ខ្មែរប៉ុស្ដិ៍ Close

ដឹងអត់? ថាច្បាប់ជាអ្វី?…

ដោយ៖ ភិន សុបញ្ញារិទ្ធ ​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ នគរគំនិត 82
ដឹងអត់? ថាច្បាប់ជាអ្វី?… ដឹងអត់? ថាច្បាប់ជាអ្វី?…

មនុស្សយើងមានសិទ្ធសេរីភាពពេញទីធ្វើអ្វីក៏បាន ដូចនេះហើយបានមានជម្លោះមិនចេះចប់ មិនចេះហើយរវាងមនុស្សនិងមនុស្សព្រោះតែគិតថាខ្លួនធ្វើអ្វីក៏បាន រហូតក្រោយមកទើបមនុស្សបង្កើតរបស់មួយដែលអាចដោះស្រាយបញ្ហានោះបាន របស់នោះគេហៅថាច្បាប់។

តាមទ្រឹស្តីទូទៅច្បាប់ គឺជាបន្ទាត់ពុះចែកសិទ្ធិ ​ដែលមានន័យថាអ្នកមានសិទ្ធិពេញលេញគ្រប់យ៉ាងមែន តែអ្នកមិនអាចរំលោភលើសិទ្ធិរបស់អ្នកដទៃបាននោះទេ បើមិនដូចនោះទេ អ្នកនឹងត្រូវទទួលទោសទណ្ឌដែលវា ត្រូវបានកំណត់ដោយមតិភាគច្រើន ឬបុគ្គលដែលមានអំណាចជាងគេ។

 

ច្បាប់ជាវិធានលាយលក្ខណ៍អក្សរដែលរដ្ឋសភាបានអនុម័ត ហើយប្រកាសអោយប្រើដោយព្រះរាជក្រម ឬក្រឹត្យ។

» ច្បាប់ជាបទបញ្ញាត្តិ និងនីតិក្រមទាំងឡាយដែលមានភាពទៀងទាត់ត្រឹមត្រូវសំរាប់ការប្រព្រឹត្តរបស់មនុស្ស និងរដ្ឋាភិបាលក្នុងសង្គម។

នៅក្នុងសង្គមប្រជាធិបតេយ្យតាមនីតិក្រម អំនាចត្រូវបានបែងចែកដាច់ពីគ្នារវាងអំនាចនីតិបញ្ញាត្តិ អំនាចនីតិប្រតិបត្តិ និងអំនាចនីតិវិនិច្ឆ័យ ឬហៅថាអំនាចតុលាការ។ អំនាចនីមួយៗមានទួនាទី និងមុខងារដាច់ដោយលែកពីគ្នា ដូចខាងក្រោម៖

១. អំនាចនីតិបញ្ញាត្តិ តំនាងដោយស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាដែលមានសមត្ថកិច្ចរៀបចំធ្វើច្បាប់។

២. អំនាចនីតិប្រតិបត្តិ តំនាងដោយរាជរដ្ឋាភិបាល ឬគណៈរដ្ឋមន្ត្រីជាស្ថាប័ន អនុវត្តច្បាប់ និងគោរពច្បាប់។

៣. អំនាចនីតិវិនិច្ឆ័យ ឬហៅថាអំនាចតុលាការ តំនាងដោយតុលាការ ឬសាលាជំរះក្ដី ឬអង្គចៅក្រមជាស្ថាប័នសំរាប់ជំនុំជំរះក្តី និងរក្សាយុត្តិធម៍ជូនសង្គមជាតិ។

