ខ្មែរប៉ុស្ដិ៍ Close

ភ្លើងស្តុបថ្មីចំនួន ៦កន្លែង ត្រូវបានដាក់ឲ្យដំណើរការ លើកំណាត់ផ្លូវជាតិលេខ១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 98
ភ្លើងស្តុបថ្មីចំនួន ៦កន្លែង ត្រូវបានដាក់ឲ្យដំណើរការ លើកំណាត់ផ្លូវជាតិលេខ១ ភ្លើងស្តុបថ្មីចំនួន ៦កន្លែង ត្រូវបានដាក់ឲ្យដំណើរការ លើកំណាត់ផ្លូវជាតិលេខ១

ក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតម្លើងភ្លើងស្តុបថ្មីចំនួន១១៥ទីតាំង ក្នុងនោះភ្លើងស្តុបជាង១០០ត្រូវបានដាក់ឲ្យដំណើរការ នៅសល់ប្រមាណ១០ទីតាំងទៀត ក្រុមការងារកំពង់ខិតខំឲ្យរួចរាល់ក្នុងពេលឆាប់ៗនេះ ព្រមទាំងមានបំពាក់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុបផងដែរ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរណ៏ ឬបទល្មើសផ្សេងៗ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការភ្លើងស្តុបថ្មី ចំនួន៦កន្លែង នៅផ្លូវជាតិលេខ១ ដូចខាងក្រោម គឺ

  • ទី១.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវលេខ៣៦៣ ផ្សារច្បារអំពៅ
  • ទី២.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវលេខ៦២៨
  • ទី៣.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៥១ វត្តនិរោធន៍
  • ទី៤.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវទូរទស្សន៍បាយ័ន
  • ទី៥. ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវចូលបុរី ប៉េង ហួត បឹងស្នោរ
  • ទី៦.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវចូលមន្ទីរពេទ្យចារីយ៍ ។

លោកបន្តថា ការដាក់ភ្លើងស្តុបនេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋនៅកំណាត់ផ្លូវជាតិលេខ១នេះដែលអាចកាត់បន្ថយ កកស្ទះចរាចរណ៏ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានភ្លើងស្តុបសរុបចំនួន១៦០ទីតាំងដែលកំពង់ដំណើរការរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយបានច្រើននូវបញ្ហាកកស្ទះចរាចរណ៏ ហើយការដាក់ឲ្យដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណការ និងផលិតស្ពតវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ផងដែរ ព្រោះភ្លើងស្តុបថ្មីនេះ មានលក្ខណៈទំនើបពិសេស ខុសប្លែកពីភ្លើងស្តុបចាស់តែម្តង ៕