ខ្មែរប៉ុស្ដិ៍ Close

ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងបន្ដគំរាមកំហែងខណ្ឌដង្កោ រាជធានីភ្នំពេញ ទឹកនឹងចាប់ផ្តើមស្រកវិញនៅស្អែកថ្ងៃត្រង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងបន្ដការគំរាមកំហែង ដែលអាចលិចតំបន់មួយក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ បើសិនមិនអាចគ្រប់គ្រង និងទប់ស្កាត់ទាន់ពេលវេលាដែលមានប្រសិទ្ធភាព ខណៈស្ថានភាពនេះប្រហាក់ប្រហែលកាលពីខែកក្កដាកន្លងទៅនេះ។

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ថា ចំពោះស្ថានភាពជំនន់ទឹកនេះ ក្រុមបច្ចេកទេសជំនាញរបស់ក្រសួង ក្រោមការបញ្ជាពីលោករដ្ឋមន្រ្តី លឹម គានហោ អាចគ្រប់គ្រងបានទាំងស្រុង មិនមានអ្វីជាបញ្ហាចោទនោះទេ បន្ទាប់ពីតួទំនប់សណ្ដរស្ទឹងព្រែកត្នោតទាំង៣កន្លែង បានជួសជុលរួចរាល់។

លោក ចាន់ យុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ទឹកចាប់ផ្តើមឡើងគំហុក ចាប់ពីម៉ោង១រំលងអធ្រាត្រមក។ មកដល់ម៉ោង១១នេះ ទឹកបានឡើងពេញបន្ទុក ដោយហូរពីលើទំនបើបង្ហៀរ៧មករា កម្ពស់០,៧៣ ម៉ែត្រ (ប្រហាក់ប្រហែលនឹងជំនន់កាលពីខែកក្កដាកន្លងទៅ) និងកំពុងបន្តឡើងសន្សឹមៗបន្ថែមទៀត។ ប៉ុន្តែសភាពការណ៍ជំនន់នេះ យើងអាចគ្រប់គ្រងបានទាំងស្រុង មិនមានបញ្ហាអ្វីទេ ហើយមានការហូរច្រោះតួទំនប់សណ្តរស្ទឹង៣កន្លែង តែយើងបានធ្វើការជួសជុលរួចរាល់អស់ហើយ»

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ស្ថានភាពអាកាសធាតុ ក៏បានធូរស្រាលម្សិលមិញ មិនមានភ្លៀងធ្លាក់ខ្លាំងទេ ឯទឹកនៅផ្នែកខាងលើបានស្រកចុះបណ្តើរៗ ឯទ្វារទឹកនៅអាងទឹកតាសាល និងរលាំងជ្រៃ ក៏បានសម្រុតចុះមួយចំនួនហើយដែរ ដើម្បីកាត់បន្ថយបរិមាណទឹក កុំឲ្យហូរបុកមកក្រោមខ្លាំងពេក។ ខណៈនៅទំនប់ ៧មករា ក្រុមការងារបាននិងកំពុងបង្វែរទឹកខ្លះចូលទៅទន្លេបាទី។
បើតាមលោក ចាន់ យុត្ថា ការដោះទឹក មានសភាពយឺតជាងមុនបន្តិច ដោយសារពេលនេះទឹកទន្លេបាសាក់ក៏មានកម្ពស់ខ្ពស់ ប៉ុន្ដែជំនន់ពេលនេះ អាចរហូតដល់ស្អែកថ្ងៃត្រង់ ទើបចាប់ធូរស្រាលទៅវិញ ៕

អត្ថបទទាក់ទង