ពេលថៃរើសផ្លូវគេចវេស ដើម្បីចិញ្ចឹមមហិច្ឆតាកេងចំណេញផលប្រយោជន៍ កម្ពុជារើសផ្លូវច្បាប់អន្តរជាតិ UNCLOS!
ការលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MOU 2001) ដោយភាគីថៃ មិនមែនជាសកម្មភាពធម្មតា និងមិនអាចបកស្រាយថាជា “ការខ្វះវឌ្ឍនភាព” បានឡើយ។ វាជាសកម្មភាពនយោបាយដែលបង្ហាញច្បាស់ថា ភាគីមួយកំពុងរើសផ្លូវគេចវេសចេញពីតម្លាភាព និងយុត្តិធម៌ នៃដំណោះស្រាយបញ្ហាព្រំដែនទឹក ត្រួតគ្នាដោយចេតនា និងបង្កើននូវការបំភាន់មតិសាធារណៈអំពីមូលហេតុពិតប្រាកដ។
សំណួរដែលថៃត្រូវឆ្លើយមិនមែនថា “ហេតុអ្វីបានជាមិនមានវឌ្ឍនភាព” ទេ ប៉ុន្តែ តើនរណាជាអ្នកបង្កឲ្យវាមិនមានវឌ្ឍនភាព? ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០០៦ ដែលបានទម្លាក់លោក Thaksin Shinawatra ប្រទេសថៃបានជួបវិបត្តិនយោបាយជាបន្តបន្ទាប់ និងផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាច្រើនរូប។ ការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ថៃមិនឈប់ឈរនេះបានបំផ្លាញអំពីស្ថិរភាពនៃគោលនយោបាយ និងបានបំផ្លាញទិសដៅចរចារួចជាស្រេចទៅហើយ។ នេះហើយជាមូលហេតុដ៏ច្បាស់បំផុតនៃ “ការគ្មានវឌ្ឍនភាព” ដែលថៃចង់និយាយ មិនមែនកម្ពុជាជាអ្នកធ្វើឲ្យគ្មានវឌ្ឍនភាពទេ។
ផ្ទុយទៅវិញ កម្ពុជា បានបង្ហាញភាពមានស្ថិរភាពដែលថៃមិនអាចធ្វើបាន។ ក្រោមការដឹកនាំបន្តពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គោលជំហររបស់កម្ពុជា មិនបានបម្លែង មិនបានបំភាន់ និងមិនបានបោះបង់ចោលទេ។ កម្ពុជាមិនលេងល្បែងនយោបាយដោះដូរជាមួយអធិបតេយ្យភាពជាតិឡើយ។ ខុសពីប្រទេសថៃ បានយកបញ្ហាឈ្លានពានបូរណភាពទឹកដីជាមួយប្រទេសជិតខាង ជាប្រធានបទក្នុងមហិច្ឆតាការពារអំណាច ដូចការពិតបានស្តែងឡើងនាពេលចុងក្រោយនេះ ។
ប៉ុន្តែចំណុចសំខាន់ជាងនេះគឺ៖ ហេតុអ្វីបានជាថៃត្រូវលុប MOU 2001 ទាំងស្រុងដោយឯកតោភាគី បើពិតជាចង់បន្តការចរចាមែន? ចម្លើយគឺសាមញ្ញទេ ព្រោះយន្តការនោះអាចនាំទៅកាន់ដំណោះស្រាយមួយដែលថៃមិនអាចគ្រប់គ្រងលទ្ធផលបាននាពេលខាងមុខ។ ការលុបនេះវា គឺជាវិធីបំបែកដំណើរការច្បាប់ ហើយ“ទិញពេល” ដែលថៃមានចេតនាចង់អូសបន្លាយពេលវេលាឲ្យបានយូរតាមចិត្តចង់ ដើម្បីកេងចំនេញនយោបាយនិងសម្រាប់ទាក់ទាញប្រជាប្រិយភាពក្នុងស្រុករបស់ខ្លួន។
ការបន្តអះអាងឲ្យកម្ពុជាបង្កើតយន្តការទ្វេភាគីថ្មី ក្រោយពេលដែលខ្លួនឯងបានបំផ្លាញយន្តការចាស់រួចទៅហើយនោះ គឺជាការចាប់បង្ខំឲ្យត្រឡប់ទៅចំណុចសូន្យឡើងវិញ ដែលនេះជាការលេងល្បែងជាមួយពេលវេលា មិនមែនជាការចង់ស្វែងរកដំណោះស្រាយពិតប្រាកដឡើយ។ រដ្ឋាភិបាលអាណត្តិថ្មីរបស់ថៃ មិនគួរចាត់ទុកអនុស្សរណៈពាក់ព័ន្ធនឹងបញ្ហាព្រំដែនទឹក ដូចជាល្បែងក្មេងលេង ចង់លុប ឬបំផ្លាញចោលស្រេចតែអំពើចិត្តនោះទេ ពីព្រោះវាផ្សាភ្ជាប់ទៅនឹងមុខមាត់ តម្លៃ កិត្តិយសរបស់ថៃលើឆាកអន្តរជាតិ នេះ មិនគិតដល់សុចរិតភាពក្នុងការស្វែងរកដំណោះស្រាយដោយតម្លាភាពជាមួយប្រទេសជិតខាងផង ។
ចំពោះការចោទប្រកាន់ថា កម្ពុជាធ្វើ “អន្តរជាតូបនីយកម្ម” លើបញ្ហានោះគឺជាការបំភាន់ភ្នែកដ៏ធំបំផុតមួយ។ កម្ពុជាមិនបានរត់គេចទេ តែកម្ពុជាកំពុងដើរចូលទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ដូចជា United Nations Convention on the Law of the Sea (UNCLOS) ដែលមានស្តង់ដារត្រួតពិនិត្យច្បាស់លាស់ និងអាចផ្តល់យុត្តិធម៌ដោយភាគីទី៣បាន។ សំណួរគួរត្រូវសួរត្រឡប់ទៅថៃវិញថា៖ បើជឿជាក់លើសមត្ថភាពខ្លួនឯងពិតប្រាកដមែន ហេតុអ្វីបានជាភ័យខ្លាចយន្តការអន្តរជាតិ?
