ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋជាង១០០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ពីប្រទេសឡាវ ត្រូវបានជម្លៀសចេញប្រកបដោយសុវត្ថិភាពទាំងអស់ ខណៈកម្ពស់ទឹកទន្លេសេកុង ឡើងដល់១២.១ម៉ែត្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
ប្រជាពលរដ្ឋជាង១០០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ពីប្រទេសឡាវ ត្រូវបានជម្លៀសចេញប្រកបដោយសុវត្ថិភាពទាំងអស់ ខណៈកម្ពស់ទឹកទន្លេសេកុង ឡើងដល់១២.១ម៉ែត្រ ប្រជាពលរដ្ឋជាង១០០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ពីប្រទេសឡាវ ត្រូវបានជម្លៀសចេញប្រកបដោយសុវត្ថិភាពទាំងអស់ ខណៈកម្ពស់ទឹកទន្លេសេកុង ឡើងដល់១២.១ម៉ែត្រ

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋជិត ៥,០០០នាក់ ស្មើនឹងជាង១,០០០គ្រួសារ ស្ថិតនៅឃុំចំនួន៤ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលទទួលរងការលិចលង់ដោយសារទឹកជំនន់ហូរពីប្រទេសឡាវ ក្រោយបាក់ទំនប់សេពាន សេណាំណយ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ជួយជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគាត់ទាន់ពេលវេលា មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

អភិបាលខេត្តស្ទឹងត្រែងរូបនេះ បានបញ្ជាក់ផងដែរថា គិតត្រឹមវេលាម៉ោងប្រមាណ៣:៣០នាទីរសៀលថ្ងៃនេះ កម្ពស់ទឹកទន្លេសេកុង បានឡើងដល់១២.១ម៉ែត្រ ពោលគឺហួសពីកម្រិត នៃការប្រកាសអាសន្ន ដែលមានត្រឹម១១.៥ម៉ែត្រតែប៉ុណ្ណោះ។

លោក ម៉ុម សារឿន បានបញ្ជាក់ថា «ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងឃុំ៤ ក្នុងចំណោមឃុំទាំង៥ ស្រុកសៀមប៉ាង ជាង១,០០០គ្រួសារ ស្នើនឹងចំនួនប្រជាពលរដ្ឋជិត៥,០០០នាក់ ត្រូវបានអាជ្ញាធររបស់យើងជួយជម្លៀសចេញមុនទឹកមកដល់ ដោយសុវត្ថិភាពមកកាន់ទីទួលមានសុវត្ថិភាព ពុំមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតនោះឡើយ»

យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត មិនទាន់អាចកំណត់ពីចំនួនខ្នងផ្ទះដែលត្រូវទឹកជន់លិចនោះទេ ពោលជាអទិភាពចម្បងគឺផ្ដោតទៅលើការជួយសង្គ្រោះជីវិតមនុស្សជាមុនសិន។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានព្រមានពីការឡើងកម្ពស់ទឹកទន្លេសេកុង ដោយមិនទាន់មានសញ្ញាណាមួយ នៃការស្រកចុះនោះទេ ប៉ុន្ដែការហក់ឡើងសន្សឹមៗតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ស្ថានភាពទឹកទន្លេសេកុងនេះ មិនមានការគំរាមកំហែងដល់ទន្លេមេគង្គនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា។

នាយប់មិញ លោក ចាន់ យុត្ថា បានថ្លែងថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញមានសញ្ញាណាមួយ នៃការស្រកចុះនៅទន្លេសេកុងនោះទេ តែក៏មិនឡើងយ៉ាងគំហុកដែរ ពោលឡើងដោយសន្សឹមៗ ព្រោះតែទទួលទឹកមកពីប្រទេសឡាវ។ ទោះជាយ៉ាងណា លោក ចាន់ យុត្ថា បានប្រកាសដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ កុំមានការព្រួយបារម្ភ ព្រោះជំនន់ទឹកមិនបានទៅគំរាមកំហែង នៃការកើនឡើងទឹកទន្លេមេគង្គនោះទេ។

ត្រង់ចំណុចនេះ លោកបានពន្យល់ថា ទន្លេសេកុង កម្រិតទឹកអតិបរមាគឺមានធារទឹកពី ១,០០០ទៅ ១,២០០ម៉ែត្រគូបក្នុងមួយវិនាទី ចំណែកឯធារទឹករបស់ទន្លេមេគង្គ គឺចាប់ពី៣៨,០០០ ទៅជាង៤០,០០០ម៉ែត្រគូបក្នុងមួយវិនាទី ដូច្នេះបើទោះបីទន្លេសេកុង ហូរចូលទន្លេមេគង្គយ៉ាងណាក៏ដោយ ក៏មិនមានការគំរាមកំហែងដែរ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សម្រាប់ទំហំនៃការប៉ះពាល់ គឺប៉ះពាល់តែនៅសងខាងទន្លេសេកុងតែប៉ុណ្ណោះ។

គួរជម្រាបថា ទំនប់វារីអគ្គិសនីទំនប់សេពាន សេណាំណយ ដែលកំពុងស្ថិតក្រោមការដឹកនាំសាងសង់ឡើងដោយក្រុមហ៊ុនចំនួន៤ (កូរ៉េខាងត្បូង២ ថៃ១ និងឡាវ១) ដែលមានសមត្ថភាពផលិតវារី អគ្គិសនីបាន៤១០មេហ្គាវ៉ាត់ តម្លៃប្រមាណ១២០០លានដុល្លារ នឹងគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០១៩ បានបាក់កាលពីល្ងាចថ្ងៃចន្ទ ដោយបណ្តាលឲ្យមនុស្សខ្ទង់រយនាក់បាត់ខ្លួន និងរាប់ពាន់នាក់ទៀតបាត់បង់ទីជម្រក ខណៈសាកសពមនុស្សប្រមាណជិត៣០នាក់ ត្រូវគេរាយការណ៍ថាបានរកឃើញ ៕

អត្ថបទទាក់ទង