ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប នឹងប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីជាង ៣០០០នាក់

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 22

គ.ជ.ប នឹងប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីជាង ៣០០០នាក់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះបញ្ជីឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១៨

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គជប) នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន៣.២៩២រូប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីបម្រើការងារនៅតាមឃុំ-សង្កាត់ ទាំង១.៦៤៦ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៨។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។

គ.ជ.ប បានឱ្យដឹងថា ដើម្បីឱ្យការប្រឡងនេះប្រកបដោយតម្លាភាព គ.ជ.ប បានចាត់តាំងសមាជិក គ.ជ.បទាំង០៩រូប និងប្រគល់ភារកិច្ចជូនមន្ត្រី គ.ជ.ប ចំនួន២៥រូប ចុះទៅបំពេញបេសកកម្មសម្របសម្រួល និងត្រួតពិនិត្យការប្រឡងតាមបណ្តារាជធានី-ខេត្តទាំង២៥ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

លទ្ធផលនៃការជ្រើសរើសនេះនឹងបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់នៃរាជធានី-ខេត្ត ក្នុងពេលឆាប់ៗនេះ ហើយនឹងចាប់ផ្តើមចូលបម្រើការងារ នៅថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ គ.ជ.ប៖

អត្ថបទទាក់ទង