នៅនាទីចុងក្រោយនេះ ភាពពិតមួយមិនអាចលាក់បាំងបានអ្នកដែលបំផ្លាញយន្តការចាស់ បដិសេធយន្តការថ្មីដែលមានស្តង់ដារ និងព្យាយាមបង្កើតលក្ខខណ្ឌដោយខ្លួនឯង គឺមិនមែនជាអ្នកស្វែងរកដំណោះស្រាយដោយសុចរិត ទៀងត្រង់នោះទេ គឺជាអ្នកគេចវេសពីយុត្តិធម៌។
ក្នុងពេលដែលកម្ពុជា កំពុងឈរលើច្បាប់អន្តរជាតិ ថៃត្រូវជ្រើសរើសឲ្យច្បាស់ថា ត្រូវដើរចូលទៅក្នុងប្រព័ន្ធយុត្តិធម៌ ឬបន្តលេងល្បែងនយោបាយដែលពិភពលោកកាន់តែឃើញច្បាស់ពីចរិតពិត នៃអំពើពុតត្បុតរបស់ខ្លួន?
និយាយជារួមមក ការលុបចោល MOU 2001 ដោយឯកតោភាគីរបស់ថៃ មិនអាចបកស្រាយថាជាការខ្វះវឌ្ឍនភាពទេ ប៉ុន្តែជាសកម្មភាពដែលបង្ហាញពីការបំផ្លាញយន្តការដែលមានស្រាប់ និងការគេចវេសពីដំណោះស្រាយដែលមានស្តង់ដារ។ ពេលដែលយន្តការទ្វេភាគីត្រូវបានបោះបង់ចោលដោយភាគីខ្លួនឯង ការទាមទារឲ្យបង្កើតយន្តការថ្មីវិញក៏គ្មានប្រយោជន៏ដែរគឺ វាគ្រាន់តែជាការអូសបន្លាយពេលវេលា និងបង្កើតភាពមិនច្បាស់លាស់បន្ថែមទៀតប៉ុណ្ណោះ។
ផ្ទុយទៅវិញ ការជ្រើសរើសរបស់កម្ពុជា ក្នុងការទៅរកយន្តការច្បាប់អន្តរជាតិ ដូចជា UNCLOS នេះ មិនមែនជាការរត់គេចទេ ប៉ុន្តែជាជំហានមុតស្រួចរបស់កម្ពុជាដើម្បីធានាថា ដំណោះស្រាយណាមួយនោះ នឹងមានមូលដ្ឋានលើច្បាប់ ភាពអព្យាក្រឹត និងយុត្តិធម៌ពិតប្រាកដ។
ចុងក្រោយនេះ បញ្ហាមិនស្ថិតនៅលើយន្តការទេ ប៉ុន្តែស្ថិតនៅលើចិត្តស្មោះត្រង់ក្នុងការស្វែងរកដំណោះស្រាយ។ ប្រសិនបើមានចេតនាច្បាស់លាស់ក្នុងការដោះស្រាយវិវាទ មិនមានហេតុផលណាដែលត្រូវបដិសេធយន្តការអន្តរជាតិឡើយ។ ហេតុនេះហើយ ការចូលទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិរបស់កម្ពុជាគឺមិនដើម្បីឈ្នះភាគីណាមួយនោះទេ ប៉ុន្តែគឺដើម្បីឈ្នះដោយភាពត្រឹមត្រូវនិងយុត្តិធម៌តែប៉ុណ្ណោះ ៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ




