ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌមានជ័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 74
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌមានជ័យ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌមានជ័យ

ភ្នំពេញ៖ បន្ទាប់ពីការខកខានចុះជួបកម្មករ កម្មការិនីអស់រយៈពេល៣សប្តាហ៍កន្លងមក ដោយសារព្រឹត្តិការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងខណ្ឌមានជ័យ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីតាមរោងចក្រ និងសហគ្រាសនានា នៅខណ្ឌមានជ័យ។
  2. ជាមួយការផ្តើមសុន្ទរកថានៅព្រឹកថ្ងៃទីនេះ សម្តេចតេជោ ហ៊ុន សែន បានសួរទៅកម្មករ កម្មការិនីថា «ឈ្នះទេ?» ហើយកម្មករ កម្មការិនី ក៏បានឆ្លើយព្រមគ្នា «ឈ្នះ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ច្បាស់ណាស់ថា សម្តេចបន្តគ្រប់គ្រងតំណែងនាយករដ្ឋមន្ត្រីនៅអាណត្តិទី៦។
  3. សម្តេចតេជោ បន្តថា ជាមួយការបន្តទទួលបានតំណែងនាយករដ្ឋមន្ត្រីតាមរយៈជ័យជម្នះលើការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចនឹងបន្តកម្មវិធីចុះជួបជាមួយកម្មករ កម្មការិនីជារៀងរហូតដូចការសន្យារបស់សម្តេច។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីនៅទូទាំងប្រទេស ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
  5. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចេញទៅបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋ គឺជាបរាជ័យនៃយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» ហើយបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរស្រឡាញ់ប្រជាធិបតេយ្យ។
  6. សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» របស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ គឺជាភាពល្ងង់ខ្លៅមួយ កុំថាឡើយទៅដឹកនាំជាតិ ដឹកនាំបក្សនយោបាយមួយក៏មិនជោគជ័យដែរ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋរហូតដល់ ៨២.៨៩ភាគរយ គឺជាការបញ្ចេញសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជាការបង្ខិតបង្ខំណាមួយនោះទេ។
  8. សម្តេចតេជោ ហ៊ុន សែន បានសុំអង្វរកដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី កុំមានការរើសអើងរវាងអ្នកទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ហើយបន្តខន្តី និងយោគយល់ឲ្យគ្នា។ សម្តេចតេជោ ក៏សុំឲ្យអ្នកមិនបានទៅបោះឆ្នោតកុំចោទថា អ្នកទៅបោះឆ្នោតជាជនបរទេស។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការគ្រោងទុករដ្ឋសភាអាណត្តិថ្មីនឹងបើកសម័យប្រជុំនៅថ្ងៃទី១៩ ខែកញ្ញា ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបង្កើតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រទេសម៉ាឡេស៊ី និងជប៉ុន ក្រោយពេលប្រកាសលទ្ធផលភ្លាម គឺបង្កើតរាជរដ្ឋាភិបាលភ្លាមតែម្តង។ ប៉ុន្តែសម្រាប់កម្ពុជាត្រូវពន្យារ រហូតដល់ខែកញ្ញា ព្រោះទុកលទ្ធភាពឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោះស្រាយនូវបញ្ហាលើពាក្យបណ្តឹងមួយចំនួនរបស់គណបក្សនយោបាយ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការគ្រោងទុកនៅខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ សម្តេចនឹងអញ្ជើញចូលរួមប្រជុំអាស៊ីអឺរ៉ុប និងប្រជុំអាស៊ានអឺរ៉ុប តបតាមការអញ្ជើញរបស់ប្រធានស្នងការអឺរ៉ុប​ និងប្រធានគណៈកម្មការអឺរ៉ុប។ សម្តេចតេជោ ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបផងដែរ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានតម្លៃស្មើនឹងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។
  13. សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កម្លាំងដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាស្នូលការពារសន្តិភាព ការអភិវឌ្ឍ និងឯករាជ្យភាពរបស់កម្ពុជា។
  14. សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការបោះឆ្នោតឆ្នាំ២០១៨ និងឆ្នាំ២០១៣ខុសគ្នាឆ្ងាយណាស់។ ខុសគ្នាត្រង់ឆ្នាំ២០១៣ ពោរពេញដោយភាពច្របូកច្របល់ និងការភិតភ័យសម្រាប់ប្រជាពលរដ្ឋ ដែលខុសឆ្ងាយពីការបោះឆ្នោតឆ្នាំ២០១៨ មានសភាពស្ងប់ស្ងាត់ និងសុខសុវត្ថិភាពល្អប្រសើរ។
  15. សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងការពារឃ្លីបវីដេអូតារាចម្រៀង ម៉េង កែវពេជ្ជតា ផងដែរ ដែលត្រូវអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ យកទៅកាត់តកែខៃសំឡេងថា មើលងាយប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ អំពាវនាវប្រជាពលរដ្ឋកុំឲ្យចាញ់បោកការកាត់តរបស់ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង។
  16. សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសថា សំណុំរឿងទណ្ឌិត សម រង្ស៊ី ចោទប្រកាន់ភរិយា និងកូនរបស់សម្តេចជាជនជាតិយួន ជាកូនរបស់យួននោះ គឺមិនបញ្ចប់នោះឡើយ ហើយសម្តេចក៏មិនលើកលែងឲ្យនោះដែរ។
  17. សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ជាក់ថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការបញ្ចៀសសង្គ្រាមនៅកម្ពុជា។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានជួយសម្របសម្រួលដល់គណបក្ស នយោបាយធ្វើសកម្មភាព នយោបាយក្នុងដំណាក់កាលបោះឆ្នោត។ សម្តេចតេជោ ក៏បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែ២សប្តាហ៍ទៀតគម្រប់ខួបមួយឆ្នាំនៃការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីហើយ ហើយសម្តេចនៅតែបន្តចុះជួបជាមួយកម្មករ កម្មការិនីបន្តទៅទៀត។
  20. សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់កម្មករ កម្មការិនីផងដែរថា សម្តេចអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចជិះនាវាដឹកអ្នកដំណើរពីឫស្សីកែវ ដល់ក្រុងតាខ្មៅ ក៏ដូចជាការជិះរថភ្លើងពីភ្នំពេញ ទៅប៉ោយប៉ែត ដោយឥតគិតថ្លៃរហូតដល់ដាច់ឆ្នាំ២០១៨។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងស្នើឧកញ៉ា គិត ម៉េង កុំយកលុយពីប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមផ្លូវដែកពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
  22. សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃរៀងរាល់ពេលបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រោងចក្រ សហគ្រាស ក្រុមហ៊ុន និងភោជនីយដ្ឋាននានា ដែលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី និងបុគ្គលិកបានឈប់សម្រាកទៅបោះឆ្នោត។
  24. សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបន្តចុះជួបកម្មករ កម្មការិនី រហូតដល់សម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបង្ហាញពីការបន្តយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួនដែលជាអត្ថប្រយោជន៍របស់កម្មករ កម្មការិនី ដូចជាការបើកប្រាក់ឈ្នួល និងជាការផ្តល់សេវាផ្សេងៗជាដើម។
  25. សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការដឹកជញ្ជូនកម្មករ និងកម្មការិនី។ ការអំពាវនាវបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី បានពិនិត្យឃើញមានការកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនចំពោះរថយន្តដឹកកម្មករ កម្មការិនី។
  26. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាជននោះទេ ដើម្បីតបស្នងសងគុណចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅសមាជិក សមាជិកា បន្តចុះទៅកាន់មូលដ្ឋានបម្រើ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ហើយធ្វើឲ្យល្អជាមុន និងទូលាយជាងមុន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានប្រយោជន៍ជាងមុន។
  27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ចំណូលពន្ធដារក្នុងអំឡុងពេលរៀបចំការបោះឆ្នោតនៅឆ្នាំនេះមិនមានការថយចុះនោះទេ ដែលចំណូលនេះបានមកពីការរក្សាបាននូវសន្ទុះជួញដូរអចលនទ្រព្យមានដូចជាដី និងផ្ទះ មិនមានការធ្លាក់ថ្លៃដូចការបោះឆ្នោតនៅអាណត្តិមុនៗនោះទេ។
  28. សម្តេចតេជោ ហ៊ុន សែន នៅតែបន្តដល់ថៅកែ និងកម្មករ កម្មការិនី បន្តរួមគ្នារក្សាបាននូវបរិយាកាសល្អប្រសើរនៅតាមរោងចក្រ និងសហគ្រាស។
  29. សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩៖២៧នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨៕

អត្ថបទទាក់ទង