្តាមន្ទីរ ស្ថាប័ន និងអង្គភាពក្នុងខេត្តឲ្យបានល្អ និងបង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរ ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងប្រជាជនដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត៕

អត្ថបទទាក់ទង