សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការ ប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដើម្បីធានាបាននូវសុខសន្តិភាពនិងស្ថិរភាពរវាងកម្ពុជា-ថៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការ ប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដើម្បីធានាបាននូវសុខសន្តិភាពនិងស្ថិរភាពរវាងកម្ពុជា-ថៃ
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យគណៈប្រតិភូសហរដ្ឋអាមេរិកដែលដឹកនាំដោយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិកឱ្យកាន់តែស៊ីជម្រៅនៅក្នុងវិស័យគន្លឹះជាពិសេស វិនិយោគ និងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ។
ឯកឧត្តមឧបការី ក៏បានពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីការតាមដានការអនុវត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាដោយសម្តេចធិបតី និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមធ្វើជាសាក្សីពី ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងឯកឧត្ដមនាយករដ្ឋមន្រ្តី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានោះ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមនេះដោយពិតប្រាកដនិងដោយស្មោះត្រង់ ក្នុងបំណងធ្វើយ៉ាងណាធានាបាននូវសុខសន្តិភាព និងស្ថិរភាពរវាងកម្ពុជា-ថៃនិងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសុខសន្តិភាពនិងការអភិវឌ្ឍនាពេលបច្ចុប្បន្ននិងអនាគត។
ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកអំពីការវាយតម្លៃខ្ពស់និងអរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលខិតខំស្វះស្វែងបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ជាមួយនឹងការពេញចិត្ត និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump, កម្ពុជា បានគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតីសម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕




