ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ផ្ញើសារអបអរសាទរជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលទទួលជ័យជម្នះលើសលប់ ក្នុងការបោះឆ្នោតនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨ ឯកសារ 29

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា បានផ្ញើលិខិតអបអរសាទរជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជន្នះ និងការគាំទ្រយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

នៅក្នុងលិខិតអបអរសាទររបស់លោកនាយករដ្ឋមន្រ្តីថៃ ដែលទទួលបាននៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរដ្ឋាភិបាល និងប្រជាជនថៃ ខ្ញុំមានកិត្តិយសសូមសម្តែងនូវក្តីអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជន្នះយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត»

លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏បានបង្ហាញជំនឿចិត្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងអាណត្តិថ្មីរបស់លោក ប្រទេសកម្ពុជានឹងបន្តរីកចម្រើននាឆ្នាំបន្តបន្ទាប់ទៀតខាងមុខ។ លោកក៏សូមអបអរសាទរផងដែរ ចំពោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងអាជ្ញាធរមានសម្ថតកិច្ចពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ចំពោះការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យខាងលើ។

លោក ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ថា «ប្រទេសថៃ ក្នុងនាមជាអ្នកជិតខាងមួយដ៏ជិតស្និទ្ធ សូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំងពីរ។ សូមសម្តេចតេជោ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»

សូមជំរាបថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយជោគជ័យជាស្ថាពរ កាលពីថ្ងៃអាទិត្យ ចុងខែកក្កដា។ ការបោះឆ្នោតនេះ មានការចូលរួមដោយអ្នកសង្កេតការណ៍ជាតិ អន្តរជាតិច្រើនជាងមុន ហើយត្រូវបានកោតសរសើរថា ធ្វើឡើងដោយរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌។ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា បានចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩% ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់៕

អត្ថបទទាក់ទង