ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពអំណោយផលសំខាន់ៗរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពអំណោយផលសំខាន់ៗរបស់កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពអំណោយផលសំខាន់ៗរបស់កម្ពុជា

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រតី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មអ៊ីស្តានប៊ុល ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ផ្នែកឯកជនតួកគី ឥស្សរជន និងផ្នែកធុរកិច្ច ទៅពីព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ និងបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ បានបន្ដដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការសម្រេចអោយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ ដែលផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍធនធានមនុស្សការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់ប្រទេសកម្ពុជាដូចជា៖
១) កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេសបានធ្វើឱ្យកម្ពុជាស្ថិតនៅលើនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧ ភាគរយ។
២) កម្ពុជាស្ថិតនៅលើទីយុទ្ធសាស្ត្រក្នុងប្រវត្តិអាស៊ានដែលជាតំបន់បាន និងកំពុងក្លាយទៅជារោងចក្រនៃអាស៊ានហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅក្នុងចំណុចកណ្ដាលនៃតំបន់មេគង្គដែលជាតំបន់មានកំណើនសេដ្ឋកិច្ចតភ្ជាប់ខ្ពស់ជាងគេ សំរាប់ការអភិវឌ្ឍឧស្សាហកម្ម ផលិតកម្មនិងសេវាកម្មជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់។
៣) កម្លាំងពលកម្មដែលមានភាពសម្បូរបែប ដែលក្នុងនោះដែលមានអាយុត្រឹម៣៥ឆ្នាំចុះមានចំនួនរហូតដល់ ៧២ ភាគរយនៃចំនួនពលកម្មសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់នេះ។
៤) កម្ពុជាបានបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគក្នុងស្រុង និងអ្នកវិនិយោគបរទេស ហើយបរទេសអាចវិនិយោគបាន១០០%តែម្តង។
៥) ទំនិញផលិតនៅកម្ពុជាមិនត្រឹមតែផ្គត់ផ្គង់លើទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺមានការនាំចេញទៅកាន់ទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណជា ២៥០ លាននាក់ និងទីផ្សារអាស៊ានជាច្រើនទៀត។
៦) កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មនៃការតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗទៀតក្នុងតំបន់ដែលបង្កើតបាននូវប្រព័ន្ធឡូជីស្ទីក និងលើកកម្ពស់ជីវភាពប្រជាជន។

ក្នុងនាមរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកដែលមានបំណងមកវិនិយោគនៅកម្ពុជា សូមចាប់ផ្តើមមកវិនិយោគ ហើយសម្ដេចក៏សូមធានាជូនអ្នកវិនិយោគទាំងអស់នូវសន្តិភាព សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

អត្ថបទទាក់ទង