លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍លោក Honda Keisuke ដែលបានស្ម័គ្រចិត្ត ជួយបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះកីឡាករបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា (FCC)។
នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ថិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោបានសរសេរថា កម្ពុជារីករាយ ស្វាគមន៍ និងអបអរសាទរចំពោះកីឡាករបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា (FCC) ដោយមិនគិតថ្លៃក្នុងរយៈពេល២ឆ្នាំ។ នេះគឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តមបំផុតរបស់លោក Honda Keisuke ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនជនរួមជាតិ និងក្មួយៗរង់ចាំទស្សនាការប្រកួតកីឡាបាល់ទាត់រវាងកម្ពុជានិង ម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ សូមអរគុណ លោក Honda Keisuke និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាគ្រប់វិស័យ។
គួរបញ្ជាក់ដែរថា លោក HONDA ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ អតីតកីឡាករវ័យ៣២ឆ្នាំរូបនេះ ធ្លាប់ លេងឱ្យក្លឹបអ៊ីតាលី AC Milan មុនផ្លាស់ទៅលេងនៅម៉ិចស៊ិក ក្នុងក្លឹប Pachuca និងចុង ក្រោយលេងនៅអូស្ត្រាលី ក្នុងក្លឹប Melbourne Victory ។ លោកទើបតែបានប្រកាសលាឈប់ ពីក្រុមជម្រើសជាតិជប៉ុន ក្រោយបញ្ចប់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី៕