ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តតាកែវ៖ អាជ្ញាធរបានរៀបចំក្រុមការងាររួចស្រេចដើម្បីត្រៀមចាំជួយបងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀង គ្រប់វិនាទី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 76
អភិបាលខេត្តតាកែវ៖ អាជ្ញាធរបានរៀបចំក្រុមការងាររួចស្រេចដើម្បីត្រៀមចាំជួយបងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀង គ្រប់វិនាទី អភិបាលខេត្តតាកែវ៖ អាជ្ញាធរបានរៀបចំក្រុមការងាររួចស្រេចដើម្បីត្រៀមចាំជួយបងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀង គ្រប់វិនាទី

តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះត្រួត ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្ពានស្វាយព្រៃ ស្ពានដើមក្រឡាញ់ តាមបណ្ដោយផ្លូវជាតិលេខ២ និងត្រួតពិនិត្យការកាយផ្លូវលំដើម្បីរំដោះទឹក នៅខ្នងទំនប់ទឹកដើមក្រឡាញ់ ស្ថិតនៅឃុំសឹង្ហ របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ដើម្បីធ្វើការរំដោះទឹកជួយសង្រ្គោះលំនៅឋាន ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

នាឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទឹកស្ទឹងស្លាគូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលអាងស្តុកទឹកខ្ពបត្របែក ត្រូវបានបើកបង្ហូរចុះមកក្រោម ដើម្បីរំដោះការជន់លិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅខាងលើ ហើយការរំដោះទឹកចេញពីអាងស្តុកទឹកខ្ពបត្របែកនេះ បានធ្វើអោយមានការជន់លិចមកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងស្លាគូរមួយចំនួនផងដែរ ទន្ទឹមនឹងនោះអាជ្ញាធរបានរៀបចំក្រុមការងាររួចស្រេចដើម្បីត្រៀមចាំជួយបងប្អូនរងគ្រោះដោយជំនន់ភ្លៀង គ្រប់វិនាទីក្នុងករណីទឹកជំនន់មានស្ថានភាពធ្ងន់ធ្ងរ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ក្រុមគ្រួសារដែលមានកូនតូចៗ ចាស់ជរា សត្វចិញ្ចឹម ត្រូវតែរកទីទួលសុវត្តិភាព ដែលក្រុមអាជ្ញាធរបានរៀបចំ ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ ឬបាត់បង់នូវទ្រព្យសម្បត្តិ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងជម្ងឺឆ្លង។ ក្នុងគ្រានោះដែរ ក្រុមមន្ត្រីជំនាញរបស់យើង រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក បាននិងកំពុងដុតដៃដុតជើង ក្នុងការកាយទំនប់មួយចំនួន ដើម្បីរំដោះទឹកទាំងនោះចេញអោយបានឆាប់រហ័ស បញ្ចៀសការលិចលង់ធ្ងន់ធ្ងរ។

លោក ណុប នី ប្រធានមន្ទីរសាធារណការខេត្ត បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ២នេះ គឺមានការថមថយបន្តិចហើយ ពោលគឺមិនមានការលិច ហូរកាត់ ឬក៏ទឹកប្រៀបចិញ្ចើមផ្លូវនោះទេ ដោយសារតែក្រុមមន្រ្តីជំនាញរបស់មន្ទីរសាធារណៈការ បានកាយទំនប់ទឹកមួយចំនួន ព្រមទាំងកាយកាកសំណល់មួយចំនួនដើម្បីបើកទឹកឲ្យហូរចេញពីតំបន់ជន់លិចកាន់តែលឿន។ ប៉ុន្តែផ្លូវជាតិលេខ២នេះ យើងហាមតែរថយន្តធំៗប៉ុណ្ណោះ មិនឲ្យបើកឆ្លងកាត់ ព្រោះទឹកទើបតែស្រកបន្តិច អាចនៅជ្រាយដីនៅខាងក្នុង ដូច្នោះទើបយើងផ្អាករថយន្តធំៗបើកឆ្លងកាត់ ជាបណ្តោះអាសន្នសិន៕

អត្ថបទទាក់ទង