ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយិកាអង្គការយូណេស្កូ កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងពេញទំហឹង ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
អគ្គនាយិកាអង្គការយូណេស្កូ កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងពេញទំហឹង ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌពិភពលោក អគ្គនាយិកាអង្គការយូណេស្កូ កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងពេញទំហឹង ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌពិភពលោក

នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ មុននឹងអញ្ជើញជាអធិបតីក្នុងពិធីបើកក៏ដូចជាអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ នៅសណ្ឋាគារសុខា សៀមរាបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិក្សាការងារជាមួយ លោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។ ក្នុងជំនួបនោះ លោកស្រី Audrey Azoulay បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិអប្សរា ដែលបានប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងពេញទំហឹង ក្នុងការការពារ និងអភិរក្ស បេតិកភណ្ឌពិភពលោកនេះ ហើយក្នុងឱកាសនេះដែរ លោកស្រី បានមានប្រសាសន៍ថា ការចូលរួមអបអរសាទរខួបទី២៥ឆ្នាំនេះ គឺជាការចូលរួមអបអរសាទរនៃភាពជ័យជាគំរូក្នុងការការពារ និងអភិរក្សបេតិកភណ្ឌពិភពលោក ជាពិសេសអង្គរវត្ត ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ក្នុងន័យនេះលោកស្រី រួមទាំងសហប្រធានដែលមានបារាំង និងជប៉ុន បានប្ដេជ្ញាចិត្តបន្តជួយថែរក្សាការពារបេតិកភណ្ឌពិភពលោកអង្គរវត្ត ហើយនឹងចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលជាបញ្ហាប្រឈមដែលកើតមានដើម្បីធ្វើយ៉ាងណារក្សាប្រាង្គប្រាសាទនេះ សម្បត្តិបេតិកភណ្ឌពិភពលោកនេះ សម្រាប់ជំនាន់ក្រោយក្រោយតៗទៀត។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនប្រតិភូយ៉ាងសង្ខេបអំពីប្រវត្តិមុនសង្រ្គាមនិងក្រោយសង្រ្គាម ក្នុងការការពារអភិរក្សអង្គរវត្ត និងឈានទៅដាក់អង្គរវត្តអោយក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយនោះដែរ លោក ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពីបញ្ហាប្រឈមជាសង្ខេបផងដែរ ហើយក៏បានមានប្រសាសន៍ ថានេះជាមោទនភាពមួយ ហើយគឺជាកិត្តិយសដល់អង្គរវត្ត ត្រូវបានដាក់បញ្ចូលជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក ហើយក៏បានសម្ដែងនូវអំណរគុណជូនដល់ជប៉ុន ដែលបានផ្ដួចផ្ដើមគំនិតក្នុងការដាក់អង្គរវត្តឱ្យទៅជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក ហើយក៏បានអរគុណចំពោះសហប្រធានដែលបានចូលរួមក្នុងពិធីអបអរសាទរខួបទី២៥ឆ្នាំ ក្នុងការដាក់អង្គរវត្តជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាន៍បញ្ជាក់ថា នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ដែលលោក ក្នុងនាមជានាយករដ្ឋមន្រ្តី មកបើកកម្មវិធីនេះ ហើយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបិទកម្មវិធីនេះផងដែរ។ លោកក៏បានជូនពរដល់គណៈប្រតិភូអង្គការយូណេស្កូ ក៏ដូជាសហប្រធានទាំងអស់ សូមជួបប្រទះតែសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង