ខ្មែរប៉ុស្ដិ៍ Close

ជនវង្វេងប្រជាធិបតេយ្យ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 52
ជនវង្វេងប្រជាធិបតេយ្យ ជនវង្វេងប្រជាធិបតេយ្យ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ កំណត់ថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស ហើយការសើរើ ឬវិសោធនកម្ម រដ្ឋធម្មនុញ្ញត្រង់ចំណុចនេះ មិនអាចធ្វើបានឡើយ កាលបើ ប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស។ ចាប់តាំងពីរដ្ឋធម្មនុញ្ញចាប់

បដិសន្ធិមក  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របាន ប្រព្រឹត្តទៅជាទៀងទាត់នៅ រៀងរាល់ ៥ ឆ្នាំម្តង គឺបន្ទាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣ មានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ៤ ដងទៀតគឺនៅឆ្នាំ ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ ២០១៣ ហើយការបោះឆ្នោតបន្ទាប់នាពេលខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។ ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស គឺជាវិធីតែមួយគត់ ដើម្បីប្រកួតប្រជែងគ្នារវាងបក្សនយោបាយដើម្បីឡើងកាន់អំណាចដឹកនាំប្រទេសនៅកម្ពុជា ហើយវិធីផ្សេងពីនេះ មិនត្រឹមតែជាវិធីខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែ ជាវិធីដែលនឹងឱ្យធ្វើប្រទេសជាតិបាត់បង់ស្ថិរភាព ហើយអាចនឹងឈានទៅដល់ការបែកបាក់ និងសង្រ្គាមជាថ្មី។

 

គណបក្សសង្រ្គោះជាតិបានធ្លាប់វង្វេងប្រជាធិបតេយ្យសេរីម្តងរួចមកហើយ ដោយបានទៅរៀនសូត្រអំពីវប្បធម៌នៃការឡើងកាន់អំណាចតាមបែបបដិវត្តន៍ពណ៌ ហើយបានលក់ក្បាលឱ្យបរទេស ដើម្បីយកវប្បធម៌នេះមកសាបព្រួស និងអនុវត្តនៅកម្ពុជា។ បដិវត្តន៍

ពណ៌ គឺជាទម្រង់នៃការឡើងកាន់អំណាចដោយប្រើកម្លាំងមហាជន ហើយមហា បាតុកម្មដែលបានដឹកនាំធ្វើដោយអតីតបក្សប្រឆាំងគឺជា ភស្តុតាងនៃការប៉ុនប៉ងផ្តួលរំលំ រដ្ឋអំណាចស្របច្បាប់។ បក្សប្រឆាំងវង្វេងប្រជាធិបតេយ្យ ដោយប៉ុនប៉ងចង់ឡើងកាន់ អំណាចតាមបែបបដិវត្តន៍ពណ៌ ដោយមិនធ្វើការប្រកួតប្រជែងតាមការបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីពហុបក្សនោះឡើយ។ ពួកគេបានសូត្ររត់មាត់នូវពាក្យថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែធាតុពិតពួកគេគ្រាន់តែយកពាក្យថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេសដើម្បីបម្រើផលប្រយោជន៍ចៅហ្វាយនាយបរទេសរបស់ពួកគេដែលបានផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ សម្ភារ និងអ្នកជំនាញដើម្បីគាំទ្រលើការអនុវត្តផែនការទុច្ចរិតបំផ្លាញកម្ពុជា និងផ្លាស់ប្តូររបបដឹកនាំដែលពួកគេយល់ថាមិនធ្វើតាមខ្សែញាក់របស់ពួកគេ និងជាអ្នកការពារឯករាជ្យភាព និងអធិបតេយ្យភាពជាតិ និង កិត្យានុភាពជាតិខ្មែរ។ ពួកគេចង់ បានមេដឹកនាំប្រទេសមួយដែលចេះឱនក្បាល និងលក់ខ្លួនដូចក្រុម សម រង្ស៊ី និងកឹម សុខា យកបូរណភាពដែនដី និងអធិបតេយ្យភាពជាតិដាក់ក្រោមបាតជើងបរទេស និងចេះដើរអង្វរ បរទេសឱ្យបំផ្លាញប្រទេស។ ទាំងក្រុមប្រឆាំងក្បត់ជាតិ និងចៅហ្វាយនាយរបស់គេ បង្ហាញឫកថាជាអ្នកស្រឡាញ់ខ្មែរ ប៉ុន្តែតាមពិតគឺពួកគេសំឡឹងឃើញផលប្រយោជន៍នយោបាយ និងអំណាចតែប៉ុណ្ណោះ។

បើក្រុមប្រឆាំងរត់ចោលស្រុកអះអាងថាខ្លួនស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ហេតុអ្វីបានជាត្រូវបំផ្លាញការបោះឆ្នោត? បើ ទណ្ឌិត

សម រង្ស៊ី អះអាងថាខ្លួនស្រឡាញ់ប្រជាធិបតេយ្យ ចុះហេតុអ្វីបាន ជារារាំងបក្សភ្លើងទៀន ឬបក្សសិទ្ធិមនុស្ស មិនឱ្យចូលរួមបោះឆ្នោត? ត្រង់នេះ គឺបង្ហាញថា ក្រុមប្រឆាំងវង្វេងប្រជាធិតេយ្យកាន់តែច្បាស់។ ការបោះឆ្នោត គឺជាផ្លូវនៃការប្រកួតប្រជែងគ្នារវាងគណបក្សនយោបាយនានា ដើម្បីឡើងកាន់អំណាចដឹកនាំប្រទេសដោយស្របច្បាប់។ បំផ្លាញការបោះឆ្នោត គឺបំផ្លាញប្រជាធិបតេយ្យ។ ក្រុមប្រឆាំងដែលគិតថា ចង់បង្កើតឱ្យមាន វិបត្តិនយោបាយ ហើយឈានទៅរកការចរចានយោបាយ គឺជាការស្រមើលស្រមៃដ៏គួរឱ្យអស់សំណើច! ក្រុមប្រឆាំងប្រហែល មិនចេះមើលរដ្ឋធម្មនុញ្ញទេដឹង? តាមពិត ពួកគេដឹង និងដឹងច្បាស់ថែមទៀតផង ប៉ុន្តែធ្វើជាមិនដឹងដើម្បីបំពុលបរិយាកាស និងពង្វក់ប្រជាពលរដ្ឋខ្លះដែល ជឿ និងដើរតាមនយោបាយរបស់ខ្លួន។ តាមរដ្ឋធម្មនុញ្ញ ការបោះឆ្នោតត្រូវធ្វើរៀងរាល់ ៥ ឆ្នាំម្តង ហើយក្រោយការបោះឆ្នោត រដ្ឋសភាមាននីតិកាលប្រាំឆ្នាំ ហើយគ្មានវិធីចរចានយោបាយណាមួយ ដែលត្រូវធ្វើ ដើម្បីរំលាយរដ្ឋសភា និងចាត់តាំងការបោះឆ្នោតឡើងវិញ 

នោះទេ។ ការបោះឆ្នោតបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៨ គឺច្បាស់ណាស់ គឺការបោះឆ្នោតឆ្នាំ ២០២៣។

 

ផ្ទុយពីជំហរក្រុមប្រឆាំង កម្ពុជា នៅតែកំពុងបន្តលើផ្លូវប្រជាធិបតេយ្យ សេរី ពហុបក្ស ក្រោមម្លប់សន្តិភាព និងស្ថិរភាព យ៉ាងរឹងមាំ ពិសេស ក្រោយពេលផែនការបដិវត្តន៍ ពណ៌ត្រូវបានបំផ្លាញចោល ហើយកំពុងបន្តចាត់តាំងការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ២០១៨ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ ការពារបានការបោះឆ្នោត គឺការពារបាន ប្រជាធិបតេយ្យ នេះជាការពិត! ម្យ៉ាងទៀត កម្ពុជា យល់ច្បាស់ថា ជប៉ុន បានធ្វើជម្រើសខុសពីលោកខាងលិច ដោយនៅបន្តធ្វើការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នរៀបចំការបោះឆ្នោត។ ក្នុងន័យនេះ ប្រទេសជប៉ុន បានមើលឃើញនូវជម្រើសសម្រាប់កម្ពុជាទាំងមូល ហើយបានយកជម្រើសនេះការពារប្រជាធិបតេយ្យសេរី ពហុបក្ស។ នៅជុំវិញកម្ពុជា មានថៃ វៀតណាម និងឡាវដែល នៅក្នុងម៉ោងនេះ មិនបានអនុវត្តប្រជាធិបតេយ្យសេរីពហុបក្សដូចកម្ពុជានៅឡើយ។ សម្រាប់ថៃ ម៉ោងនេះ ការបោះឆ្នោតត្រូវបាន ព្យួរ ហើយប្រជាជនថៃចង់បានណាស់ការបោះឆ្នោត។

 

ដោយឡែក នៅកម្ពុជា ការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងពិតប្រាកដ ដែលជាអំណរសាទររបស់ប្រជាជនខ្មែរទូទាំងប្រទេសប៉ុន្តែ បែរជាក្រុមប្រឆាំងមានបំណងបំផ្លាញចោលការបោះឆ្នោតទៅវិញ។ ជារឿងដែលគួរឱ្យអស់សំណើច បំផុតដែលនៅពេលចុងក្រោយនេះ ការអំពាវនាវកុំឱ្យប្រជាជនខ្មែរទៅបោះឆ្នោត ដែលជាអំពើខុស បែរជាត្រូវបានស្វាគមន៍ដោយមនុស្សលោកខាងលិច ដែលតាំងខ្លួនជាអ្នក ប្រជាធិបតេយ្យ ហើយរិះគន់ទៅលើសារដែលអំពាវនាវឱ្យប្រជាជនខ្មែរទៅបោះឆ្នោត ដែលជាការប្រើសិទ្ធិអំណាច របស់ខ្លួនតាមបែបប្រជាធិបតេយ្យសេរី។ ប្រជាពលរដ្ឋខ្មែរ សូមថ្លែងអំណរគុណដល់ប្រទេសជប៉ុន និងប្រទេសចិន ព្រមទាំងបណ្តាប្រទេសជាមិត្តជាច្រើនទៀត ដែលបានគាំទ្រកម្ពុជា និងប្រជាជនខ្មែរ នៅលើផ្លូវសន្តិភាព ស្ថិរភាព និងប្រជាធិបតេយ្យសេរី ពហុបក្សរបស់កម្ពុជា។ ទណ្ឌិតសម រង្ស៊ី និងក្រុមអ្នកនយោបាយរត់ចោលស្រុកផ្សេងទៀតហារ មាត់ឡើងស្រឡាញ់ប្រជាធិបតេយ្យ ប៉ុន្តែអំពាវនាវពលរដ្ឋកុំទៅបោះឆ្នោត។ នេះឬជាអ្នកស្រឡាញ់ប្រជាធិបតេយ្យនោះ? ពិតជាមិនមែនឡើយ! ពួកគេគ្រាន់តែជាក្រុមអ្នកវង្វេងប្រជាធិបតេយ្យតែប៉ុណ្ណោះ៕

 

ដោយ ចៅ ចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៨

អត្ថបទទាក់ទង