ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្តល់កាដូពិសេស២ ជូនប្រជាពលរដ្ឋក្រោយបោះឆ្នោត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 21
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្តល់កាដូពិសេស២ ជូនប្រជាពលរដ្ឋក្រោយបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្តល់កាដូពិសេស២ ជូនប្រជាពលរដ្ឋក្រោយបោះឆ្នោត

ក្រោយពីបោះឆ្នោតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសផ្តល់កាដូពិសេសចំនួន២ដល់ប្រជាពលរដ្ឋ ដោយអនុញ្ញាតឱ្យជិះនាវាដោយឥតគិតថ្លៃពីខណ្ឌប្ញស្សីកែវ ទៅកាន់ក្រុងតាខ្មៅ និងជិះរថភ្លើងពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរនៅក្នុងខណ្ឌឬស្សីកែវ ដែលនឹងចាត់ទុកជាសមិទ្ធផលថ្មីមួយ សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ បានរៀបចំឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា (ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវរថភ្លើង និងផ្លូវអាកាស) ជំរុញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថាការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាបប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលា ដោយមិនមានការកកស្ទះចរាចរណ៍។

កន្លងទៅក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាង រយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។

ការធ្វើដំណើរមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋចាប់ពីម៉ោង ៥៖៣០ព្រឹក រហូតដល់ម៉ោង ៦៖៣០ល្ងាច។ គិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។ សម្រាប់ចំណតនាវាឫស្សីកែវនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណ ២.៣៥១.៧៣០.០០០រៀល ស្មើនឹងជិត ៥៩ម៉ឺនដុល្លារអាមេរិក។

ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹកជញ្ជូនតាមផ្លូវទឹកនេះឲ្យកាន់តែងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសាងសង់ចំណតនាវាចំនួន៤ផ្សេងទៀតរួមមាន៖ ចំណតនាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។ ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយស្ថានីយ៍រថយន្តក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវថ្នល់/ផ្លូវគោក។ ចំណតនាវាដឹកអ្នកដំណើរទាំង០៥កន្លែងខាងលើត្រូវចំណាយថវិកាជាតិសរុបចំនួន ៦,០២៩,៤១៣,០០០រៀល ស្មើនឹងជាង ១.៥លានដុល្លារអាមេរិក។

ដោយឡែក កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ដែលត្រូវជូនជាកាដូសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ មិនគិតប្រាក់រហូតដល់ដំណាច់ឆ្នាំដែរនោះ មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។ កំណាត់ផ្លូវដែកចាប់ពីប៉ោយប៉ែត រហូតដល់រាជធានីភ្នំពេញ ត្រូវបានស្តារ និងដាក់ឱ្យដំណើរការឡើងវិញទាំងស្រុងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។ ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង