អាជ្ញាធរជាតិអប្សរា ចេញអំពាវនាវដល់អ្នកថតរូបភាព និងវីដេអូដែលមានលក្ខណៈខុសឆ្គង មិនសមរម្យ នៅក្នុងរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា ចេញអំពាវនាវដល់អ្នកថតរូបភាព និងវីដេអូដែលមានលក្ខណៈខុសឆ្គង មិនសមរម្យ នៅក្នុងរមណីយដ្ឋានអង្គរ
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីអំពាវនាវស្តីពីការថតរូបភាព និងវីដេអូផ្សព្វផ្សាយនានានៅក្នុងរមណីយដ្ឋានអង្គរ ព្រោះជាតំបន់អភិរក្សជាសម្បត្តិបេតិកភណ្ឌពិភពលោក អង្គរជាដួងព្រលឹង និងអត្តសញ្ញាណជាតិ ដែលត្រូវចូលរូមថែរក្សា និងផ្សព្វផ្សាយ បេតិកភណ្ឌ និងប្រពៃណីជាតិរុងរឿងប្រកបដោយក្តីគោរពស្រលាញ់ដល់បេតិកភណ្ឌ វប្បធម៌ និងប្រពៃណីជាតិ ទាំងសកម្មភាពទស្សនា ក៏ដូចជាសកម្មភាពថតរូបភាពអនុស្សាវរីយ៍ និងការថតវីដេអូសម្ដែង ក្នុងគោលដៅផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជាតិ។
យោងតាមលិខិតអំពាវនាវដដែល បានឱ្យដឹងបន្ថែមថា តាមរយៈសេចក្តីជូនដំណឹងលេខ ៥៧៩/២៤ រប.សជណ ស្តីពីការកែសម្រួលនូវលក្ខខណ្ឌ តម្រូវថ្មី ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬរូបភាពសន្លឹកនៅក្នុងរមណីយដ្ឋានអង្គរ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តបានល្អប្រសើរក្នុងស្មារតី អភិរក្ស និងលើកតម្លៃបេតិកភណ្ឌ និងវប្បធម៌ជាតិ។ ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានសម្គាល់ឃើញ នៅមានចំណុចខ្វះចន្លោះមួយចំនួនដូចជា ទង្វើខុសពីក្រុមប្រតិបត្តិអង្គរ ការថតសម្ដែង ការស្លៀកសម្លៀកបំពាក់ដែលខុសឆ្គងខ្លាំង នឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពដែលឆ្គាំឆ្គង និងមិនសមស្រប ការថតផ្សាយ ផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ និងការថតដែលអាចរំខានដល់ការទស្សនា របស់ភ្ញៀវជាតិ/អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កផលប៉ះពាល់ទៅដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ។
ជាមួយគ្នានោះផងដែរ អាជ្ញាធរជាតិអប្សរា ក៏បានសុំឱ្យមានការយោគយល់ចំពោះការបំពេញកាតព្វកិច្ចរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងចូលរួមសហការ ក្នុងគោលដៅរួមគ្នា ដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ ព្រមទាំងសូមអំពាវដល់ម្ចាស់គណនី ដែលបាន ផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងអស់ ដែលបានបង្កការយល់ច្រឡំដល់មតិសាធារណជន មេត្តាលុបចេញពីគណនីរបស់ខ្លួន ដើម្បីរក្សាបរិយាកាសសង្គមរបស់យើងប្រកបដោយសាមគ្គីភាពជាតិតែមួយ៕




