ធ្លាប់ទៅលេងអណ្ដូងស្នេហ៍ សមុទ្រស្មៅនៅមណ្ឌលគិរីទេ?
សមុទ្រស្មៅគឺជាតំបន់ទេសចរណ៍បៃតងដ៏ស្រស់បំព្រង ដែលមានការទាក់ទាញបំផុត សមុទ្រស្មៅនេះមានទីតាំងនៅតំបន់ខ្ពង់រាប នាភាគឦសានប្រទេសកម្ពុជា គឺនៅម្តុំចំការស្រល់ នៅតាមដងផ្លូវ មុននឹងទៅដល់ក្រុងសែនមនោរម្យ ដែលមានចម្ងាយប្រមាណជា ៤ ទៅ ៥ គីឡូម៉ែត្រ និងនៅតាមផ្លូវទៅច្រកដាក់ដាំ ដែលអ្នកស្រុកនៅទីនោះដាក់ឈ្មោះថាអណ្ដូងស្នេហ៍។
នៅសមុទ្រស្មៅនេះ ភ្ញៀវទេសចរចូលចិត្តទៅលំហែកាយ ស្រូបយកខ្យល់អាកាសពេលព្រឹក និងពេលល្ងាច ។ នៅពេលភ្ញៀវទេសចរបានទៅដល់តំបន់រមណីយដ្ឋានសមុទ្រស្មៅភ្លាម គឺគ្រប់ភ្ញៀវទេសចរទាំងអស់ប្រាកដជានឹងបានសប្បាយ ហើយឈ្លក់វង្វេងជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅទីនោះជាក់ជាមិនខាន ។
សមុទ្រស្មៅគឺជាឈ្មោះកន្លែងកម្សាន្តបែបធម្មជាតិមួយដែលអ្នកស្រុក និងភ្ញៀវទេសចរនិយមហៅ ព្រោះកន្លែងនោះអាចជួយលួងលោមបំបាត់នូវភាពនឿយហត់របស់ភ្ញៀវទេសចរយ៉ាងប្រាកដ។ ប្រសិនបើយើងក្រឡេកមើលទៅកាន់តែឆ្ងាយនោះ ឃើញថា វារឹតតែគួរឱ្យអស្ចារ្យណាស់សម្រាប់ជាចំណីចក្ខុរបស់ភ្ញៀវទេសចរ ដែលបានមកដល់វាលស្មៅដ៏ខៀវខ្ចីនាដើមរដូវវស្សានេះ ។
នៅតំបន់រមណីយដ្ឋានសមុទ្រស្មៅនេះ មានទេសភាពស្រស់បំព្រងគ្រប់រដូវកាល ។ សមុទ្រស្មៅវាបានប្តូរពណ៌ដើម្បីបំពេញចំណង់ចំណូលចិត្តភ្ញៀវទេសចរ គឺនៅរដូវវស្សា វាមានពណ៌បៃតងខ្ចី ហើយនៅរដូវប្រាំងវិញវាបានប្តូរទៅជាពណ៌មាសគួរឱ្យទាក់ទាញមួយបែបទៀត ៕