ខ្មែរប៉ុស្ដិ៍ Close

សកម្មភាពគាំទ្រនិងទង្វើរបស់ រ៉ុង ឈុន ត្រូវតែស្ថិតនៅក្រោមបន្ទាត់នៃច្បាប់!

ដោយ៖សូ សែនឬទ្ធា | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ទស្សនៈ - នយោបាយ 119
សកម្មភាពគាំទ្រនិងទង្វើរបស់ រ៉ុង ឈុន ត្រូវតែស្ថិតនៅក្រោមបន្ទាត់នៃច្បាប់! សកម្មភាពគាំទ្រនិងទង្វើរបស់ រ៉ុង ឈុន ត្រូវតែស្ថិតនៅក្រោមបន្ទាត់នៃច្បាប់!

ថ្មីៗនេះ ខណៈពេលដែលតុលាការកំពូលបើកសវនាការលើសំណុំរឿងបំពានច្បាប់របស់ រ៉ុង ឈុន ទីប្រឹក្សាគណបក្សនយោបាយប្រឆាំងមួយពីបទមិនរាងចាល ហើយ រ៉ុង ឈុន ក៏នឹងត្រូវប្រឈមមុខច្បាប់ដោយសាលក្រមតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ និងពិន័យជាប្រាក់ផងនោះ គេបានឃើញសកម្មជនប្រឆាំងមួយចំនួនបានធ្វើសកម្មភាពប្រមូលផ្តុំគ្នា ស្រែកតវ៉ា យ៉ាងអានាធិបតេយ្យ លាយឡំជាមួយនឹងការរិះគន់ ចោទប្រកាន់លើកងកម្លាំងសមត្ថកិច្ចដែលបានរាយកម្លាំងការពារសណ្តាប់ធ្នាប់សាធារណៈនៅទីនោះទៀតផង។

ក្រុមអ្នកតវ៉ា ដែលងប់ងុលនឹងបុគ្គល រ៉ុង ឈុន បានប្រើពាក្យសម្តីអសុរោះ និងមួលបង្កាច់ក្នុងចរិតជាការដាក់ការគាបសង្កត់លើតុលាការនិងទាមទារឱ្យទម្លាក់បទចោទលើ រ៉ុង ឈុន និងសកម្មជន និងអ្នកនយោបាយមួយចំនួន។ សំណុំរឿងលោក រ៉ុង ឈុន គឺជាបញ្ហាបំពានច្បាប់របស់អ្នកនយោបាយ ដែលគេមើលឃើញថា មិនមែនជារឿងនយោបាយដែលត្រូវបានបន្ធូរបន្ថយតាមរយៈការដាក់សម្ពាធពីក្រុមណាមួយឡើយ។ ម៉្យាងទៀត បើនិយាយអំពីការបំបិទសិទ្ធិនយោបាយទៅលើអ្នករិះគន់ ក៏ជាការខុសឆ្គងផងដែរ។ គ្រប់គ្នា គួរតែយល់ច្បាស់ថា សេរីភាពនៃការបញ្ចេញមតិត្រូវដើរស្របគ្នានឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏មិនស្ថិតក្រោមបបូរមាត់របស់អ្នកនយោបាយប្រឆាំងមួលបង្កាច់នោះដែរ។

យោងតាមស្ថានភាពជាក់ស្តែង ដំណើរការនីតិវិធីតុលាការកំពូលនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ ជុំវិញសំណុំរឿងរបស់លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ គឺជាសវនាការប្រកបដោយតម្លាភាព និងគតិយុត្តិស្របតាមការដាក់បណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទដែលជាលក្ខខណ្ឌច្បាប់ត្រូវផ្តល់ឱ្យចំពោះពលរដ្ឋគ្រប់ៗរូប។ សវនាការនេះត្រូវបានធ្វើឡើងជាសាធារណ: ដើម្បីពិនិត្យឡើងវិញលើបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលជាបណ្តឹងសារទុក្ខចុងក្រោយរបស់ជនជាប់ចោទលោក រ៉ុង ឈុន។ សាលដីកាស្ថាពររបស់តុលាការកំពូលគ្រោងនឹងប្រកាសនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ នឹងកំណត់ជោគវាសនាតាមផ្លូវច្បាប់របស់ជនជាប់ចោទថានឹងទៅជាយ៉ាងណាដោយត្រូវទទួលយកដោយឥតលក្ខខណ្ឌនិងត្រូវបិទផ្លូវតវ៉ាទាំងស្រុង។

អង្គហេតុដែលនាំឱ្យមានការចោទប្រកាន់ជាថ្មីលើ លោក រ៉ុង ឈុន គឺកើតចេញពីបុគ្គលរូបនេះបានធ្វើការផ្ញើសារញុះញង់អុជអាលក្នុងសង្គមនិងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាជ្ញាធរមានសមត្ថកិច្ចបានពិនិត្យនិងរកឃើញថា ជាសារញុះញង់ខុសពីការពិតនិងមានលក្ខណ:ប៉ះពាល់ដល់សន្តិសុខជាតិនិងអស្ថិរភាពសង្គម។ សារទាំងនោះមានពាក់ព័ន្ធនឹងបញ្ហាពីរដ៏រសើបនៅក្នុងសង្គមកម្ពុជា គឺបញ្ហានៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម។ បើតាមទស្សនៈផ្លូវច្បាប់ ការបំផុសព័ត៌មានមិនពិតលើប្រធានបទទាំងនេះគឺប្រាកដណាស់ថានឹងត្រូវបានចាត់ចូលជាចេតនាបង្កឱ្យមានការយល់ច្រឡំជាសាធារណៈដែលអាចឈានទៅរកការបង្កើតចលាចលនិងអស្ថិរភាពក្នុងសង្គមជាតិទាំងមូលយ៉ាងពិតប្រាកដ។

សំណុំរឿង រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល។ ទណ្ឌកម្មនេះបានឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ចំពោះជនជាប់ចោទ រ៉ុង ឈុន ដែលតុលាការវិនិច្ឆ័យផ្អែកលើអង្គហេតុ អង្គច្បាប់ក្រោយពិនិត្យឃើញថា បុគ្គល រ៉ុង ឈុន បានដើរហួសព្រំដែនសេរីភាពនៃការបញ្ចេញមតិ និងបានឈានចូលដល់បទល្មើសព្រហ្មទណ្ឌ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ក្រោយការចោទប្រកាន់ ជនជាប់ចោទ រ៉ុង ឈុន ក៏នៅតែមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការប្តឹងឧទ្ធរណ៍ផងដែរ។ បន្ទាប់ពីមានការប្តឹងឧទ្ធរណ៍ កាលពីខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងទុកជាបានការដដែល។ ប៉ុន្តែដោយភាពអស្មិមានះ លោក រ៉ុង ឈុន បានបន្តរិះគន់ការសម្រេចរបស់តុលាការ និងធ្វើសកម្មភាពបញ្ចេញសារនយោបាយកាន់តែខ្លាំងឡើងៗនៅលើគ្រប់វេទិកាជួបជុំសកម្មជនបក្សប្រឆាំងនៅគ្រប់ទីកន្លែង។ ដោយសារតែភាពមានះរឹងរុះ និងការប្រព្រឹត្តមិនរាងចាលរបស់ជនជាប់ចោទនិងផ្អែកលើគន្លឹះផ្នែកគតិយុត្តិ តុលាការឧទ្ធរណ៍ក៏បានសម្រេចដកសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍របស់ លោក រ៉ុង ឈុន លើទោសពន្ធនាគារបន្ថែមទៀតដោយផ្អែកតាមបញ្ញត្តិមាត្រា៤៩៨នៃក្រមព្រហ្មទណ្ឌ។
បើពីនិត្យលើសាវតា ជនជាប់ចោទ រ៉ុង ឈុន មិនមែនជាបុគ្គលដែលប្រឈមមុខនឹងប្រព័ន្ធតុលាការជាលើកដំបូងនោះទេ។ រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៥ខែ ម្តងរួចមកហើយកាលពីខែសីហា ឆ្នាំ២០២១ ក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដូចគ្នានេះផងដែរ ប៉ុន្តែ បុគ្គលនេះ ហាក់ដូចជាបានសម្រេចចិត្តជ្រើសយកវិធីវាយប្រហាររដ្ឋាភិបាល ធ្វើជាចំណុចខ្លាំងរបស់ខ្លួនក្នុងការកេងចំណេញនយោបាយ ទើបលោកតែងតែប្រព្រឹត្តកំហុសដដែលៗបែបនេះ។ ផ្អែកលើទិដ្ឋភាពទោសកំហុសបែបនេះ តុលាការបានគូសបញ្ជាក់យ៉ាងច្បាស់អំពីធាតុផ្សំនៃបទល្មើស «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» យោងតាមមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ។ តាមទ្រឹស្តីច្បាប់ ភាពមិនរាងចាលនេះបង្ហាញថា វិធានការអប់រំនិងទណ្ឌកម្មកន្លងមកមិនមានប្រសិទ្ធភាពក្នុងការកែប្រែគំនិតរបស់សាមីខ្លួននោះឡើយ ដែលទាមទារឱ្យមានការឆ្លើយតបផ្នែកច្បាប់កាន់តែធ្ងន់ធ្ងរជាងមុន។

បើយោងតាមក្រមនិតិវិធីព្រហ្មទណ្ឌ នៅក្នុងចំណុចបច្ចេកទេសច្បាប់ បទញុះញង់តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ជាទូទៅមានទោសអតិបរមាចំនួន២ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែការដែល លោក រ៉ុង ឈុន ត្រូវប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់៤ឆ្នាំ គឺដោយសារតែការអនុវត្តយន្តការគតិយុត្តិទ្វេដងនៃទោស។ តក្កវិជ្ជានៃការទ្វេដងទោសនេះ គឺដើម្បីបង្កើតជាការរារាំងដល់បុគ្គលទាំងឡាយណាដែលយល់ច្រឡំថា ខ្លួនអាចបង់ប្រាក់ពិន័យឬជាប់គុកក្នុងរយៈពេលខ្លី រួចចេញមកបន្តធ្វើសកម្មភាពល្មើសច្បាប់ដដែលៗបាន។ ដូច្នេះ ច្បាប់ព្រហ្មទណ្ឌចាត់ទុកការប្រព្រឹត្តខុសដដែលៗក្នុងអំឡុងរយ:ពេល៥ឆ្នាំ ថាជាការផ្គើនដោយចេតនាទៅលើអំណាចតុលាការនិងសណ្តាប់ធ្នាប់សង្គមដូច្នេះទោសកម្រិតអតិបរមាត្រូវតែដំឡើងជាស្វ័យប្រវត្តិ។

ទោះបីជាសាលក្រមសាលាឧទ្ធរណ៍បានចេញនិងហាមមិនឱ្យលោក រ៉ុង ឈុន ចូលរួមសកម្មភាពនយោបាយ និងធ្លាប់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយទោសដែលនៅសល់ត្រូវបានព្យួរក៏ដោយ លោក រ៉ុង ឈុន មិនបានបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ ដោយបានបន្តចូលរួមក្នុងសកម្មភាពនយោបាយយ៉ាងសកម្ម ដើរតួជាអតីតអនុប្រធានគណបក្សភ្លើងទៀន និងក្រោយមកជាទីប្រឹក្សាគណបក្សកម្លាំងជាតិដោយងងើលថែមទៀត។ តាមរយ:ទង្វើផ្គើននឹងច្បាប់បែបនេះ អាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នតុលាការមានតែបង្ខំចិត្តអនុវត្តច្បាប់ជាថ្មីចំពោះជនជាប់ចោទ ពីព្រោះថាការដែលបុគ្គលម្នាក់ទទួលបានឱកាសកែប្រែខ្លួនតាមរយៈការព្យួរទោសហើយ ប៉ុន្តែនៅតែបន្តបំផុសចលនាកៀគរប្រជាជន និងបង្កើតឱ្យមានភាពអាណាធិបតេយ្យ គឺជាហានិភ័យនៃទំនុកចិត្តដែលច្បាប់បានផ្តល់ឱ្យ។ ហេតុនេះ ទើបតុលាការយល់ឃើញថា គ្មានជម្រើសអ្វីក្រៅពីការរឹតបន្តឹងការអនុវត្តច្បាប់ឱ្យដល់កម្រិតកំពូលដើម្បីការពារផលប្រយោជន៍រួមរបស់សង្គមជាតិឡើយ។

ជារួម ករណីរបស់ លោក រ៉ុង ឈុន គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃជនជាប់ចោទដែលមិនរាងចាល។ តាមទិដ្ឋភាពច្បាប់ ការអនុវត្តមាត្រា៨៨ រួមជាមួយមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ បង្ហាញថា ប្រព័ន្ធតុលាការកម្ពុជាផ្តល់តម្លៃខ្ពស់ទៅលើគោលការណ៍មិនរាងចាល និងសន្តិសុខសង្គម ដោយសារតែការរំលោភច្បាប់ដដែលៗមិនអាចចាត់ទុកជាការបញ្ចេញមតិដោយសន្តិវិធីទៀតឡើយ។

សាលដីកាខាងមុខរបស់តុលាការកំពូលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ មិនត្រឹមតែជាការបិទបញ្ចប់សំណុំរឿងបុគ្គលម្នាក់នោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃការបញ្ជូនសារដ៏ម៉ឺងម៉ាត់មួយថា ដែនកំណត់នៃសេរីភាពនៃការបញ្ចេញមតិ ត្រូវតែដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវចំពោះមុខច្បាប់។ សូមបញ្ជាក់ថា សាលដីការបស់តុលាការកំពូលនៅថ្ងៃខាងមុខនេះគឺជាឆន្ទានុសិទ្ធិសម្រេចក្តីរបស់តុលាការដោយបិទផ្លូវតវ៉ាជាស្ថារពរ៕

ដោយ៖ ឌី វីរ:

អត្ថបទទាក់ទង