ខ្មែរប៉ុស្ដិ៍ Close

ឡានជិះយូរឆ្នាំនៅតែស្ទុះ និង​ស៊ីសាំង​តិច តាម​ពិត​គេ​មាន ៤ ក្បាច់នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨ នគរគំនិត 51
ឡានជិះយូរឆ្នាំនៅតែស្ទុះ និង​ស៊ីសាំង​តិច តាម​ពិត​គេ​មាន ៤ ក្បាច់នេះ ឡានជិះយូរឆ្នាំនៅតែស្ទុះ និង​ស៊ីសាំង​តិច តាម​ពិត​គេ​មាន ៤ ក្បាច់នេះ

រថយន្តណាក៏ដូចរថយន្តណា ពេលប្រើប្រាស់កាន់តែយូរឆ្នាំ កម្លាំង និងសមត្ថភាពសន្សំសំចៃប្រេងសាំងរបស់វានឹងថយចុះបន្តិចម្ដងៗ។ យ៉ាងណាក្ដី ប្រសិនបើយើងដឹងពីក្បាច់ទាំង ៤ ខាង ក្រោមនេះ ហើយនិងអនុវត្តន៍ឲ្យបានទៀងទាត់នោះ ធានាថាម៉ាស៊ីនរថយន្តនៅតែមានកម្លាំងខ្លាំង និងមិនសូវស៊ីសាំងនោះទេ ទោះប្រើយូរឆ្នាំមកហើយក្ដី។

១. ប្ដូរតម្រងខ្យល់

តម្រងខ្យល់មានតួនាទីយ៉ាងសំខាន់បំផុតចំពោះម៉ាស៊ីនរថយន្ត ដោយអ្នកគួរតែផ្លាស់ប្ដូរវាឲ្យបានទៀងទាត់ ដើម្បីឲ្យរថយន្តដំណើរការបានស្រួល និងរក្សាថាមពលបានខ្លាំងក្លា។ ប្រសិនបើតម្រងខ្យល់កកសន្ទះដោយសារតែធូលីដី នោះវានឹងកាត់បន្ថយថាមពលសេះដែលបង្កើតដោយម៉ាស៊ីនរថយន្ត ធ្វើឲ្យការបើកបររអាក់រអួល និងចុះខ្សោយថាមពលទៀតផង។

តម្រងខ្យល់ស្អាតអាចជួយឲ្យម៉ាស៊ីនរថយន្តបង្កើនសន្ទុះល្បឿនបានប្រសើរជាងមុន១០ភាគរយ ព្រមទាំងជួយសន្សំសំចៃប្រេងបានមួយកម្រិត បើធៀបនឹងតម្រងខ្យល់កខ្វក់។ អ្នកជំនាញផ្នែកថែទាំយានយន្តបានផ្ដល់ដំបូន្មានឲ្យឧស្សាហ៍ផ្លាស់ប្ដូរតម្រងខ្យល់ នៅរាល់ពេលបើកបរបានចម្ងាយពី ១៩,៣០០ ទៅ ២៤,១០០ គីឡូម៉ែត្រ ឬអាចឆាប់ជាងនេះ សម្រាប់រថយន្តដែលប្រើនៅតំបន់មានធូលីដីច្រើន។

២. រក្សាសម្ពាធកង់រថយន្តឲ្យបានត្រឹមត្រូវ

ការរក្សាសម្ពាធកង់រថយន្តឲ្យបានត្រឹមត្រូវអាចជួយរក្សាសុវត្ថិភាព និងបង្កើនថាមពលបើកបរបានមួយកម្រិត ។ បន្ថែមពីនេះវាក៏អាចជួយបង្កើនកម្រិតសន្សំសំចៃប្រេងសាំងបានជាមធ្យម ៣% ផងដែរ។

៣. ប្ដូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់

ការប្ដូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់ជួយឲ្យម៉ាស៊ីនរត់បានស្រួល, មិនឡើងកម្ដៅ និងជួយសន្សំសំចៃប្រេងសាំង ។ ចំណែកប្រេងម៉ាស៊ីនដែលកខ្វក់វិញធ្វើឲ្យម៉ាស៊ីនប្រឹងខ្លាំង ស៊ីសាំងជាងមុន និងកាត់បន្ថយកម្លាំងម៉ាស៊ីនទៀតផង។ ការប្ដូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់ ជួយបង្កើនកម្រិតសន្សំសំចៃប្រេងសាំងបានជាមធ្យមដល់ទៅ ២% ឯណោះ។

៤. ចាក់សាំងដែលមានគុណភាព

ជ្រើសរើសសាំងមានគុណភាពខ្ពស់ ជួយបង្កើនថាមពលដល់គ្រឿងម៉ាស៊ីនគ្រប់ផ្នែក និងសន្សំសំចៃសាំងច្រើនជាងមុន។ ដូច្នេះ គួរចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈណា ដែលនាំចូលប្រេងមានគុណភាពខ្ពស់ និងគួរប្រើប្រាស់សាំងដែលមានកម្រិតអុកតានខ្ពស់៕

ប្រភព៖ Autobodia