៦ ចំនុច ដែលអ្នកគួរប្រុងប្រយ័ត្នខ្ពស់ពេលចាក់សាំង
ពេលចូលទៅចាក់សាំងតាមស្ថានីយ៍ អ្នកបើកបរមួយចំនួនមើលស្រាលស្ថានភាពគ្រោះថ្នាក់ ដោយមានករណីច្រើនបានកើតឡើងដោយសារការធ្វេសប្រហែស។
យានយន្តសព្វថ្ងៃនេះ ភាគច្រើនប្រើប្រាស់ប្រេងសាំងជាឥន្ធនៈ ហើយស្ថានីយ៍ប្រេងឥន្ធនៈមានគ្រប់ទីកន្លែងតាមដងផ្លូវជាតិ និងទីប្រជុំជន។ ប្រេងសាំងជាអង្គធាតុងាយឆាបឆេះ អាចបង្កជាអគ្គីភ័យ ដែលអាចឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។ ដូចនេះពេលចូលទៅចាក់សាំងតាមស្ថានីយ៍ប្រងឥន្ធនៈជារឿងមួយ ដែលត្រូវប្រុងប្រយ័ត្នខ្ពស់។
១. ពន្លត់ម៉ាស៊ីនយានយន្ត
ការបញ្ឆេះម៉ាស៊ីនចោលពេលកំពុងចាក់សាំង ជារឿងគ្រោះថ្នាក់ដែលម្ចាស់យានយន្តភាគច្រើនមិនបានប្រុងប្រយ័ត្ន។ ជាការពិតណាស់ ពេលម៉ាស៊ីនដំណើរការប្រព័ន្ធភ្លើងក្នុងរថយន្តក៏ដំណើរការដូចគ្នា ដូចជារន្ធដោតបារី ១២ វ៉ុលជាដើម។ លើសពីនេះទៅទៀត ក្បាលប៊ូស៊ី និងចំហេះក្នុងម៉ាស៊ីនមានថាមពលគ្រប់គ្រាន់ អាចបង្កើតជាចំហេះបាននៅពេលដែលសាំងចាប់ផ្ដើមហួតចេញ ពីក្បាលបាញ់ពេលកំពុងចាក់។ ដូច្នេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ពេលដែលចាក់សាំងមិនពន្លត់ម៉ាស៊ីនយានយន្ត។ នៅតាមស្ថានីយ៍ប្រេងឥន្ធនៈតែងតែមានរូប និងបំរាមឲ្យពន្លត់ម៉ាស៊ីនផងដែរ។
២. កុំប្រើប្រាស់ទូរសព្ទដៃ
មានហេតុផល ២ ពីក្រោយការហាមប្រើប្រាស់ទូរសព្ទដៃ។ ហេតុផលទីមួយ គឺរលកសញ្ញាចេញពីទូរសព្ទដៃ និងថ្មនៅខាងក្នុងអាចបង្កជាចំហេះបាន បើសិនជាវាប៉ះជាមួយរំហួតរបស់សាំង តែនេះជាហេតុផលតូចមួយប៉ុណ្ណោះ។ ហេតុផលទី ២ ដែលសំខាន់បំផុតនោះគឺ ការប្រើប្រាស់ទូរសព្ទដៃ ជាការរំខានអាចឲ្យអ្នកបើកបរភ្លេចមើលនូវអ្វីៗជុំវិញខ្លួន ដូចជាការលេចហៀរពេលចាក់ប្រេងលើចំណុះជាដើម។ ដូចនេះ អ្នកបើកបរគ្រប់រូបត្រូវប្រុងប្រយ័ត្នជានិច្ចពេលចូលចាក់សាំង ព្រោះវាងាយឆាបឆេះខ្លាំងណាស់។
៣. កុំចេញចូលក្នុងរថយន្តពេលចាក់សាំង
