ខ្មែរប៉ុស្ដិ៍ Close

ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយ​មានសារសំខាន់ណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចតំបន់អាស៊ី ក្លាយជាប៉ូលសេដ្ឋកិច្ចស្នូល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយ​មានសារសំខាន់ណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចតំបន់អាស៊ី ក្លាយជាប៉ូលសេដ្ឋកិច្ចស្នូល ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយ​មានសារសំខាន់ណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចតំបន់អាស៊ី ក្លាយជាប៉ូលសេដ្ឋកិច្ចស្នូល

នៅរសៀលថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២ ដែលមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទេសអាស៊ី និងអឺរ៉ុបជាច្រើនរូប។

ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានធ្វើការអបអរសាទរដល់បណ្តារដ្ឋមន្រ្តី នៃប្រទេស ជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលសម្រេចបាននូវលទ្ធផលជាដុំកំភួន ក្នុងការឈានទៅបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំនៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោក។

មេដឹកនាំទាំងអស់ក៏បានចាត់ទុកដែរថា ការប្រែប្រួលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពិភពលោក ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ក្លាយទៅជាប៉ូលសេដ្ឋកិច្ចស្នូល ជួយរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ច សកលលោក ព្រមទាំងអាចជួយទប់ស្កាត់នូវនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម។

ថ្លែងទៅកាន់មេដឹកនាំនៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ថ្វីត្បិតកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាសូមជំរុញឲ្យក្រុមអ្នកចរចាខិតខំពុះពារនូវឧបសគ្គតាមវិស័យនីមួយៗ ឲ្យបញ្ចប់ការចរចាតាមអាណត្តិដែលផ្តល់ ដោយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋាន មួយចំនួន និងត្រូវផ្តល់នូវការសម្របសម្រួលជាច្រើន ជាមួយបណ្តាប្រទេសដៃគូដ៏ទៃទៀត ក៏ដោយ។​ កម្ពុជានៅតែរក្សាជំហរ និងឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទាំងអស់ថា កិច្ចព្រមព្រៀងនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងដែលមាន លក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់ ទោះបីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នានៃទំហំ និងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដោយសារកម្រិតនៃសមត្ថភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ។

មេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំ និងរបាយការណ៍រដ្ឋមន្រ្តីកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់៕