២.ឋានានុក្រមរបស់ច្បាប់

ក. រដ្ឋធម្មនុញ្ញ៖ រដ្ឋធម្មនុញ្ញជាលក្ខន្តិកៈគតិយុត្តិរបស់រដ្ឋ។ រដ្ឋធម្មនុញ្ញជាច្បាប់ដើម ច្បាប់គោល ច្បាប់គ្រឹះ ច្បាប់កំពូល បញ្ជាក់ពីទំរង់របស់រដ្ឋ និងការបែងចែកអំនាចរដ្ឋ ហើយក៏ជាប្រភពច្បាប់ដទៃទៀតក្នុងសង្គម។ ច្បាប់ដទៃទៀតមិនអាចផ្ទុយ ឬបដិសេធអត្ថន័យនៃច្បាប់រដ្ឋធម្មនុញ្ញបានឡើយ។

ខ. ច្បាប់នានា

» ក្រមព្រហ្មទណ្ឌ ឬច្បាប់ព្រហ្មទណ្ឌ ៖ ជាបទបញ្ញាត្តិដែលសំរាប់រក្សារបៀបរៀបរយសាធារណៈ កំនត់បទល្មើស និងដាក់ទណ្ឌកម្មចំពោះជនដែលប្រព្រឹត្តអំពើល្មើសនោះ។

» ក្រមរដ្ឋប្បវេណី ឬច្បាប់រដ្ឋប្បវេណី ៖ ជាបទបញ្ញាត្តិដែលចែងពីវិវាទរវាងបុគ្គល និងបុគ្គល ដើម្បីការពារបុគ្គលឯកជនក្នុងការទាមទារសិទ្ធិ កម្មសិទ្ធិ សំនងការអន្តរាយ និងជំងឺចិត្ត ទោះមានកិច្ចសន្យា ឬគ្នានកិច្ចសន្យាក្តី។

» ច្បាប់ការងារ ៖ កំរងអត្ថបទច្បាប់ទាក់ទងនឹងការបំពេញការងារ សិទ្ធិអំនាច ផលប្រយោជន៍របស់និយោជក និង កម្មករនិយោជិកក្នុងក្រុមហ៊ុន សហគ្រាស។

» ច្បាប់រដ្ឋបាល ៖ ជាក្បួនច្បាប់សំរាប់រៀបចំសមូហភាពសាធារណៈ សេវាកម្មសាធារណៈ និងសំរាប់គ្រប់គ្រងទំនាក់ទំនង រវាងអ្នករាជការ និងរាស្ត្រ។

» ច្បាប់អាជ្ញាសឹក ៖ ច្បាប់ដែលបង្កើតឡើងពីការចាំបាច់ខាងយោធា ដោយយោធាប្រើអំនាចត្រួតត្រាជាទូទៅលើកិច្ចការស៊ីវិល បណ្ដាលមកពីមានសង្គ្រាម ឬការបះបោរ ឬការជ្រួលច្របល់របស់ប្រជាពលរដ្ឋក្នុងប្រទេស។

» ច្បាប់ពាណិជ្ជកម្ម ៖ កំរងអត្ថបតច្បាប់ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម។

» ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសា ៖ កំរងច្បាប់ទាក់ទងនឹងការការពារការរៀបអាពាហ៍ពិពាហ៍ ដើម្បីធានាសមភាពរវាងសហព័ទ្ធ និងពង្រឹងការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការចិញ្ចឹម និងថែរក្សាកូន។

» ច្បាប់ស្ដីពីកម្មសិទ្ធីដីធ្លី ៖ កំរងច្បាប់ទាក់ទងនឹងការកាន់កាប់ដីធ្លី ដើម្បីការពារសិទ្ធិពលរដ្ឋ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន។

» ច្បាប់ស្ដីពីការបង្ក្រាបអំពើពង្រត់ និងលក់ដូរមនុស្ស ៖ កំរងច្បាប់ទាក់ទងនឹងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការពារសុខភាព និងសុខុមាលភាពរបស់ពលរដ្ឋ។

» និងច្បាប់ស្តីពីការការពារព្រៃឈើ និងការពារបរិស្ថាន ក៏ដូចជាកំរងច្បាប់ជាច្រើនឯទៀត…។