ខ្មែរប៉ុស្ដិ៍ Close

តំណាង TripAdvisor ថាអង្គរវត្តពិតជាស័ក្ដិសមចំពោះពានរង្វាន់សំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 55

នៅមុខប្រាសាទអង្គរវត្តនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រគល់ និងទទួលពានរង្វាន់ពីតំណាងទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ដែលប្រាសាទអង្គរវត្តជាប់លេខ១ ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតក្នុងចំណោមសំណង់ប្រវត្ដិសាស្រ្ដល្បីៗលើពិភពលោកសម្រាប់ឆ្នាំ២០១៨។ តំណាង TripAdvisor បានលើកឡើងថា ប្រាសាទអង្គរវត្តពិតជាមានតម្លៃដ៏មហាសាល និងមានភាពអស្ចារ្យបំផុត ដែលស័ក្ដិសមនឹងទទួលបានពានរង្វាន់នេះ។

ក្នុងពិធីប្រគល់ និងទទួលពានរង្វាន់នៅបរិវេណមុខប្រាសាទអង្គរវត្តតំណាង TripAdvisor លោកស្រី សារ៉ា ម៉ាធ្យស៍ បានលើកឡើងថា ការផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតសម្រាប់ឆ្នាំ២០១៨នេះ ធ្វើឡើងតាមរយៈការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លាននាក់ជុំវិញពិភពលោកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ លោកស្រីបន្ថែមថា ចំណុចពិសេសដែលលោកស្រីចាប់អារម្មណ៍លើប្រាសាទអង្គរវត្តនោះ គឺសំណង់ស្ថាបត្យកម្ម ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច ដែលមានពណ៌មាសជិះរស្មីភ្លឺចែងចាំងប៉ះសំណង់ប្រាសាទ ដែលធ្វើឱ្យអង្គរវត្តមានភាពអស្ចារ្យក្នុងអារម្មណ៍ភ្ញៀវទេសចរគ្រប់រូប។

លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានបង្ហាញសុទិដ្ឋិនិយមតាមរយៈការទទួលបានពានរង្វាន់នេះ ដែលនឹងធ្វើឱ្យទេសចរកាន់តែច្រើនទៀតចង់ស្គាល់ និងធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្ត។ ជាមួយគ្នានេះ លោកក៏បានរម្លឹកពីការងារ និងការខិតខំប្រឹងប្រែងជាច្រើនរបស់អាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរតាំងពីពេលបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា រហូតមកដល់ទល់នឹងបច្ចុប្បន្ន។

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយគុណភាព ទាំងកម្រិតតំបន់ និងពិភពលោក ព្រមជាមួយការដឹកនាំប្រកបដោយភាពវៃឆ្លាត។ លោកបន្ថែមថា ក្រសួងទេសចរណ៍បេ្ដជ្ញាចិត្តបន្តដឹកនាំវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ហើយអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕

អត្ថបទទាក់ទង