ខ្មែរប៉ុស្ដិ៍ Close

ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ កោតសរសើរពីការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 35
ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ កោតសរសើរពីការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ កោតសរសើរពីការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

នៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក ស្យង់ ដេវិត ឡឺវិត (Jean David Levitte) ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ។ ជំនួបនេះ ក្នុងឱកាសដែលលោក Jean David Levitte ត្រូវបានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ហើយវាជាកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជាក្នុងការទប់ស្កាត់ឱសថក្លែងក្លាយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយលោក Jean David Levitte សារជាថ្មីទៀតបន្ទាប់ពីជំនួបកាលពីពេលមុនកាលពីអំឡុង ខែតុលា ឆ្នាំ២០១១ ដែលពេលនោះដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការសហការរៀបចំឱ្យមានសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ។ លោក ក៏បានអរគុណដល់លោក Jean David Levitte ដែលបានជ្រើសរើសកម្ពុជាធ្វើជាទីតាំងសម្រាប់ការធ្វើសន្និសីទប្រចាំតំបន់នេះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈសន្និសីទតំបន់នេះគឺមានការចូលរួមពីបណ្ដាប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសក្នុងតំបន់មេគង្គដូចជាកម្ពុជាឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងចិនផងដែរព្រមទាំងមានអង្គការអន្តរជាតិជាង២០ផ្សេងៗទៀតដែលបានចូលរួមក្នុងសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះ។

លោក Jean David Levitte បានបង្ហាញភាពរីករាយដែលបានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សារជាថ្មី ហើយបានរំលឹកពីអនុស្សាវរីយ៍ដែលបានចូលរួមក្នុងការចរចាស្វែងរកសន្តិភាពនៅប្រទេសបារាំងដែលក្នុងនោះបារាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្របសម្រួលស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។ លោកបានបន្តថា ពេលដែលរូបលោកបានចុះពីព្រលានយន្តហោះមក គឺមានការរំភើបដែលឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក Jean David Levitte មានជំនឿជឿទុកចិត្តថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងគំនិតផ្ដួចផ្ដើមក្នុងការបង្កើតឱ្យមានសន្និសីទតំបន់នេះឡើងពិតជាមានសារ:សំខាន់សម្រាប់សុខភាពប្រជាជនពីព្រោះឱសថក្លែងក្លាយនេះ វាប៉ះពាល់ដល់ប្រជាជនយ៉ាងច្រើនជាពិសេសប្រជាជននៅតាមទីជនបទដែលប្រើប្រាស់ឱសថក្លែងក្លាយនោះ។ លោក ក៏បានជម្រាបថាគណៈកម្មការរៀបចំ និងក្រុមការងារបានត្រួតពិនិត្យពិចារណាទៅលើសេចក្តីប្រកាសពីក្រុងភ្នំពេញ និងការអនុវត្តទៅមុខទៀត ដើម្បីទប់ស្កាត់បង្ការការពារប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនេះឱ្យមានប្រសិទ្ធភាព។ លោកក៏បានបញ្ជាក់ថា បន្ទាប់ពីសន្និសីទនេះទៅ នឹងត្រូវរៀបចំឱ្យមានសន្និសីទតំបន់ ហើយមិនត្រឹមតែតំបន់មេគង្គទេគឺអាចតំបន់អាស៊ានទាំងមូលផងដែរ នៅក្នុងការទប់ស្កាត់ឱសថក្លែងក្លាយនេះ។ លោក ក៏បានអបអរសាទរផងដែរចំពោះកម្ពុជាដែលទទួលរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមានកិត្តិយសណាស់ដែលបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រចាំតំបន់ ដោយលោកបានមានប្រសាសន៍ថា ឱសថក្លែងក្លាយគឺជាឃាតករលាក់មុខមួយដែលប្រជាពលរដ្ឋមួយចំនួនមិនបានដឹង ហើយកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ។ លោកបានមានប្រសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍទាំងអស់តែងតែជួបប្រទះនូវបញ្ហានេះទាំងអស់ ហើយលោកសង្ឃឹមថា តាមរយៈសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលនឹងចេញបន្ទាប់ពីសន្និសីទ នឹងមានការចាប់អារម្មណ៍ពីបណ្ដាប្រទេសផ្សេងៗទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឯកភាពក្នុងការពង្រីកវិសាលភាពនៃសន្និសីទតំបន់នេះដើម្បីឱ្យប្រទេសដទៃទៀតបានយល់ដឹង និងសុំឱ្យប្រទេសធំៗខ្លះអាចជួយគាំទ្រឱ្យដំណើរការក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះកាន់តែមានប្រសិទ្ធភាពតទៅមុខទៀតផងដែរ៕

អត្ថបទទាក់ទង