នៅអាមេរិក អ្នកអាចចាក់សាំងដោយខ្លួនឯងមិនបាច់មានអ្នកចាក់ឲ្យទេ។ តែនៅក្នុងស្រុកយើងវិញ មានបុគ្គលិកតាមស្ថានីយ៍ចាំចាក់ឲ្យជានិច្ច។ រឿងមួយដែលល្អបំផុត ពេលអ្នកចូលទៅចាក់សាំងគឺអង្គុយក្នុងរថយន្តព្រោះថា ការចេញពីរថយន្តហើយចូលវិញ អាចបង្កើតជាចរន្ត (Static Electricity) ដែលកើតចេញពីការកកិតរាងកាយរបស់យើង និងកៅអីពូករថយន្តដែលអាចបង្កើតជាផ្កាភ្លើង ហើយឆាបឆេះរំហួតរបស់សាំងបាន។ អុីចឹងហើយ បើសិនជាចង់ចេញពីរថយន្ត គួរតែចាក់សាំងឲ្យចប់ បិទគម្រប ឲ្យបានត្រឹមត្រូវសិន ហើយបើកចេញពីកន្លែងដៃសាំង សឹមចេញពីរថយន្ត។
៤. ហាមដាច់ខាត រឿងជក់បារី
នេះមិនមែនជារឿងលេងសើចឡើយ តាមស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់តែងតែមានបិទសញ្ញានេះជាបម្រាម។ សាំងជាអង្គធាតុដែលងាយឆាបឆេះបំផុត អុីចឹងហើយសូម្បីតែកន្ទុយបារី ឬមានរងើកតែបន្តិច វាអាចបង្កជាសោកនាដកម្មបាន។ ដូច្នេះ អ្នកបើកបរគ្រប់រូបមិនត្រូវជក់បារីដាច់ខាត នៅក្នុងបរិវេណស្ថានីយ៍ប្រេងឥន្ធនៈ ជាពិសេសគឺពេលកំពុងចាក់សាំងតែម្ដង។
៥. មិនត្រូវចាក់សាំងទាល់តែហៀរនោះឡើយ
ការចាក់សាំងមួយពេញៗ មានប្រយោជន៍ច្រើនដល់អ្នកបើកបរព្រោះនឹងមិនខាតពេលចេញចូលស្ថានីយ៍ប្រេងឥន្ធនៈញឹកញាប់។ ប៉ុន្តែ អ្នកបើកបរគ្រប់រូបត្រូវមើលឲ្យបានល្អ ពេលដែលសាំងហៀបនឹងជិតពេញ ការពារកុំឲ្យវាហៀរចេញមកក្រៅ។ ជាធម្មតាក្បាលចាក់សាំងនឹងបញ្ឈប់ ពេលដែលមាត់វាប៉ះនឹងកម្ពស់សាំងដែលកើនឡើងមក តែពេលខ្លះវាក៏អាចមានបញ្ហាម្ដងម្កាលដែរ។ ការហៀរសាំងចេញមកក្រៅវាអាចបង្កជាអគ្គិភ័យបាន ហើយវាក៏ធ្វើឲ្យទឹកថ្នាំរថយន្តដែលវាហូរកាត់នោះឆាប់ខូចគុណភាពដែរ។
៦. មិនត្រូវឲ្យកុមារតូចៗចេញពីរថយន្តឡើយ
អ្នកបើកបរជាឪពុកម្ដាយ ឬអាណាព្យាបាលតែងតែដឹងស្រាប់ កុមារតូចៗភាគច្រើនរពឹស ពិបាកគ្រប់គ្រង។ ដូចនេះ បើសិនជាពេលចូលចាក់សាំង បណ្ដោយឲ្យពួកគេចេញពីរថយន្ត មិនបានមើលត្រឹមត្រូវនោះ ពួកគេអាចទៅទាញទុយោសាំងលេង ហើយអាចបង្កគ្រោះថ្នាក់បានដោយសារ សាំងមិនត្រឹមតែឆាបឆេះលឿននោះទេ តែវាក៏ជាសារធាតុពុល ប្រសិនបើក្មេងៗច្រឡំផឹក ឬលិតវានោះ។ ប្រការល្អ គួរក្មេងដោយផ្ទាល់ដៃ បើចង់ចេញពីរថយន្ត ហើយបើសិនជានៅក្នុងរថយន្តរង់ចាំចាក់សាំងនោះ កុំភ្លេចចាក់សោរទ្វាររថយន្តផង។